ដំបូន្មានដ៏មានតម្លៃពីមេ Amazon លោក Jeff Bezos សម្រាប់អ្នកជំនួញ

1658

Amazon បានបង្កើតឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៤ មានទីតាំងនៅទីក្រុង Seattle រដ្ឋធានី Washington សហរដ្ឋអាមេរិក។ Jeff Bezos បានចំណាយពេលស្ទើរពេញមួយជីវិតរបស់លោក ក្នុងការបង្កើតក្រុមហ៊ុនលក់ផលិតផលតាមអនឡាញដ៏ធំបំផុតនេះឡើង ដោយគំនិតរបស់គាត់ដំបូង គឺគ្រាន់តែចង់បើកហាងលក់សៀវភៅតាមប្រព័ន្ធអ៉ីនធឺណិតមួយតែប៉ុណ្ណោះ។ រហូតមកទល់បច្ចុប្បន្ន Jeff Bezos បានឈរលេខរៀងទីមួយក្នុងទស្សនាវដ្ដី Forbes ដែលបានចុះផ្សាយនៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៨ ជាមហាសេដ្ឋីដែលមានជាងគេលើលោក ជាមួយនិងទ្រព្យសម្បត្តិសរុប ១១២ ពាន់លានដុល្លារអាមេរិក។ ខាងក្រោមនេះ ជាទ្រឹស្តីសំខាន់ៗក្នុងការធ្វើជំនួញមួយចំនួនពីលោក Jeff Bezos

រៀនសូត្រពីមនុស្សដែលត្រឹមត្រូវ

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ការរៀន គឺគ្មានទីបញ្ចប់។ រៀន គឺជាការអនុវត្តឥតឈប់ឈរ។ អ្នកត្រូវរៀនរស់នៅជាមួយមនុស្សដែលធ្វើឱ្យអ្នករីកចម្រើន ជាជាងរស់នៅជាមួយមនុស្សដែលនាំអ្នកឱ្យដុនដាប។ នៅពេលជួលមនុស្សសម្រាប់ក្រុមហ៊ុន អ្នកត្រូវរើសអ្នកណាដែលអាចបំពេញការងារតែម្នាក់ឯងបានល្អ និងអាចធ្វើការដោយចុះសម្រុងគ្នាជាមួយបុគ្គលិកដទៃទៀត។ ជាពិសេស អ្នកគួរជួលមនុស្សណាដែលអាចបង្រៀនអ្វីដែលថ្មីដល់អ្នក និងចេះចែករំលែកចំណេះដឹងដល់បុគ្គលិកផ្សេងទៀត។

អតិថិជនគឺជាស្ដេច

ចាប់តាំងពីបើក Amazon លើកដំបូង លោក Jeff តែងតែចាត់ទុកអតិថិជនជាមនុស្សសំខាន់ជាងអ្វីៗទាំងអស់។ គាត់បានលើកឡើងថា បើអតិថិជនពេញចិត្ត ពួកគេនឹងមកទិញរហូត។ អ្នកត្រូវយកចិត្តទុកដាក់ឱ្យខ្លាំងចំពោះអតិថិជន ជាជាងក្រុមហ៊ុនដែលជាគូរប្រជែងរបស់អ្នក។ គ្មានក្រុមហ៊ុនណាអាចឈរជើងបានយូរទេ បើគ្មានការគាំទ្រពីអតិថិជននោះ។

ស្តាប់ពាក្យរិះគន់

បើអ្នកជាម្ចាស់ក្រុមហ៊ុនមួយ អ្នកត្រូវចេះទទួលស្គាល់ការរិះគន់ពីអតិថិជន។ ការស្ដាប់ពាក្យរិះគន់ ជួយឱ្យអ្នកដឹងអំពីចំណុចខ្សោយនៃអាជីវកម្មរបស់អ្នក ហើយធ្វើការកែតម្រូវចំណុចខ្វះខាតទាំងនោះឱ្យមានប្រសិទ្ធភាពឡើងវិញ។ ពេលខ្លះ ពាក្យរិះគន់ ធ្វើឱ្យអ្នកពិបាកទ្រាំ ប៉ុន្តែអ្នកមិនគួរគេចវេស មិនទទួលស្តាប់ពាក្យទិតៀនលើភាពអវិជ្ជមានរបស់អ្នកទេឡើយ។

