ក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំជាងគេនៅប្រទេសឥណ្ឌា Flipkart ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ដោយអតីតបុគ្គលិកផ្នែកបច្ចេកទេសពីរនាក់របស់ក្រុមហ៊ុន Amazon.com។ ដោយសារភាពធុញទ្រាន់ធ្វើការឱ្យ Amazon និងដោយមើលឃើញពីភាពរីកចម្រើនក្នុងវិស័យអាជីវកម្មអនឡាញនៅប្រទេសឥណ្ឌា Sachin Bansal និង Binny Bansal បានរួមដៃគ្នាងាកមកបង្កើតវេបសាយលក់ទំនិញអនឡាញ Flipkart ដោយដើមទុនដំបូងចំនួន ៦,៥០០ លុយរូពី។
Sachin និង Binny ជាមនុស្សចូលចិត្តអានសៀវភៅណាស់ ហើយពួកគេចង់ឱ្យ Flipkart ជាកន្លែងមួយដែលអាចបំពេញបំណងប្រាថ្នារបស់អ្នកចូលចិត្តមើលសៀវភៅ។ Flipkart មានន័យថា “ដាក់សម្ភារៈចូលក្នុងទូផ្ទុកទំនិញ” “Flipping things into the cart”។ Flipkart ដែលមាន Sachin Bansal ជាប្រធានក្រុមហ៊ុន និង Binny Bansal ជានាយកប្រតិបត្តិ រកចំណូលពីការលក់បាន ៤០ លានរូពីគិតពីឆ្នាំ ២០០៨ ដល់ ២០០៩ និងកើនដល់ ២០០ លានរូពីទៀតនៅឆ្នាំបន្ទាប់។ បញ្ហាដែល Flipkart ជួបលើកដំបូងគឺការបង់ប្រាក់តាមអនឡាញ ពីព្រោះមនុស្សភាគច្រើន មិនទាន់មានការទុកចិត្តចំពោះការទូទាត់ប្រាក់តាមអ៊ីនធឺណេតនៅឡើយ។ ប៉ុន្តែ Flipkart បានដោះស្រាយកង្វល់នេះដោយបង្ហាញអតិថិជនពីរបៀបបង់ប្រាក់ដោយប្រើប្រាស់កាត និងរបៀបចែកចាយទំនិញ ហើយ Flipkart ក៏ជាក្រុមហ៊ុនដំបូងគេដែលបង្ហើបពីគំនិតនេះក្នុងប្រទេសឥណ្ឌា។
កាលពីថ្ងៃទី ០៩ ឧសភា កន្លងទៅនេះ ក្រុមហ៊ុន Walmart ដែលជាដៃគូប្រជែងធំបំផុតរបស់ Amazon បានប្រកាសថាខ្លួនបានក្លាយជាម្ចាស់ភាគហ៊ុនធំបំផុត របស់ Flipkart ស្របពេល លោក Binny Bansal ក៏អះអាងដូចគ្នាផងដែរ នៅលើគណនី Twitter ផ្លូវការរបស់គាត់។ ចាប់ផ្តើមពីទស្សនៈ ដែលគ្រាន់តែចង់បង្កើតវេទិកាមួយសម្រាប់អ្នកចូលចិត្តសៀវភៅ ឥឡូវនេះ បានក្លាយជាក្រុមហ៊ុនលំដាប់កំពូលមួយ ដែលអាចផ្គត់ផ្គង់តម្រូវការជាច្រើនដល់អតិថិជន៕
អត្ថបទដោយ៖ ស្យែល
