អ្វីទៅជាក្រុមហ៊ុនសហកម្មសិទ្ធិ?

11202

ក្រុមហ៊ុនសហកម្មសិទ្ធិជា ក្រុមនៃមនុស្សដែលបានរួមគ្នានូវចំណេះដឹង ដែលខ្លួនមានយកមកបង្កើតនូវអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ។ ហើយមានកិច្ចព្រមព្រៀង​ រវាងសហកម្មសិទ្ធិករ ទូទៅជាលាយលក្ខណ៍អក្សរ ឬជាផ្ទាល់មាត់ ដោយមានភាពជាក់លាក់ ដូចជា នាមករណ៍ អាសយដ្ឋាន ចំនួនទឹកប្រាក់បណ្ដាក់ទុន និងការបែងចែកនូវប្រាក់ចំណេញ។ ក្រុមហ៊ុនសហកម្មសិទ្ធិបែងចែកចេញជាពីរ គឺក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និង ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត។

ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ តម្រូវឲ្យមានម្ចាស់ភាគហ៊ុនចាប់ពី ២នាក់ឡើងទៅ។​ តែបើមានម្ចាស់ហ៊ុនតែម្នាក់ នោះគឺជាសហគ្រាសឯកបុគ្គល។ តាមធម្មតា កិច្ចសន្យាបង្កើតក្រុមហ៊ុនសហកម្មសិទិ្ធទូទៅ អាចធ្វើឡើង​ ជាលាយលក្ខណ៍អក្សរ​ក៏បាន ឬ​ក៏​ធ្វើត្រឹមតែ​​​ផ្ទាល់​មាត់ក៏បាន។ ចំពោះដើមទុន​ដែល​យក​មក​​រកស៊ី​ជាមួយគ្នា ក្នុង​ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅនេះ គឺ​អាច​ជាសាច់លុយ​ក៏បាន ជាទ្រព្យសម្បត្តិ​ក៏​បាន ឬ​ក៏​ជា​ចំណេះ​ដឹង​ ឬជំនាញក៏បាន។ ​ហើយរយៈពេល​នៃ​កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​នេះ អាច​ធ្វើ​ឡើង​ដោយ​មាន​រយៈពេល​កំណត់​ក៏បាន ​មិន​កំណត់​ក៏បាន។ ចំពោះ​ការទទួលខុសត្រូវ​លើ​បំណុលវិញ គឺ​ជាការទទួលខុសត្រូវ​ដោយ​គ្មាន​កម្រិត មានន័យថា នៅក្នុងករណី ដែល​ក្រុមហ៊ុន​​ជំពាក់​បំណុលគេ ហើយ​ក្រុមហ៊ុន​មិនមាន​លុយ​គ្រប់គ្រាន់ ដើម្បី​សងបំណុល​នេះ​​ទេ ម្ចាស់ភាគហ៊ុន ត្រូវ​ចេញលុយ​ពី​ហោប៉ៅខ្លួនឯង ដើម្បី​សងបំណុល​នេះ។ ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ត្រូវ​រ៉ាប់រង​បំណុល ទៅតាម​សមាមាត្រ​នៃ​ចំណែកហ៊ុន ដែល​ខ្លួនមាន នៅ​ក្នុង​ក្រុមហ៊ុន។ ប៉ុន្តែ មាន​ចំណុច​សំខាន់មួយ ដែល​ត្រូវ​ចាប់អារម្មណ៍ គឺ​នៅត្រង់ថា ទោះបី​ជា​ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ទទួលខុសត្រូវ​លើ​បំណុល​ ទៅតាម​ចំណែក​ហ៊ុន​របស់ខ្លួន​ក៏ដោយ ក៏ប៉ុន្តែ ក្នុងករណី​​​មាន​វិវាទ​រឿង​មិន​សងបំណុល ម្ចាស់បំណុល​​​អាច​ប្តឹង​ទាមទារ​បំណុល​​ទាំងអស់​ពី​​ម្ចាស់ហ៊ុន​ណាមួយ​តែម្នាក់ ដោយ​មិន​ចាំបាច់​ប្តឹង​​ទាមទារ​ចំណែក​ពី​ម្ចាស់ហ៊ុន​ម្នាក់ៗ​ដាច់ពីគ្នា​ទេ។ ក្នុងករណីនេះ ម្ចាស់ហ៊ុន​ណា ដែល​ត្រូវ​ម្ចាស់បំណុល​ប្តឹង គឺ​​ត្រូវតែ​សងបំណុល​​ទាំងអស់​តាម​បណ្តឹង គឺ​សង​ទាំង​ចំណែក​បំណុល​ខ្លួនឯង និង​​ចំណែកបំណុល​របស់​​ម្ចាស់ហ៊ុន​ផ្សេងទៀត រួចហើយ​​គាត់​អាច​ទៅទាម​ទារ​គិតគូរ ទូទាត់​ជាមួយ​​ម្ចាស់ហ៊ុន​ផ្សេង​ទៀតដោយខ្លួនឯង។

រូបតំណាង
ផ្ទាំងឃោសនាពាណិជ្ជកម្ម

ជាទូទៅ ក្រុមហ៊ុន​សហកម្មសិទ្ធិ គេច្រើន​បង្កើតឡើង នៅ​ក្នុង​អាជីវកម្ម​ជា​លក្ខណៈ​វិជ្ជាជីវៈ ដូចជា បង្កើត​គ្លីនិក​ពេទ្យ ការិយាល័យ​មេធាវី គណនេយ្យករ ស្ថាបត្យករ ​ឬ​ក៏​កុងស៊ុលតង់ ជាដើម។ វាមាន​លក្ខណៈ​ងាយស្រួល​នៅត្រង់ថា ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិនេះ អាច​ចាប់ផ្តើម​ដំណើរការ​បាន​ដោយ​មិន​ទាមទារ​​​ដើមទុន​ច្រើន។ មាន​គ្នា​តែ​​ពីរបីនាក់ មាន​កម្លាំង មាន​ពេលវេលា មាន​ជំនាញ មាន​ដើមទុន​ម្នាក់បន្តិចៗ ​ល្មម​អាច​ចូលគ្នា ដើម្បី​ទិញ ឬ​ជួល​ទីតាំង និង​សម្ភារៈ​សំខាន់ៗ​ចាំបាច់ គឺ​អាច​​ចាប់ផ្តើម​ដំណើរការ​​បង្កើត​ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ ដើម្បី​ប្រកប​អាជីវកម្ម​បាន ហើយ​ក៏​​មិនតម្រូវ​ឲ្យ​មាន​ឯកសារ​ច្បាប់​អ្វី​ស្មុគស្មាញ​ច្រើន​ដែរ៕

អត្ថបទដោយ៖ Si Fong

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។