រឿងរ៉ាវរបស់ លោក Richard Branson និងការបង្កើតក្រុមហ៊ុនយក្ស VIRGIN GROUP

966

Richard Branson មានឈ្មោះពេញថា Sir Richard Charles Nicholas Branson បានកើតនៅថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៩៥០ ក្នុងទីក្រុង SURRY ប្រទេសអង់គ្លេស។ លោកគឺជាអ្នកជំនួញ អ្នកវិនិយោគ និងជាមហាសេដ្ឋីលំដាប់កំពូលម្នាក់ដែលបានបង្កើតក្រុមហ៊ុនដ៏ធំបំផុតមួយឈ្មោះ VIRGIN GROUP មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ៤០០ ក្រុមហ៊ុន ក្នុងប្រទេសប្រមាណជា ៣០ ជុំវិញពិភពលោក។ Richard បានចាប់ផ្តើមធ្វើជាសហគ្រិនតាំងពីគាត់មានវ័យ ១៦ ឆ្នាំមកម៉្លេះ។ មុខជំនួញដំបូងរបស់គាត់ គឺការបោះផ្សាយទស្សនាវដ្ដីដែលមានឈ្មោះថា STUDENT ដែលផ្តួចផ្តើមបង្កើតដោយសិស្សមួយក្រុម ហើយវាក៏បាននាំមកនូវជោគជ័យដ៏អស្ចារ្យសម្រាប់ Richard។ លោក Branson ធ្លាប់ជាមនុស្សដែលពិបាកក្នុងការអាន សរសេរ ឫប្រកបអក្សរបានត្រឹមត្រូវ និងធ្លាប់ទទួលបានការប្រមាថពីមនុស្សជុំវិញខ្លួនដោយសារអាកប្បកិរិយាមិនសមរម្យរបស់គាត់។ ការបោះពុម្ភផ្សាយរបស់ទស្សនាវដ្ដី STUDENT ជាលើកដំបូងរកបានចំណូល ៨ ពាន់ដុល្លារពីការផ្សាយពាណិជ្ជកម្ម និងទស្សនាវដ្ដីប្រមាណ ៥០០ ច្បាប់ត្រូវបានបោះពុម្ភផ្សាយ។

 

ដោយការទទួលបានជោគជ័យតាំងពីវ័យ ១៧ ឆ្នាំនៅក្នុងទីក្រុងឡុងដ៏ Branson និង Nik Powell បានចាប់ផ្ដើមក្រុមហ៊ុនទទួលកត់ត្រាការបញ្ជាទិញតាមសារអេឡិចត្រូនិច (Mail) ដើម្បីជួយរកទុនទ្រទ្រង់ក្រុមហ៊ុនទស្សនាវដ្ដីរបស់គាត់។ ដោយសារតែពួកគេទាំងពីរផ្តោតលើការរកស៊ីដោយភាពស្មោះត្រង់, Branson និង Nik Powell ក៏បានសម្រេចចិត្តបើកក្រុមហ៊ុនថ្មីមួយឈ្មោះថា Virgin Records ហើយវាទទួលបានប្រាក់ចំណូលប្រចាំឆ្នាំជាង ១៩.៥ ពាន់លានផោន។ ភាពជោគជ័យនេះបានបណ្ដាលឱ្យ Branson បង្កើតស្ទូឌីយោថតមួយក្នុងឆ្នាំ ១៩៧២ នៅ Oxfordshire ប្រទេសអង់គ្លេស។ ប៉ុន្មានឆ្នាំក្រោយមកទៀត Branson បានដាក់បញ្ចូលក្រុមហ៊ុនតន្រ្តីមួយចំនួនចូលទៅក្នុង Virgin Record ដូចជា Sex Pistols, The Culture Club, The Rolling Stones and Genesis ហើយ Virgin Record ក៏បានក្លាយជាក្រុមហ៊ុនតន្រ្តី Virgin Music ដែលជាក្រុមហ៊ុនថតចម្លងដ៏ធំលំដាប់ទី៦នៅលើពិភពលោក។ នៅឆ្នាំ ១៩៨៤​ លោក Richard Branson បានដាក់បញ្ចូលក្រុមហ៊ុនអាកាសចរណ៍ Voyager Group, Virgin Atlantic Airline និង Virgin Megastores ឲ្យស្ថិតនៅក្រោម VIRGIN GROUP បន្ថែមទៀត។ ការរីកចម្រើនរបស់ក្រុមហ៊ុននេះមិនយូរប៉ុន្មានក៏បានប្រឈមមុខនិងបញ្ហាផ្នែលហិរញ្ញវត្ថុនៅឆ្នាំ ១៩៩២។

ទោះបីជាយ៉ាងណា បញ្ហាទាំងនេះមិនបានធ្វើឱ្យ Branson បោះបង់ក្តីសង្ឃឹមឡើយ។ គាត់បានបន្តពង្រីកក្រុមហ៊ុនវិទ្យុ Virgin Radio ឆ្នាំ ១៩៩៣, Virgin Trains នៅឆ្នាំ ១៩៩៧, Virgin Mobile នៅឆ្នាំ ១៩៩៨, ក្រុមហ៊ុនអាកាសចរណ៍ The Virgin Galactic ក្នុងឆ្នាំ ២០០៤, ក្លឹបហាត់ប្រាណ The Virgin Active UK នៅឆ្នាំ ២០០៥, និងនៅឆ្នាំ ២០១៥ បានដាក់ឱ្យដំណើរការក្រុមហ៊ុនកប៉ាលធ្វើដំណើរកំសាន្ត Virgin Voyages ដែលមានអ្នកធ្វើដំណើរប្រមាណ ២៨០០ នាក់ និងបុគ្គលិក ១១៥០ នាក់។

ដំណើររីកលូតលាស់របស់ក្រុមហ៊ុន VIRGIN GROUP បានប្រព្រឹត្តទៅយឺតៗនិងប្រកបដោយភាពប្រាកដប្រជា។ បច្ចុប្បន្នក្រុមហ៊ុននេះប្រតិបត្តិការនៅ៣៥ប្រទេសជុំវិញពិភពលោកនិងមានបុគ្គលិកចំនួន ៧០,០០០នាក់៕

ដោយ៖ សារ៉ាផន

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។