រឿងរ៉ាវនៃការបង្កើត Snapchat

662

Snapchat គឺជាកម្មវិធីផ្ញើសារពហុព័ត៌មាន, កំសាន្ត និងផ្សព្វផ្សាយដែលបង្កើតឡើងដោយ Evan Spiegel, Bobby Murphy និង Reggie Brown។ ពួកគេបានរកឃើញគំនិតបង្កើតបណ្ដាញទំនាក់ទំនងនេះនៅពេលកំពុងសិក្សានៅសកលវិទ្យាល័យស្តេនហ្វដក្នុងឆ្នាំ ២០១១។ Snapchat ពីមុនមានឈ្មោះថា Picaboo ជាកម្មវិធីចែករំលែករូបភាពដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងនៅក្នុង App Store របស់ក្រុមហ៊ុន Apple។ បន្ទាប់ពីដាក់ឱ្យដំណើរការមិនបានប៉ុន្មាន Spiegel និងMurphy បានសម្រេចចិត្តបណ្ដេញ Brown ចេញពីក្រុមហ៊ុនដែលបង្កឱ្យមានការប្តឹងផ្តល់ និងការទូទាត់សំណងជាសាច់ប្រាក់ជាបន្តបន្ទាប់រហូតដល់ ១៥៨ លានដុល្លារអាមេរិច។

 

ក្រោយមកទៀត Spiegel និង Murphy បានប្តូរឈ្មោះ Picaboo ទៅជា Snapchat។ នៅខែមេសា ឆ្នាំ ២០១២ Snapchat ត្រូវបានក្មេងៗចាប់អារម្មណ៍យ៉ាងខ្លាំង ហើយទទួលបានអ្នកប្រើប្រាស់ថ្មីចំនួន ១០០,០០០ នាក់ដែលភាគច្រើនល្បីតគ្នាពីមាត់មួយទៅមាត់មួយ។ តាមតែយើងដឹង Snapchat បានចេញជារូបរាង ៦សប្តាហ៍បន្ទាប់ពី Spiegel, Murphy និង Brown ធ្វើបទបង្ហាញអំពីគំនិតរបស់ពួកគេ នៅមុខសិស្ស៣០នាក់ និង សាស្រ្តាចារ្យ ពីររូប។

បន្ទាប់ពីឆ្លងកាត់ការរង្គោះរង្គើរ និងបរាជ័យជាច្រើន Snapchat បានក្លាយជាអាជីវកម្មដ៏ជោគជ័យមួយក្នុងពិភពជំនួញបច្ចេកវិទ្យា។ ឥឡូវនេះ Snapchat មានតម្លៃរហូតដល់ ២៤ ពាន់លានដុល្លារអាមេរិកក្នុងនាមជា កម្មវិធីចែករំលែករូបភាពដែលមានលក្ខណៈពិសេសលើសគេ។ គ្រាន់តែមួយខែ (ខែឧសភា ឆ្នាំ២០១៥) Snapchat ទទួលបានទុន ៥៣៨ លានដុល្លារបន្ថែមទៀត ហើយមានជំនឿថា និងមានការចែកចាយរូបភាពជាង ១៥ពាន់លានរូបភាព នៅ៣ឆ្នាំបន្ទាប់។ ការរីកចម្រើនយ៉ាងលឿននេះបានធ្វើឱ្យ Snapchat ឈរនៅលេខរៀងទី៣ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាដែលត្រូវបានគេវាយតម្លៃថ្លៃបំផុតរបស់ពិភពលោក៕

ដោយ៖ សារ៉ាផន

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។