បង្កើតកេរ្តិ៍ឈ្មោះ

មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែអាចធ្វើកិច្ចការពិបាកឱ្យទៅជាស្រួលបានទេ។ វិធីមួយដើម្បីកសាងកេរ្តិ៍ឈ្មោះគឺ ធ្វើរឿងដែលពិបាកឱ្យទៅជារឿងងាយស្រួល។ បើជាក្រុមហ៊ុន អ្នកត្រូវបង្កើតកេរ្តិ៍ឈ្មោះឱ្យវា មិនមែនផ្តោតតែលើ Brand នៃផលិតផល ឬសេវាកម្មនោះទេ តែជាកេរ្តិ៍ឈ្មោះដែលបានមកពីការចូលរួមជួយសង្គម។

ធ្វើការវិវត្តខ្លួន

ក្រុមហ៊ុនមួយដែលមិនផ្តោតលើការច្នៃប្រឌិតរបស់ខ្លួន ក្រុមហ៊ុននោះនិងបាត់បង់អតិថិជនបន្តិចម្តងៗ ហើយមិនយូរមិនឆាប់នឹងត្រូវដួលរលំ។ អ្នកត្រូវតាមឱ្យទាន់ការវិវត្តរបស់បច្ចេកវិទ្យា អភិវឌ្ឍក្រុមហ៊ុនជាប្រចាំ និងកុំខ្លាចក្នុងការប្រឈមមុខជាមួយហានិភ័យនានា។ ផ្ទុយទៅវិញ យុទ្ធសាស្រ្តដែលធ្លាប់ប្រើជោគជ័យក្នុងអតីតកាល ប្រហែលជាមិនអាចនាំអ្នកឱ្យទទួលជ័យជម្នះនាពេលបច្ចុប្បន្នបានទេ។ ដូច្នេះ អ្នកត្រូវធ្វើការវិវត្តអ្វីថ្មីៗនៃផលិតផលរបស់អ្នក ដើម្បីរក្សាអតិថិជនចាស់ និងទាក់ទាញអតិថិជនថ្មីបន្ថែមទៀត។

ជួលមនុស្សពូកែៗ

អ្នកគួរជួលបុគ្គលិកដែលមានទេពកោសល្យ អាចបំពេញការងារបានច្រើនយ៉ាង និងជាមនុស្សដែលមានទស្សនៈចង់ធ្វើជាអ្នកដឹកនាំនៅថ្ងៃក្រោយ។ ក្រុមហ៊ុនដែលជោគជ័យ គឺជាក្រុមហ៊ុនដែលអាចទាក់ទាញមនុស្សដែលមានសមត្ថភាពចង់ធ្វើជាម្ចាស់ក្រុមហ៊ុនដោយខ្លួនឯង ឱ្យមកធ្វើការ។

បង្កើតភាពខុសគ្នា

មានក្រុមហ៊ុនធំមួយគឺ មិនទាន់គ្រប់គ្រាន់ទេ។ អ្នកគួរប្រើប្រាស់ក្រុមហ៊ុន និងឥទ្ធិពលរបស់អ្នកមកបង្កើតភាពខុសប្លែកវិជ្ជមានមួយនៅក្នុងសង្គមដូចជា បង្កើតមូលនិធិសប្បុរសធម៌ បរិច្ចាកប្រាក់ដល់មន្ទីរពេទ្យ ឬអង្គការសង្រ្គោះកុមារកំព្រារ ជនពិការ ស្ត្រីទុរគត ចាស់ជរា និងប្រជាជនរងគ្រោះដោយសារបញ្ហាធម្មជាតិជាដើម៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