តើពួកយើងគួរតែបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យដែរឬទេ?

1284
រូបតំណាង

សំណួរមួយដែលចាក់ដោតចូលក្នុងក្រអៅដួងចិត្តរបស់សហគ្រិនវ័យក្មេងក្នុងពេលបច្ចុប្បន្ន គឺថា “តើការជ្រើសរើសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យជាជម្រើសល្អ ឬ ក៏ការបោះបង់ចោលថ្នាក់មហាវិទ្យាល័យដើម្បីធ្វើអ្វីម្យ៉ាងជាក់ស្តែង ជាជម្រើសល្អសម្រាប់ពួកគេ?” ខណៈពេលដែលសហគ្រិនជោគជ័យមួយចំនួន បានបោះបង់ការសិក្សាចោលពាក់កណ្តាលទី ដូចមាន ឧទាហរណ៍ជាក់ស្តែង លោក Richard Branson, លោក  Bill Gates និង លោក  Mark Zuckerberg ជាដើម។ នាពេលបច្ចុប្បន្ននេះ មានយុវជនជាខ្មែរជាច្រើនងប់ងុលនឹងរឿងជោគជ័យរបស់លោក Bill Gates និង Mark Zuckerberg ហើយយុវជនខ្លះចង់យកគំរូបោះបង់ការសិក្សាចោលរបស់អ្នកទាំងពីរ ទៅអនុវត្តន៍ទៀតផង។  ការបោះបង់ចោលការសិក្សាវាមិនមែនជាជម្រើសល្អសម្រាប់នៅថ្ងៃអនាគតនោះទេ, ការបោះបង់ការសិក្សាចោល គឺជាការប្រថុយមួយយ៉ាងធំក្នុងជីវិត។ ទន្ទឹមគ្នានេះ ការបោះបង់ចោលការសិក្សានៅថ្នាក់មហាវិទ្យាល័យបានធ្វើឲ្យសហគ្រិនមួយចំនួនទទួលបានជោគជ័យ នឹងមានទ្រព្យសម្បតិ្តច្រើនមហិមាក្នុងវិថីជីវិតរបស់ពួកគេយ៉ាងឆាប់រហ័យ។ ផ្ទុយមកវិញ មនុស្សភាគច្រើនជឿជាក់ថាបទពិសោធន៍ ដែលទទួលបានមកពីមហាវិទ្យាល័យគឺធ្វើឲ្យពួគេមានភាពវ័យឆ្លាត និង និងធ្វើឲ្យមនុស្សគ្រប់គ្នាមានការកោតសរសើរ។ ហើយអ្នកខ្លះទៀតជឿថាមហាវិទ្យាល័យមិនមែនគ្រាន់តែជាផ្លូវមួយសម្រាប់ឲ្យពួកគេរៀនសូត្រនោះទេ។

