មូលហេតុ ដែលអ្នកគួរឈប់ធ្វើការឲ្យគេ ហើយចេញរកស៊ីខ្លួនឯង

1354

មនុស្សមួយចំនួនលើកឡើងថា ពួកគេធ្វើជំនួញព្រោះចង់ក្លាយជាអ្នកមាន ខ្លះទៀតថាដោយសារតែចង់មានសេរីភាព ចង់សម្រេចចិត្តខ្លួ​នឯងបើទោះបីខុស ឬត្រូវក៏ដោយ។ ប៉ុន្តែហេតុផលប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ។ នៅមានហេតុផលទាំង ១៥ ទៀត ដែលអ្នកត្រូវពិចារណា។

១. អ្នកមានពេលវេលា

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ជាការពិតណាស់ យើងម្នាក់ៗគឺសុទ្ធតែមានពេលវេលា ២៤ ម៉ោងក្នុងមួយថ្ងៃដូចៗគ្នា។ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងយកពេលនោះ ច្នៃវាអោយមានតម្លៃ។ អ្នកត្រូវធ្វើរឿងអ្វីដែលបន្ទាន់ និងចាំបាច់ជាមុនសិន។ បើអ្នកមិនយកពេលទៅធ្វើអ្វីដែលអ្នកចង់ធ្វើ អ្នកនិងប្រើវាទៅធ្វើអ្វីដែលអ្នកដទៃចង់ធ្វើ។

២. អ្នកមានលុយ

លោក Dave Lavinsky ដែលជាស្ថាបនិកនៃ Growthink និយាយថា ក្លាយជាសហគ្រិន គឺជាសិល្បៈនិងវិទ្យាសាស្ត្រនៃការសម្រេចបានជោគជ័យធំដោយប្រើធន់ធានតិច។ លុយតិច បុគ្គលិកតិច និងពេលវេលាខ្លី។ ប៉ុន្តែទទួលស្គាល់ទៅ អ្នកគ្មានថ្ងៃមានលុយគ្រប់គ្រាន់ទេ។ ដូច្នេះហើយ ប្រសិនបើមិនមានដើមទុនគ្រប់គ្រាន់ក្នុងការបើកអាជីវកម្ម ដែលយើងគ្រោងទុកទេ អ្នកគួរប្តូគម្រោងទៅ។ ត្រូវចាំថា អ្នកមិនអាចគ្រប់គ្រងនូវអ្វីដែលអ្នកមានទេ ប៉ុន្តែអ្នកអាចគ្រប់គ្រងនូវអ្វី ដែលអ្នកធ្វើជាមួយនឹងអ្វីដែលអ្នកមាន។

៣. អ្នកមានភាពក្លាហាន

សហគ្រិនភាគច្រើន គឺមានភាពភ័យខ្លាច។ ដូច្នេះហើយ អ្នកមានជម្រើសមួយ។ តើគួរបណ្តោយឲ្យភាពភ័យខ្លាចនោះ បញ្ឃប់អ្នកត្រឹមហ្នឹង ឬបង្វែរភាពភ័យខ្លាចនោះ ទៅជាថាមពល ជម្រុញអ្នកទៅរកភាពជោគជ័យ?

ការពេញចិត្តដោយមិនទទួលស្គាល់នូវហានិភ័យទៅថ្ងៃមុខ គឺជាសត្រូវនៃភាពជោគជ័យ។ ប៉ុន្តែសំណាងល្អ ភាពភ័យខ្លាចអាចជួយអោយអ្នកបញ្ជៀសការត្រេកត្រអាលនោះបាន។

៤. អ្នកមានបណ្តាញទាក់ទងច្រើន

អ្នកគួរតែមានទំនាក់ទំនងដ៏ល្អមួយ ប្រសិនបើមិនទាន់មានទេ គួរតែចាប់ផ្តើមពីតូចទៅសិន។ ការមានបណ្តាញល្អមួយប្រៀបបានដូចជាការសាងសង់នូវពីរ៉ាមីតដែលមានគ្រឹះដ៏រឹងមាំដូច្នោះដែរ។ លើសពីនេះទៀត ត្រូវចាំថា មនុស្សដែលកាន់តែមានឥទ្ធិពល អ្នករឹតតែពិបាកក្នុងការបង្កើតទំនាក់ទំនងនោះ។ ដូច្នេះហើយ អ្នកត្រូវមានហេតុផលដែលសមរម្យទៅនិយាយជាមួយគេ។

៥. អ្នកមិនដែលគិតថាហួសពេលនោះទេ

ការបង្កើតអ្វីថ្មីមួយ គឺវាមិនមែនគ្រាន់តែបង្កើតហើយ ក៏ចប់និងគ្មានអ្វីប្លែកទៀតនោះទេ។ ក្រុមហ៊ុនដែលជោគជ័យមួយចំនួន គឺផ្តោតសំខាន់ទៅលើការយកគំនិតដែលពីមុនៗ មិនដំណើរការយកមកអនុវត្តន៍ឡើងវិញ។ សូមកុំគិតថាខ្លាចហួសពេល ប្រសិនបើអ្នកហ៊ានក្នុងការធ្វើអោយអ្វីមួយកាន់តែប្រសើរ​ រឹងមាំ ឆាប់រហ័ស និងតម្លៃសមរម្យជាងអ្នកដែលធ្វើអាជីវកម្មមុនអ្នក។

៦.​ អ្នកមានសមត្ថភាព ធ្វើអោយអ្នកដទៃស្តាប់គំនិតរបស់អ្នក

ប្រាកដណាស់ មនុស្សជាច្រើនចូលចិត្តស្តាប់រឿងដែលទាក់ទាញគួរអោយចាប់អារម្មណ៍ ប្លែកៗ កំប្លែងៗ ការជជែកវែកញែក និងព័ត៌មានផ្សេងៗជាដើម។ ប្រសិនបើអ្នកនិយាយទៅគ្មាននរណាស្តាប់ បញ្ហាមិនស្ថិតនៅត្រង់អ្នកស្តាប់ទេ គឺមកពីអ្នកខ្លួនឯង។ ប្រសិនបើអ្វី ដែលអ្នកចង់និយាយវាជាប់ទាក់ទិននឹងប្រធានបទដែលគេចង់ស្តាប់ទេ គួរតែប្តូរទៅនិយាយអ្វីផ្សេងទៅ។ ធ្វើដូចនេះទើបអាចអោយអ្នកភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្តាប់បាន។

៧. អ្នកមានជំនាញ

អ្នកអាចទៅរៀននៅសាលា អានសៀវភៅ ពិភាក្សាជាមួយមិត្តភក្តិ ឬធ្វើការក្រៅម៉ោង។ ទាំងអស់នេះ សុទ្ធតែជាអ្វីដែលអ្នកអាចរៀនបាន។ បើមិនដូច្នោះទេ អ្នកអាចស្នើសុំធ្វើការដោយស្ម័គ្រចិត្ត ដើម្បីទទួលបានឱកាសត្រលប់មកវិញដើម្បីរៀនសូត្រ។ ស្តាប់មើលទៅ ដូចពិបាកណាស់មែនទេ? បើនៅតែគិតថាវាពិបាកខ្លាំង អ្នកនឹងមិនមានជំនាញក្នុងខ្លួនទេ។ អញ្ជឹងហើយ ឈប់រអ៊ូរទាំទៅ។

ត្រូវចាំថា ជំនាញនិងចំនេះដឹង គឺជាគ្រឹះដ៏រឹងមាំមួយ ហើយវាកើតឡើងដោយការខំប្រឹងយ៉ាងពិតប្រាកដ។

៨. អ្នកមានគំនិតល្អៗច្រើន

បើគ្រាន់តែគិតពីអ្វីដែលមានហើយស្រាប់ៗ វាគ្មានអីពិបាកទេ។ អ្វីដែលពិបាកគឺត្រូវគិតអ្វីដែលថ្មីៗ។ គិតចុះគិតឡើងទៅ អ្នកនឹងមានបញ្ហាដែលត្រូវការដំណោះស្រាយរាប់មិនអស់​ ហើយដំណោះស្រាយដែលអ្នកគិតឃើញទាំងនោះហើយ គឺជាគំនិតរបស់អ្នក។ គ្រាន់តែកែខៃបញ្ហាអោយប្រសើរជាងមុន វាមិនសូវជាពិបាកទេ អ្វីដែលធ្ងន់ធ្ងរនោះ គឺការបង្កើតនូវដំណោះស្រាយថ្មី។ អញ្ចឹងហើយទើបក្រុមហ៊ុនជាច្រើនសុខចិត្តសម្រេចចិត្តកែខៃបញ្ហាតែបន្តិចៗប៉ុណ្ណោះ។

