អ្នក IT មានឱកាសច្រើនក្នុងការប្រែក្លាយខ្លួនជាសហគ្រិន?

1631

ធ្វើជាសហគ្រិនម្នាក់ មានជំនាញច្រើនណាស់ដែលអ្នកត្រូវចេះដើម្បីបង្កើនឱ្យកាសជោគជ័យ បើទោះបីជាអាជីវកម្មរបស់អ្នកមានមនុស្សធ្វើការឱ្យ ឬ អ្នកធ្វើវាតែម្នាក់ឯងក៏ដោយ។ ជំនាញទាំងនោះរួមមាន ជំនាញគណនេយ្យ រៀបចំផែនការហិរញ្ញវត្ថុ រៀបចំរចនាសម្ព័ន្ធក្រុមហ៊ុន ជំនាញទីផ្សារ ទំនាក់ទំនង និងជំនាញលក់ជាដើម។ -ល- ។ ហើយដើម្បីគ្រប់គ្រងអាជីវកម្មឱ្យកាន់តែល្អ សហគ្រិនគ្រប់រូបមិនគួរមើលរំលងជំនាញផ្នែកពត៌មានវិទ្យា ឬ ជំនាញ IT នោះទេ។ ដើម្បីបង្ហាញថាសហគ្រិនគួរចេះជំនាញ IT យើងក្រឡេកមកមើលហេតុផលដូចខាងក្រោម៖

គ្រប់គ្រងប្រតិបត្តការក្រុមហ៊ុន

សហគ្រិនវៃឆ្លាតដឹងអំពីសារៈសំខាន់ក្នុងការទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ បច្ចុប្បន្ននេះ បច្ចេកវិទ្យា បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការរបស់អាជីវកម្ម។ ជំនាញផ្នែកពត៌មានវិទ្យា អាចជួយកាត់បន្ថយការចំណាយប្រាក់ ចំណេញពេលវេលា ជួយឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុនបានល្អ និងមិនចាំបាច់ពឹងអ្នកមានជំនាញ IT ពីខាងក្រៅច្រើន។ ទោះជាយ៉ាងណា ការពឹងផ្អែកលើបច្ចេកវិទ្យាក៏មានគុណវិបត្តិផងដែរ បើសិនជាកម្មវិធី software របស់អ្នកមានបញ្ហា។

ដើម្បីទទួលបានពត៌មាន និងចំណេះដឹងបន្ថែមផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ និងជំនាញ IT លោកអ្នកអាចចូលទៅកាន់វេបសាយ Byte-Notes.com។

បង្កើតវេបសាយដោយខ្លួនឯង

វេបសាយ គឺជាឧបករណ៍ធ្វើទីផ្សារនាំមុខមួយក្នុងអាជីវកម្ម។ វាពិតជាចាំបាច់ណាស់ ដែលអ្នកគួរមានវេបសាយសម្រាប់ខ្លួនឯង។ បើអ្នកចេះជំនាញ IT អ្នកអាចបង្កើតវេបសាយឱ្យមានភាពទាក់ទាញមួយដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយពត៌មានថ្មីអំពីផលិតផល ជួយជម្រុញការលក់ និងបង្កើនទំនាក់ទំនងជាមួយអតិថិជន។ ប្រសិនបើអ្នកទិញវេបសាយពីគេ អ្នកក៏នឹងត្រូវចំណាយប្រាក់លើថ្លៃសេវាកម្ម Hosting និង Domain ប្រចាំខែ ឬ ប្រចាំឆ្នាំដើម្បីការពារសុវត្ថិភាពវេបសាយរបស់អ្នកដែរ។ ដូច្នេះ អ្នកគួរតែបង្កើតវេបសាយមួយដោយខ្លួនឯង ចៀសវាងការចំណាយប្រាក់ច្រើន។ អ្នកអាចចូលទៅកាន់គេហទំព័រ wordpress.com ដើម្បីសិក្សាពីរបៀបបង្កើតវេបសាយដោយខ្លួនឯង ប៉ុន្តែវាទាមទារឱ្យអ្នកមានចំណេះដឹងផ្នែកសរសេរកូដ។

ចេះប្រើប្រាស់បណ្ដាញសង្គមបានច្បាស់

អ្នកគួរតែចេះប្រើប្រាស់បណ្ដាញសង្គមឱ្យបានច្រើនដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនដូចជា Facebook, Twitter និង Instagram។ ជាងនេះទៅទៀត អ្នកគួរស្វែងយល់អំពីរបៀបក្នុងការបង្ហោះផ្សាយផលិតផល ពេលណាដែលត្រូវបង្ហោះ និងប្រើប្រាស់សញ្ញា #Hastag បែបណា។ ល។ ទាំងនេះក៏ចាត់ទុកថាជាជំនាញពត៌មានវិទ្យាដែលសហគ្រិនគួរមាន ហើយវាក៏ជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយ Brand ដល់ក្រុមហ៊ុនរបស់អ្នកដែរ។

ការធ្វើអាជីវកម្ម មានការប្រែប្រួលឥតឈប់ឈរពីសម័យកាលមួយទៅសម័យកាលមួយ។ ការវិវឌ្ឍនៃបច្ចេកវិទ្យា និងកម្មវិធី software កុំព្យូរទ័រ គឺជាឧបករណ៍ដ៏ងាយស្រួលសម្រាប់ដំណើរការអាជីវកម្ម។ បើអ្នកមានចំណេះដឹងផ្នែកពត៌មានវិទ្យាកាន់តែច្រើន នោះការចំណាយរបស់អ្នកក្នុងការធ្វើអាជីវកម្មគឺកាន់តែថយចុះ៕

ប្រភព៖ thestartupmag

អត្ថបទដោយ៖ Ciel

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