រូបតំណាង

ការចាប់ផ្តើមនូវក្រុមហ៊ុនមួយ គឺតម្រូវឲ្យយើងមានការតាំងចិត្តមុះមុតចេញពីខ្លួនរបស់យើង ហើយចំណាយពេលគ្រប់វិនាទីដើម្បីធ្វើវាឲ្យសំរេចទៅតាមក្តីស្រមៃដែលយើងបានគ្រោងទុក។​ បើទោះបីជាយើងមានគំរូជោគជ័យពីការចាប់ផ្តើមពីសហគ្រិនជាច្រើនក៏ដោយ ។​​ លើសពីនេះទៅទៀត បណ្តាញ សង្គម  Facebook ហាក់បីដូចជាទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ និងអ្នកវិនិយោគិន “តើវាមានសារៈប្រយោជន៍អ្វីខ្លះសម្រាប់ឲ្យយើងគិតពិចារណាមុនពេលដែលលោក Mark Zuckerberg បានបោះបង់ការសិក្សានៅឯមហាវិទ្យាល័យ Harvard’’? ទន្ទឹមគ្នានេះដែរ លោក Michael Dell បានទទួលការបញ្ជាទិញ Computer ពីក្រុមហ៊ុនមួយចំនួន មុនពេលដែល លោកបានចាកចេញពីមហាវិទ្យាល័យដើម្បីបង្កើតក្រុមហ៊ុន Dell។​ លោក Zuckerberg និង លោក Dell មានផ្នត់គំនិតរួមមួយ គឺ បន្តបង្កើតរបកគំហើញថ្មីៗ សម្រាប់បម្រើតម្រូវការរបស់មនុស្សជាតិ។ ប៉ុន្តែផ្នត់គំនិតជោគជ័យទាំងនោះបានផ្តើមចេញ នៅពេលដែល លោក Zuckerberg និង លោក Dell កំពុងសិក្សា។ ត្រង់នេះគឺជាចម្លើយ, Bill Gates, Mark Zuckerberg, Steve Jobs និង Mechael Dell ពួកគេសុទ្ធតែមើលដឹងលទ្ធផលជាមុន សម្រាប់ការប្រថុយរបស់ពួកគេ, ជាក់ស្តែង ពួកគេអាចបង្កើតកម្មវិធី Facebook, Microsoft, កុំទ្យូទ័រម៉ាក Apple និងកុំទ្យូទ័រម៉ាក Dell នៅពេលដែលពួួកគេកំពុងសិក្សា គឺជាភស្តុតាងដែលបញ្ចាក់ថា សមត្ថភាពរបស់ពួកគេគឺមិនធម្មតា។ មានពេលមួយ លោក Mark Zuckerberg ត្រូវបានសិស្សម្នាក់សួរគាត់ថា “តើការបោះបង់ការសិក្សាចោល ជាជម្រើសល្អដែលទេ?” គាត់សើច ហើយបន្ទាប់មក ឆ្លើយថា “ខ្ញុំបានបង្កើត Facebook នៅពេលដែលខ្ញុំកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ ខ្ញុំគិតថា បើខ្ញុំមិនបានបង្កើត Facebook ក្នុងពេលនោះទេ ខ្ញុំនឹងបន្តរៀនរហូតដល់ចប់។”

ស្របពេលជាមួយគ្នានេះដែរ ក្រៅពីបុគ្គលដែលទទួលបានជោគជ័យបន្ទាប់ពីបោះបង់ការសិក្សាចោល ក៏មានបុគ្គលជាច្រើនទៀតដែលទទួលបានជោគជ័យក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញាប័ត្រ និង បន្តអភិវឌ្ឍក្រុមហ៊ុនរបស់ខ្លួនឲ្យមានវិសាលភាពទូទាំងសកលលោក។  មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុនយក្សរបស់អាមេរិច ដែលគ្រប់គ្នាតែងស្គាល់ លោក តាមរយ: ក្រុមហ៊ុន លក់ទំនិញតាមអនឡាញ AMAZON គឺលោក Jeff Bezos។ លោក Jeff Bezos បានបញ្ចប់បញាប័ត្រវិស្វកម្ម ពីសាកលវិទ្យាល័យ Princeton University។  ដូចគ្នានេះដែរ ម្ចាស់ក្រុមហ៊ុន និងជា
ស្ថាបនិកនៃក្រុមហ៊ុនស្រាវជ្រាវម៉ាស៊ីន និងបច្ចេកវិទ្យាខ្នាតយក្ស គឺលោក Larry Page ដែលបានបញ្ចប់បរិញ្ញាប័ត្រផ្នែកវិស្វកម្មកុំព្យូទ័រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅឯមហាវិទ្យាល័យ University of Michigan និង Stanford University។ 

ដើម្បីបង្កើតក្រុមហ៊ុនមួយទទួលបានជោគជ័យ យើងត្រូវការភាពអត់ធ្មត់ ការខំព្យាយាម និងគំនិតឆ្នៃប្រឌិត។ ​ បើទោះបីជាយើងជាមនុស្សម្នាក់ឆ្លាតក្នុងការសិក្សារៀនសូត្រ មានអាកប្បកិរិយារម្យទម ​និង​មានចិត្តគំនិតចង់ចេះចង់ដឹង ក៏ដោយ ក៏ត្រូវតែរៀបចំគម្រោងទៅសិក្សាបន្តនូវថ្នាក់បរិញ្ញាប័ត្រ។ ជាចុងក្រោយ មនុស្សម្នាក់ៗមានការអប់រំខុសៗគ្នា អ្នកខ្លះត្រូវការអប់រំតាមរបៀបសាលា ប៉ុន្តែមានអ្នកខ្លះមិនត្រូវការការអប់រំបែបនោះទេ គឺពួកគេមានលក្ខណ:ពិសេសរបស់ខ្លួន ដែលអាចឲ្យពួកគេទទួលបានចំណេះដឹងបានឆាប់រហ័ស៕

អត្ថបទដោយ៖ លោក យន់គៀត

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។