ស្វែងយល់ពីប្រភេទក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា

6066

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសក្តានុពល ខ្លាំងសម្រាប់អ្នកវិនិយោគទាំងក្នុង​​ និងក្រៅប្រទេស។ ហេតុនេះហើយទើបរាជរដ្ឋាភិបាសនៃប្រទេសកម្ពុជាបានបែងចែកនូវប្រភេទក្រុមហ៊ុន ដើម្បីធ្វើឲ្យមានតម្លាភាពរវាងភាគ្គីពាក់ពន្ធ័ ក្នុងគោលបំណងបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងអំឡុងពេលធ្វើប្រតិបត្តិការ។ ខាងក្រោមនេះជាប្រភេទក្រុមហ៊ុនក្នុងប្រទេសកម្ពុជា :

1.   ក្រុមហ៊ុនឯកកម្មសិទ្ធិ/សហគ្រាសឯកបុគ្គល

ក្រុមហ៊ុនឯកកម្មសិទ្ធិមានន័យថា បុគ្គលតែម្នាក់ជាមនុស្សដែលមានកម្មសិទ្ធិ និងដំណើរការលើអាជីវកម្ម។ បុគ្គលម្នាក់នេះជាម្ចាស់កម្មសិទ្ធិនៃដើមទុនទាំងអស់ និងមានសិទ្ធិទទួលប្រាក់ចំណេញទាំងអស់របស់ក្រុមហ៊ុន។ លើសពីនេះ រាល់កាតព្វកិច្ច និងបំណុលទាំងអស់ក៏ជាទំនួលខុសត្រូវរបស់ម្ចាស់កម្មសិទ្ធិផងដែរ។ ក្រុមហ៊ុនដែលចុះឈ្មោះជាប្រភេទ ក្រុមហ៊ុនឯកកម្មសិទ្ធិ ត្រូវបានចាត់ទុកជាអ្នកជាប់ពន្ធតូច។

2.   ក្រុមហ៊ុនសហកម្មសិទ្ធិ (ភាពជាដៃគូ)

ប្រសិនបើអ្នកមានសមាជិកចាប់ពី 2 នាក់ឡើងទៅ អ្នកអាចចុះឈ្មោះជា ក្រុមហ៊ុនសហកម្មសិទ្ធិ។ វាស្រដៀងទៅនឹងក្រុមហ៊ុនឯកកម្មសិទ្ធិដែរ ប៉ុន្តែក្រុមហ៊ុនសហកម្មសិទ្ធិមានម្ចាស់ហ៊ុនរួមចាប់ពី 2 នាក់ឡើងទៅ។ ប្រសិនបើអ្នកបើកក្រុមហ៊ុនប្រភេទនេះ អ្នកគួរតែមានកិច្ចសន្យាដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានឡើង។ ដៃគូអាជីវកម្មទាំងអស់នឹងត្រូវទទួលខុសត្រូវរួមចំពោះបំណុលនិងកាតព្វកិច្ចក្នុងក្រុមហ៊ុន។

3.    ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត (ភាពជាដៃគូមានកម្រិត)

ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត គឺស្រដៀងនឹងក្រុមហ៊ុនសហកម្មសិទ្ធិទូទៅដែរ។ ប៉ុន្តែដៃគូអាជីវកម្មម្នាក់មានទំនួលខុសត្រូវមានកម្រិត។ វាមានន័យថា ដៃគូអាជីវកម្មនេះមិនទទួលខុសត្រូវលើបំណុលនិងកាតព្វកិច្ចរបស់ក្រុមហ៊ុនឡើយ។ គេគ្រាន់តែចង់វិនិយោគក្នុងក្រុមហ៊ុន ប៉ុន្តែគេមិនចង់ជាប់ពាក់ព័ន្ធជាមួយបំណុលឬកាតព្វកិច្ចដែលកើតឡើងក្នុងអាជីវកម្មឡើយ។ ប្រសិនបើក្រុមហ៊ុនមិនបានជូនដំណឹងដល់ក្រសួងពាណិជ្ជកម្មអំពីការទទួលខុសត្រូវមានកម្រិតនៃដៃគូអាជីវកម្មនោះទេ ក្រសួងនឹងចាត់ទុកវាដូចជាសហកម្មសិទ្ធិទូទៅ។

4.    ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (ឯកជនមានកម្រិត)

ប្រភេទក្រុមហ៊ុននេះ គឺដូចទៅនឹង “សហគ្រាសបែបបុរាណ” ដែលក្នុងនោះមាន នាយកគ្រប់គ្រង និងម្ចាស់ភាគហ៊ុន។ ពួកគេមិនទទួលខុសត្រូវលើបំណុលក្រុមហ៊ុនដោយរៀងខ្លួនឡើយ។ ក្រុមហ៊ុនប្រភេទនេះមានម្ចាស់ភាគហ៊ុនចាប់ពី 2 ទៅ30 នាក់។ ប្រភេទក្រុមហ៊ុនភាគច្រើន គឺក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ពីព្រោះក្រុមហ៊ុនប្រភេទនេះមានហានិភ័យតិចចំពោះបុគ្គលម្នាក់ៗដែលជាម្ចាស់ក្រុមហ៊ុន។ យ៉ាងណាមិញ ក្រុមហ៊ុននេះប្រឈមមុខនឹងការបង់ប្រាក់ពន្ធច្រើន និងមានទំនួលខុសត្រូវផ្នែកគណនេយ្យខ្ពស់ផងដែរ។

5.    ក្រុមហ៊ុនឧបសម្ព័ន្ធ សាខា ឬតំណាង នៃក្រុមហ៊ុនបរទេស

ទោះបីជាក្រុមហ៊ុនបានចុះឈ្មោះជាក្រុមហ៊ុនមួយផ្សេងទៀតក៏ដោយ ការិយាល័យរបស់ក្រុមហ៊ុនឧបសម្ព័ន្ធ សាខា ឬក្រុមហ៊ុនតំណាង ត្រូវតែចុះឈ្មោះនៅក្នុងប្រទេសកម្ពុជា។ អ្នកអាចអនុវត្តបាន 3 របៀប៖

  • បង្កើតក្រុមហ៊ុនឧបសម្ព័ន្ធ របស់ក្រុមហ៊ុនមេ។ វាត្រូវបានកាន់កាប់ដោយក្រុមហ៊ុនបរទេស 51% ឬច្រើនជាងនេះ។
  • ការិយាល័យរបស់សាខាអាចដំណើរការដើម្បីធ្វើសកម្មភាពអាជីវកម្មណាមួយ ។​ វាគឺជាអង្គភាពដូចគ្នានឹងក្រុមហ៊ុនមេ ដូច្នេះក្រុមហ៊ុនមេនឹងទទួលរ៉ាប់រងលើបំណុលនិងកាតព្វកិច្ចទាំងអស់។
  • ការិយាល័យតំណាងអាចបើកបាន ប៉ុន្តែមិនអាចធ្វើការលក់ ឬទិញនៅក្នុងប្រទេសកម្ពុជាបានឡើយ។ ប្រភេទក្រុមហ៊ុននេះ អាចឲ្យក្រុមហ៊ុនទទួលបានការផ្គត់ផ្គង់នៃទំនិញ និងសេវាកម្មក្នុងប្រទេស ឬក៏ទទួលព័ត៌មានសម្រាប់ក្រុមហ៊ុនមេ តែប៉ុណ្ណោះ៕
ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។