របៀបឆ្លុះកញ្ចក់អាជីវកម្ម ចង់ដឹងថាខ្លាំង ខ្សោយ មានឱកាស និងគ្រោះអ្វីខ្លះ (SWOT analysis)

4487

ការវិភាគយុទ្ធសាស្ត្រ គឺជាការវិភាគមួយដោយឈរលើការវាយតម្លៃមុនពេលចេញរកស៊ី ឬធ្វើកំណែទម្រង់ថ្មីលើ ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងចំណុចប្រឈម ដែលនឹងកើតឡើងនៅក្នុងកាលៈទេសៈជាក់ស្តែង។ ការវិភាគនេះ ជាទូទៅគេប្រើជាផ្នែកមួយក្នុងគម្រោងធ្វើទីផ្សារ ប៉ុន្តែវាក៏ជាវិធីសាស្ត្រល្អមួយសម្រាប់គម្រោងអាជីវកម្មទាំងមូលផងដែរ ហើយវាចាប់ផ្តើមសរសេរឡើងដោយការពិភាក្សាសមាជិកក្រុមទាំងអស់ ពិភាក្សាគ្នាថាអាជីវកម្មរបស់ពួកគេ មានចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈមអ្វីខ្លះ។ ក្នុងកំឡុងពេលពិភាក្សានេះ សមាជិកនិមួយៗប្រាកដជាមានគំនិតខុសៗគ្នា តែក៏មានចំណុចខ្លះដូចគ្នាដែរ បន្ទាប់មកពួកគេកត់ត្រាគំនិតទាំងអស់ដែលបានមកពីការវិភាគទាំងនោះ។ 

អត្ថបទមួយនេះនឹងប្រាប់ពីការវិភាគ SWOT ជាជំហានៗដើម្បីឲ្យមានភាពងាយស្រួល និងមានប្រសិទ្ធភាព៖

ដំបូងគូសតារាងជាបួនផ្នែកដូចខាងលើ (អ្នកអាចគូសតាមរបៀប ឬស្តាយដែលអ្នកចូលចិត្តក៏បាន)

ខាងក្រោមនេះគឺជាសំណួរតាមផ្នែកនិមួយៗ ដែលត្រូវលើកឡើងក្នុងពេលពិភាក្សាក្រុម ក្នុងកិច្ចការវិភាគនេះ។ តែបើអ្នកមានម្នាក់ឯង ធ្វើវាម្នាក់ឯងក៏បាន។

ចំណុចខ្លាំង៖ ចំណុចមួយនេះ អ្នកត្រូវគិតលើសម្ថភាពខ្លួនឯងថាម្នាក់ៗចេះអ្វីខ្លះដែលអាចប្រើការបាន និងសម្ថភាពអាជីវកម្មទាំងមូល (ទុន និងគំនិតអាជីវកម្មជាដើម) ដែលអាចដាក់គម្រោងរបស់អ្នកឲ្យដំណើរការទៅបានដោយជោគជ័យ។ ទាំងនេះគឺជា សំណួរយុទ្ធសាស្ត្រដែលអ្នកអាចប្រើដើម្បីស្វែងរកភាពខ្លាំង៖

 • តើអ្វីដែលអ្នកពូកែ និងចូលចិត្តធ្វើជាងគេ?
 • តើអ្នកមានជំនាញអ្វីពិសេសទេ ហើយបើមានវាជាអ្វី?
 • តើអ្នកមានបទពិសោធន៍អ្វីខ្លះ ឬអត់?
 • តើអ្វីដែលអ្នកមានល្អជាង បើធៀបនឹងគូប្រជែង?
 • តើប្រភពចំណូលច្រើនជាងគេនៃអាជីវកម្មរបស់អ្នក បានមកពីណា?

ចំណុចខ្សោយ៖ ចំណុចមួយនេះ អ្នកត្រូវគិតថាមានអ្វីខ្លះដែលអ្នកកំពុងខ្សោយ។ ចំណុចខ្សោយតែងតែមាន ប៉ុន្តែតើអ្នកត្រូវធ្វើយ៉ាងណា ដើម្បីកំចាត់ចំណុចខ្សោយទាំងនោះ។

 • តើមានចំណុចណាដែលទន់ខ្សោយ ក្នុងរង្វង់ប្រតិបត្តិការទាំងមូល?
 • អ្វីដែលអ្នកកំពុងខ្វះ? (វាអាចជាដើមទុន ធន់ធានមនុស្ស សម្ភារៈជាដើម)
 • តើមានប្រតិបត្តិការនៃផ្នែកណាមួយដែលមិនអាចរកចំណូលបានទេ?
 • តើមានផ្នែកណាមួយ ដែលអ្នកត្រូវការរៀន និងដកស្រង់បទពិសោធន៍បន្ថែមដែរទេ?
 • តើអ្នកមានពេល និងមានលុយប៉ុន្មាន? (អ្នកខ្លះមានលុយតែគ្មានពេល ឯអ្នកខ្លះទៀតមានពេលតែគ្មានលុយ)

