OYO Rooms តែជាទូទៅគេហៅ OYO គឺជាសេវាកម្មបដិសណ្ឋារកិច្ច និងផ្តល់បណ្តាញសណ្ឋាគារឱ្យភ្ញៀវស្នាក់អាស្រ័យដែលមានតម្លៃថោករបស់ឥណ្ឌា។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយស្ថាបនិកវ័យក្មេងម្នាក់។ ចាប់តាំងពេលចាប់ផ្តើម ក្រុមហ៊ុន OYO បានរីកដុះដាលរហូតមានសណ្ឋាគារជាដៃគូជាង ៨៥០០ លើបណ្ដាទីក្រុងប្រមាណជា ២៣០ នៅក្នុងប្រទេសឥណ្ឌា ម៉ាឡេស៊ី និងប្រទេសនេប៉ាល់។
Ritesh Agarwal បានក្លាយជាសេដ្ឋី តាំងពីអាយុ ២១ ឆ្នាំ ហើយឆ្នាំនេះ គេមានអាយុ ២៣ ឆ្នាំហើយ។ Ritesh គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OYO Rooms។ តើសេដ្ឋីវ័យជំទង់នេះជាមនុស្សបែបណា? តើគេបានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ដល់សេវាកម្ម និងកន្លែងស្នាក់នៅបណ្ដោះអាសន្នដែលមានតម្លៃសមរម្យនេះយ៉ាងម៉េច? ខាងក្រោម គឺជារឿងរ៉ាវរបស់ Ritesh Agarwal ដែលពុំសូវមានអ្នកដឹង។ ថាមិនត្រូវ ពេលអានចប់ វាអាចឱ្យអ្នកនឹកឃើញរឿងអ្វីមួយដែលអ្នកចង់ធ្វើក៏ថាបាន៖
គំនិតបើកក្រុមហ៊ុន OYO
រឿងដ៏ចម្លែកនោះគឺថា Ritesh មានគំនិតចង់បើកក្រុមហ៊ុនផ្តល់សេវាកម្មមួយនេះ នៅពេលដែលគេស្នាក់នៅជាមួយសាច់ញាតិរបស់គេ ដែលពេលនោះ គេធ្វើការជាអ្នកទទួលខុសត្រូវផ្នែកតេលេទូរទស្សន៍ (TV remote)។ ក្នុងស្ថានភាពបែបនោះ បែរជាធ្វើឱ្យ Ritesh អាចនឹកឃើញពីគំនិតបើកក្រុមហ៊ុន OYO ទៅវិញ។
Ritesh ចាប់ផ្ដើមរៀនចេះសរសេរកូដនៅអាយុ ១៧ ឆ្នាំ
តើមានមនុស្សប៉ុន្មាននាក់អាចចេះសរសេរកូដ (Technology Code) ក្នុងវ័យ ១៧ ឆ្នាំ? បើអ្នកធ្លាប់ អ្នកគឺជាមនុស្សមានទេពកោសល្យ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលអាចរៀនចេះសរសេរកូដនៅអាយុប៉ុណ្ណេះ ព្រោះវាទាមទារចំណេះដឹងច្រើនខាងផ្នែកពត៌មានវិទ្យា។ លើសពីនេះ Ritesh ក៏ជាអ្នកចងក្រងសៀវភៅ The Encyclopaedia of Indian Engineering Colleges ដែលលក់ដាច់បំផុតមួយផងដែរ។
នាយករដ្ឋមន្រ្តី Narendra Modi ធ្លាប់ភ្ញាក់ផ្អើលចំពោះ Agarwal
កាលពីខែ មករា ឆ្នាំ ២០១៦ លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi មានប្រសាសន៍ថា “ពេលដែលខ្ញុំបានលឺក្មេងជំទង់នេះនិយាយអំពី OYO ខ្ញុំបានគិតភ្លាមថាតើខ្ញុំអាចនឹកឃើញពីគំនិតបង្កើតបណ្ដាញសណ្ឋាគារនៅអាយុ១៧ឆ្នាំបានដែរឬទេ”។
ជោគជ័យក្នុងវ័យ ១៨ ឆ្នាំ
នៅអាយុ ១៨ ឆ្នាំ Agarwal ធ្លាប់បានទទួលជោគជ័យ ដោយការបង្កើត Oravel Stay ក្នុងឆ្នាំ ២០១១។ Oravel Stay គឺជាក្រុមហ៊ុនជួលតាមអនឡាញ ដែលយកគំរូតាម Airbnb ដែលទទួលបានការវិនិយោគពីក្រុមហ៊ុន VentureNursery។ Airbnb គឺជាក្រុមហ៊ុនអាមេរិកមួយដែលប្រតិបត្តិការលើទីផ្សារអនឡាញ និងផ្តល់សេវាកម្មបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវស្នាក់នៅរយៈពេលខ្លី។ VentureNursery ជាក្រុមហ៊ុនឥណ្ឌាដែលបណ្ដាក់ទុនដល់ក្រុមហ៊ុនថ្មីៗ។
ដំណឹងដ៏អស្ចារ្យ
Agarwal ត្រូវបានគេជ្រើសរើសជាជនជាតិឥណ្ឌាដ៏សំខាន់មួយរូប ដែលទទួលបានអាហាររូបករណ៍ Thiel Fellowship។ គេមិនត្រឹមតែទទួលបានជំនួយ ១ សែនដុល្លារពីមូលនិធិ Thiel ប៉ុណ្ណោះទេ តែថែមទាំងទទួលបានការគាំទ្រពី Silicon Valley ដល់ក្រុមហ៊ុនរបស់គេទៀតផង។
បញ្ចប់ការសិក្សាក្នុងនាមជាសមាជិកក្រុម Thiel Fellow
Ritesh Agarwal ជាជនជាតិអាស៊ីដំបូងគេដែលបានបញ្ចប់ការសិក្សាក្នុងនាមជាសមាជិកក្រុម Thiel Fellow ។ Thiel Fellowship គឺជាអង្គការផ្ដល់មូលនិធិ ១ សែនដុល្លារអាមេរិករយៈពេលពីរឆ្នាំដល់ប្រជាជនវ័យក្មេងដែលចង់បង្កើតអ្វីថ្មីៗ ជាពិសេសនិស្សិតដែលបោះបង់ការសិក្សាក្រោមអាយុ ២២ ឆ្នាំ ដើម្បីបន្តក្តីស្រមៃរបស់ពួកគេ។ អង្គការនេះគាំទ្រដោយអ្នកបង្កើត PayPal លោក Peter Thiel៕
អត្ថបទដោយ៖ Ciel
