កាលពីពេលថ្មីៗនេះមានការលេចឡើងនូវពាក្យបណ្ដឹងមួយនៅលើ change.org ដែលទាមទារអោយក្រុមហ៊ុន Apple ប្រមូលរាល់ MacBook Pro 2016 ទាំងឡាយណាដែលមានបញ្ហាក្ដារចុច។ លោក Matthew Taylor ដែលជាអ្នកដឹកនាំក្នុងការដាក់ពាក្យបណ្ដឹងនេះបានបង្ហាញពីបំណងក្នុងការប្រមូលអោយបាន 5000 ហត្ថលេខាពីម្ចាស់ MacBook Pro ណាដែលក្ដារចុចរបស់ខ្លួនមានបញ្ហា។
នៅក្នុងពាក្យបណ្ដឹងនោះសរសេរថា “វាល្មមដល់ពេលដែលក្រុមហ៊ុន Apple ប្រមូលយកវិញនូវរាល់ MacBook Pro ជំនាន់ 2016 ទាំងអស់ ហើយប្ដូរមកវិញនូវក្ដារចុចថ្មីដែលអាចប្រើប្រាស់បានដោយគ្មានបញ្ហា។ គ្រប់ MacBook Pro ជំនាន់ 2016 ទាំងអស់សុទ្ធតែបានលក់ដោយភ្ជាប់មកជាមួយក្ដារចុចដែលអាចនឹងមិនដំណើរការនៅពេលមិនកំណត់ណាមួយ។”

បញ្ហានេះចាប់កើតឡើងដំបូងនៅឆ្នាំ 2016 នៅពេលដែលក្រុមហ៊ុន Apple បានបញ្ចេញនូវក្ដារចុចថ្មីដែលហៅថា Batterfly Switch។ Apple បានលើកសរសើរថាបច្ចេកវិទ្យនេះ គឺប្រើប្រាស់នូវប្រព័ន្ធមេកានិចថ្មីដែលអាចអោយអ្នកប្រើប្រាស់ចុចបានច្បាស់ និងលឿនជាងមុន។ ផ្ទុយទៅវិញ វាបែរជាបានទទួលរងនូវការរិះគន់ពីអ្នកប្រើប្រាស់ដោយពួកគេថាពេលខ្លះគ្រាប់ចុចនីមួយៗនៅជាប់ស្ទះមិនដំណើរការ ហើយគ្រាប់ចុចដកឃ្លាបែរជាបង្កើតឡើងនូវការដកឃ្លាពីរដង ទោះបីជាពួកគេចុចតែម្ដងក៏ដោយ។
ទោះបីជាពេលនេះ ពួកគេមិនទាន់ទទួលបានការឆ្លើយតបពី ក្រុមហ៊ុន Apple តែការដាក់ពាក្យបណ្ដឹងនេះអាចអោយ Apple ដឹងពីចំនុចខ្វះខាតក្នុងការឌីស្សាញក្ដារចុច និងការមិនពេញចិត្តរបស់អតិថិជនរបស់ខ្លួន ដើម្បីកែប្រែកំហុសរបស់ខ្លួន កុំអោយកើតមានចំពោះ MacBook Pro ជំនាន់ក្រោយៗទៀត។
ប្រភព Fortune
ប្រែសម្រួលដោយ៖ David