ឱកាស៖ ចំណុចនេះ អ្នកត្រូវដឹងអំពីស្ថានភាពខាងក្រៅ ដែលអាចជាឱកាសល្អបំផុតសម្រាប់អ្នក។

 • តើគោលដៅនៃអាជីវកម្មរបស់អ្នក គឺជាអ្វី?
 • តើអ្នកមានអតិថិជនខ្លះដែលកំពុងរង់ចាំទិញផលិតផល ឬសេវាកម្មរបស់អ្នកហើយឬនៅ? 
 • តើអ្នកមានវិធីអ្វី ធ្វើឲ្យអតិថិជនគាំទ្រអ្នកកាន់តែច្រើន?
 • តើអ្នកនិងប្រើមធ្យោបាយបច្ចេកវិទ្យាអ្វី ដើម្បីជួយឲ្យអាជីវកម្មរបស់អ្នកប្រតិបត្តិការបានលឿន?
 • តើទីតាំងរបស់អ្នក នៅចំទីតាំងរបស់អតិថិជនគោលដៅឬអត់?
 • តើមានផលិតផល និងសេវាកម្មណាដែលហុចឱកាសឲ្យអ្នក ឬអត់?
 • តើនៅក្នុងទីផ្សារ មានផលិតផល ឬសេវាកម្មណាស្រដៀងអ្នកឬទេ? បើមិនទាន់មាន ហើយមានតម្រូវការគ្រាន់បើ នោះហើយគឺជាឱកាស។

ចំណុចប្រឈម៖ ចំណុចនេះ អ្នកត្រូវគិតដល់លក្ខណ្ឌដែលអាចធ្វើឲ្យអ្នកដួល។ 

 • តើឧបសគ្គអ្វីខ្លះដែលអ្នកត្រូវប្រឈមមុខ?
 • តើគូប្រជែងធំៗរបស់អ្នក មានចំណុចខ្លាំងអ្វីខ្លះ?
 • តើចំណុចពិសេសអ្វីដែលអ្នកមិនមាន តែគូប្រជែងរបស់អ្នកមាន?
 • តើលក្ខណ្ឌសេដ្ឋកិច្ចយ៉ាងម៉េចដែរ? (អ្នកមិនអាចបើកហាងលក់របស់ថ្លៃៗ នៅទីកន្លែងដែលប្រជាជនមានចំណូលទាបទេ ហើយបើអាជីវកម្មរបស់អ្នកមានប្រតិបត្តិការទូរទាំងប្រទេស អ្នកត្រូវគិតដល់លក្ខណ្ឌសេដ្ឋកិច្ច)
 • តើទីផ្សារនៃអាជីវកម្មរបស់អ្នក មានតាមរដូវកាលឬអត់? (ឧទាហរណ៍ បើអ្នកលក់ការ៉េម អញ្ចឹងចំណុចប្រឈមរបស់អ្នក គឺលក់មិនសូវដាច់នៅរដូវភ្លៀង និងរដូវរងារ។ បើអ្នកបើកហាងលក់សម្លៀកបំពាក់ ការលក់កើនឡើងខ្ពស់នៅរដូវបុណ្យទានធំៗ ដូចជាចូលឆ្នាំថ្មី និងភ្ជុំបិណ្យជាដើម តែសម្រាប់ថ្ងៃធម្មតាប្រាកដជាស្ងាត់។ បើអ្នកបើកសណ្ឋាគារនៅតាមកោះ ភ្ញៀវនិងស្ងាត់នៅរដូវភ្លៀង។ ដូច្នេះហើយ ទើបអ្នកឃើញហាងការ៉េម ហើយរមណីយដ្ឋាននៅតាមកោះ តែងតែបង្កើតកម្មវិធីបញ្ចុះតម្លៃ ឬប្រូម៉ូសិនផ្សេងៗនៅរដូវភ្លៀង…)

ប្រមូលទិន្នន័យដែលបានមកពីការវិភាគចុងក្រោយ រួចហើយរាយនៅក្នុងតារាង SWOT ដែលគូសហើយ

ចំណុចពិសេសមួយក្នុងការវិភាគ SWOT គឺយើងអាចប្រើវាដើម្បីបង្កើតយុទ្ធសាស្ត្រថ្មីបន្ថែម ហើយនិងគោលដៅថ្មីសម្រាប់អាជីវកម្មរបស់អ្នក។ ឧទាហរណ៍៖ 

 • អ្នកអាចបង្កើតគម្រោងមួយ ក្នុងគោលដៅធ្វើយ៉ាងណាឲ្យចំណុចខ្លាំងរបស់អ្នក កាន់តែខ្លាំងឡើង។
 • អ្នកអាចដឹងថាធ្វើយ៉ាងណា ដើម្បីពង្រឹងអ្វីដែលអ្នកកំពុងខ្សោយ។
 • កំណត់គោលដៅប្រើប្រាស់ឱកាសដែលមាន ឲ្យមានប្រសិទ្ធភាពបំផុត។
 • ប្រើចំណុចខ្លាំងរបស់អ្នក ដើម្បីទប់ស្កាត់ចំណុចប្រឈម។

បន្ទាប់មក អ្នកគួរច្របាច់ចំណុចនៃតារាងទាំងបួនចូលគ្នា ដើម្បីបង្កើតយុទ្ធសាស្ត្រជាច្រើនទៀត។ ឧទាហរណ៍៖ 

 • ច្របាច់ ចំណុចខ្លាំង និង ឱកាស រួចហើយរកវិធីបង្កើតយុទ្ធសាស្ត្រ ឬឱកាសថ្មីមួយទៀត។
 • ច្របាច់ ចំណុចខ្សោយ និង ចំណុចប្រឈម ដើម្បីរកវិធីថ្មី បង្ការចំណុចប្រឈមទាំងនោះ។
 • បង្កើតតារាងរាយចំណុចខ្សោយដែលអ្នកត្រូវពង្រឹង និងចំណុចគ្រោះថ្នាក់បំផុតដែលអ្នកត្រូវជៀសវាង។

នៅពេលអ្នកធ្វើគ្រប់ដំណាក់កាលអស់ហើយ អ្នកនឹងមានអារម្មណ៍ថា ស្គាល់ខ្លួនឯងកាន់តែច្រើន ដឹងពីអាជីវកម្មរបស់ខ្លួនកាន់តែច្រើន និងរកឃើញអ្វីថ្មីៗក៏កាន់តែច្រើន៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។