យើងអាចនិយាយបានថា អតិថិជនប្រៀបបានដូចជាជីវិត និងសរសៃឈាមនៃក្រុមហ៊ុននីមួយៗ ព្រោះពួកគាត់ជាប្រភពចំណូលដែលអាចធ្វើអោយក្រុមហ៊ុនរបស់យើង អាចឈរជើង និងដំណើរការទៅមុខបាន។ បើសិនជាគ្មានអ្នកទិញទេ ក្រុមហ៊ុនយើងក៏មិនអាចលូតលាស់ទៅមុខបានដែរ ដូច្នេះហើយទើបការណាត់ជួបអតិថិជនត្រូវតែរៀបចំទុកជាមុនអោយបានល្អ។ ការមិនបានប្រុងប្រៀបទុកជាមុនក្នុងការជួបអតិថិជន វាមិនត្រឹមតែបង្ហាញពីលក្ខណៈមិនល្អរបស់អ្នកនោះទេ ប៉ុន្តែបូករួមក្រុមហ៊ុនទាំងមូលផងដែរ។ ខាងក្រោមនេះគឺជា វិធីសាស្រ្ត៥ចំណុច ដែលជួយអោយអ្នកត្រៀមខ្លួនបានយ៉ាងល្អនៅពេលទៅជួបអតិថិជន៖
១. មានឯកសារជាក់ស្តែង និងតួរលេខនៅក្នុងដៃ
អ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកមានឯកសារ ដែលចាំបាច់សម្រាប់ការប្រជុំនៅក្នុងដៃទាំងអស់។ឯកសារទាំងនោះ អាស្រ័យលើប្រធានបទដែលទាក់និងការណាត់ជួបរបស់អ្នក តែវាអាចមានដូចជា លទ្ធផលលក់ពីខែមុន គោលដៅសម្រាប់ខែនេះ ការវិភាគប្រចាំត្រីមាស និងផែនការជាក់លាក់ ប្រសិនបើអ្នក នឹងណែនាំគំនិតថ្មីណាមួយ។ ប្រសិនបើអ្នកមានគ្រប់ពត៌មាននៅក្នុងដៃ អ្នកនឹងអាចឆ្លើយរាល់សំណួរទាំងឡាយដែលអតិថិជនមានចម្ងល់ ហើយម្យ៉ាងវិញទៀតអ្នកក៏អាចទាញទំនុកចិត្ត ពីអតិថិជនមកលើគោលដៅរបស់អ្នកដោយជោគជ័យផងដែរ។
២. យល់ពីផលិតផល ឬសេវាកម្មឲ្យបានច្បាស់លាស់
នេះគឺជាចំណុចមួយដែលមិនអាចខ្វះបានតែម្តង។ ការដឹងច្បាស់ពីផលិតផលរបស់អ្នកធ្វើអោយអតិថិជនជឿជាក់លើរូបអ្នក ពីព្រោះរាល់អ្វីដែលពួកគេមានមន្ទិលសង្ស័យ គឺអ្នកអាចបកស្រាយបានទាំងអស់។ ផ្ទុយមកវិញ ប្រសិនបើអ្នកមិនបានស្វែងយល់ពីទំនិញរបស់ខ្លួនអោយច្បាស់ទេ អតិថិជននឹងគ្មានថ្ងៃបើកចិត្តទទួលយកនូវការណែនាំរបស់អ្នកទេ។ ចំពោះការនិយាយវិញ គឺត្រូវតែខ្លីៗ ប៉ុន្តែបង្កប់នូវចំណុចសំខាន់របស់ផលិតផលទាំងអស់។
៣. ត្រូវព្រាងចំណុចដែលត្រូវនិយាយទុកជាមុន
អ្នកត្រូវតែព្រាងទុកជាមុននូវអ្វីដែលអ្នកចង់និយាយទៅកាន់អតិថិជន ហើយក៏ត្រូវធ្វើតាមអ្វីដែលអ្នកបានសរសេរព្រាងទុកនោះ។ សេចក្តីព្រាង ត្រូវបូកបញ្ចូលទាំងអ្វីដែលអ្នកទិញនឹងត្រូវពិភាក្សា ព្រមទាំងប្រធានបទដែលអ្នកចង់ធ្វើបទបង្ហាញទៅកាន់អតិថិជន។ ការរៀបចំដូច្នេះ វាអាចជួយអោយយើងបកស្រាយបាននូវគ្រប់ចំណុចសំខាន់ៗទាំងអស់នៃការណាត់ជួប ហើយបានរលូន។
៤. ចៀសវាងការនិយាយក្រៅប្រធានបទ
ជាការពិតណាស់ ការនិយាយលេងសើចតិចតួចជាមធ្យោបាយមួយក្នុងការចាប់ផ្តើមការសន្ទនា ប៉ុន្តែអ្នកគួរតែធ្វើយ៉ាងណាអោយវាមានកម្រិតតិចបំផុតតាមដែលអាចធ្វើបាន។ ការនិយាយលេងសើចខ្លះក៏អាចជួយសម្រាលនូវប្រធានបទមួយចំនួនដែលមានលក្ខណៈប៉ះពាល់ផ្លូវចិត្តផងដែរ។ យ៉ាងណាក៏ដោយ អ្នកត្រូវកាត់បន្ថយវា ពីព្រោះការនិយាយក្រៅប្រធានបទច្រើននឹងធ្វើអោយអ្នកបកស្រាយចំណុចសំខាន់ៗនៃគោលបំណងរបស់ការណាត់ជួបនោះ មិនបានគ្រប់ជ្រុងជ្រោយឡើយ។
៥. បង្កើតគោលដៅជាក់លាក់
ចូរសរសេរពីអ្វីដែលអ្នកចង់បានពិតប្រាកដពីការជួបអតិថិជននេះ។ ការមានគោលដៅច្បាស់លាស់នឹងជួយអោយអ្នករៀបចំវាបានល្អហើយឆ្លើយតបនូវចំណុចសំខាន់ៗទាំងមូលតែម្តង។ ជាការពិតណាស់ អតិថិជនរបស់អ្នក អាចនឹងមិនមានពេលទំនេរច្រើនដើម្បីមកជួបអ្នកទេ ប៉ុន្តែប្រសិនបើអ្នកមានហេតុផលដ៏ជាក់លាក់និងល្អសម្រាប់ពួកគេ ច្បាស់ណាស់ថាអ្នកទាំងនោះនឹងមក។ គោលដៅនៃការជួបនោះអាចជា តើអតិថិជននឹងទទួលបានអ្វីពីការជួបនោះ ហើយថាតើក្រុមហ៊ុនមានបំណងចង់សម្រេចបានអ្វីតាមរយៈការណាត់ជួបអតិថិជន៕
អត្ថបទដោយ៖ កញ្ញា គីមឆេង