៩. អ្នកមិនគួររង់ចាំទាល់តែល្អឥតខ្ចោះទេ

មនុស្សមួយចំនួនរង់ចាំរហូតដល់ចំណុចណាមួយដែលពួកគេសន្មត់ថាល្អឥតខ្ចោះហើយ។ នោះដោយសារតែ ពួកគេខ្លាចការរិះគន់ និងការបដិសេធន៍។ ចូរកុំធ្វើបែបនេះអី! អ្នកត្រូវខំប្រឹងអោយអស់ពីសមត្ថភាព បើទៅថ្ងៃមុខមានបញ្ហា គ្រាន់តែឈានជំហានថយក្រោយបន្តិចទៅ ហើយយកការរិះគន់ទាំងនោះមកដោះស្រាយ ហើយបន្តដំណើរទៅមុខទៀត។

១០. អ្នកអាចធ្វើរឿងខុសពីគេ

ប្រសិនបើអ្នកមិនពេញចិត្តក្នុងការធ្វើអ្វី ដែលផ្ទុយពីគោលការណ៍ផ្ទាល់ខ្លួនរបស់អ្នកទេ ចូរកុំធ្វើអី។​ បើអ្នកមិនពេញចិត្តក្នុងការធ្វើ វាមិនមែនមានន័យថាអ្នកខុសទេ គ្រាន់តែអ្នកមានការគិតប្លែកពីអ្នកដទៃ។​

១១.ជោគជ័យរបស់អ្នកគ្មានអ្វីមកធានាទេ

គ្មានសហគ្រិនជោគជ័យណា ដែលដឹងខ្លួនច្បាស់ថាពួកគេនឹងជោគជ័យនោះទេ។ ​សំណួរសួរថា តើអ្នកខ្លាចទេអញ្ចឹង បើមិនដឹងថាជោគជ័យ ឬក៏អត់ផង? ចម្លើយឆ្លើយថា មិនដឹងហ្នឹងហើយទើបល្អ ព្រោះវាជាការជម្រុញទឹកចិត្តមួយអោយយើងឆ្ពោះទៅមុខ ដោយសារតែយើងឃើញថាមានអ្នកជោគជ័យច្រើនហើយ។

១៣. វាមិនពិបាកដល់ម្លឹងទេ

ជាការពិតណាស់ ក្តីស្រមៃមួយមិនអាចក្លាយជាការពិតក្នុងពេលតែមួយយប់នោះទេ ប៉ុន្តែបើអ្នកឈានម្តងមួយជំហានៗ នោះអ្នកនឹងខិតជិតទៅរកក្តីស្រមៃនោះ។ ឧទាហរណ៍ថា អ្នកចង់ធ្វើអាជីវកម្ម ពីដំបូងឡើយអ្នកមិនអាចដំណើរការភ្លាមៗទេ។ ប៉ុន្តែយើងអាចគិតសន្សឹមៗសិនដូចជា ការជ្រើសរើសទីតាំង ការចរចាជាមួយអ្នកផ្គត់ផ្គង់សម្ភារៈអោយយើង ឬទៅប្រឹក្សាជាមួយអ្នកណែនាំយើង។

១៤. អ្នកនៅតែមានការពេញចិត្តចំពោះខ្លួនឯង បើទោះបីជាអ្នកបរាជ័យក៏ដោយ

ការដួលក្នុងចំណោមមនុស្សច្រើន គឺពិតជារឿងអាម៉ាសណាស់។ ជាពិសេសនៅពេលដែលអ្នកទាំងនោះចូលចិត្តនិយាយរំលឹករឿងទាំងនោះឡើងវិញ។ ប៉ុន្តែ ចូរកុំទៅខ្វល់នឹងអ្នកទាំងអស់នោះ ព្រោះនៅមានក្រុមដទៃទៀតដែលគោរពអ្នក ទទួលស្គាល់ភាពខ្លាំងរបស់អ្នក និងព្រមលើកអ្នកឡើងនៅពេលដែលអ្នកដួល។

១៥. អ្នកអាចចាប់ផ្តើមអាជីវកម្មក្នុងរយៈពេលតែ ២-៣ម៉ោង

មានសហគ្រិនជាច្រើន ដំណើរការអាជីវកម្មរអាក់រអួលនៅត្រង់បញ្ហាផ្នែករដ្ឋបាល និងច្បាប់តែម្តង។ ប៉ុន្តែការពិតវាមិនពិបាកដល់ថ្នាក់ហ្នឹងទេ។ ទាក់ទងនឹងបញ្ហានេះ អ្នកអាចដំណើរការអាជីវកម្មក្នុងរយៈពេលតែប៉ុន្មានម៉ោងទេ ក្រោយមកវានឹងជួយអោយអ្នកឆ្លងកាត់កងព័ន្ធទីមួយ ប៉ុន្តែនៅមានរឿងសប្បាយៗច្រើនទៀតដែលមករកអ្នក៕

អត្ថបទដោយ៖ គីមឆេង

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។