ជាទូទៅពាក្យទាំងពីរនេះត្រូវបានយើងគ្រប់គ្នាយល់ថាវាដូចគ្នា ប៉ុន្តែតាមពិតវាមានលក្ខណៈខុសគ្នា។ យោងទៅតាមលោក Louis A. Schmidt ដែលជានាយកនៃមន្ទីពិសោធន៍ Child Emotion នៃសកលវិទ្យាល័យ McMaster បានលើកឡើងថា ជាធម្មតាសូម្បីតែនៅតាមប្រភពព័ត៌មានមួយចំនួនក៏យល់ថា Shy និង Introvert ដូចគ្នាដែរ ប៉ុន្តែតាមពិតបើសិក្សាតាមបែបវិទ្យាសាស្រ្តវិញគឺវាមិនដូចគ្នាទេ។
មួយវិញទៀត យោងទៅតាមលោកសាស្រ្តាចារ្យចិត្តវិទ្យា Jonathan Cheek នៅសកលវិទ្យាល័យ Wellesley បានបញ្ជាក់ថា ជាក់ស្តែង Shy ចែកចេញជាបួនក្រុម។
- Shy-secure: មនុស្សក្រុមនេះមិនសូវចង់ប្រាស្រ័យទាក់ទងជាមួយអ្នកជុំវិញខ្លួនប៉ុន្មានទេ ដោយសារតែការទំនាក់ទំនងរបស់ពួកគេនៅមានកម្រិត។ ពួកគេអាចនឹងមានភាពភ័យខ្លាច និងគ្មានទំនុកចិត្តលើខ្លួនឯងនៅពេលសន្ទនាជាមួយអ្នកដទៃ។
- Shy-Withdrawn: មនុស្សក្រុមនេះរឹតតែមានភាពភ័យខ្លាចក្នុងការទំនាក់ទំនងជាមួយអ្នកដទៃច្រើនជាងក្រុម Shy-Secure ទៅទៀត។ ពួកគេច្រើនភ័យខ្លាចប្រឈមមុខនឹងការបដិសេធពីដៃគូម្ខាងទៀត បារម្ភខ្លាចត្រូវគេវាយតម្លៃមកលើខ្លួន ឬក៏ភ័យខ្លាចនិយាយទៅអាចបង្កើត។ ជាទូទៅ មនុស្សប្រភេទនេះចូលចិត្តការរស់នៅតែម្នាក់ឯងច្រើនជាង។
- Shy-Dependent: មនុស្សក្រុមនេះមានប្រតិកម្មទៅលើការទំនាក់ទំនងជាមួយអ្នកដទៃខ្លាំងជ្រុលពេក។ វាមានន័យថា ពួកគេព្យាយាមយកចិត្តទុកដាក់ និងយល់អារម្មណ៍ភាគីម្ខាងទៀតច្រើនមែនទែន។ បើនិយាយអោយខ្លីទៅ គឺយកអ្នកដទៃធំជាខ្លួនឯងទៅទៀត។ ប៉ុន្តែការធ្វើបែបនេះ គឺមិនបានធ្វើអោយពួកគេមានអារម្មណ៍ល្អក្នុងការសន្ទនាជាមួយអ្នកដទៃទេ ផ្ទុយទៅវិញពួកគេធ្វើបែបនេះគឺគ្រាន់តែចង់អោយងាយចុះសម្រុងជាមួយអ្នកដទៃប៉ុណ្ណោះ។
- Shy-Conflicted: មនុស្សប្រភេទនេះចង់បានភាពប្រាស្រ័យទាក់ទងជាមួយអ្នកដទៃណាស់ ប៉ុន្តែពួកគេច្រើនតែមានភាពភ័យខ្លាច។ ក្រុមនេះមានបញ្ហាធ្ងន់ធ្ងរជាងគេបង្អស់ ព្រោះពួកគេតែងតែស្ថិតនៅចំណុចកណ្តាលមួយ ថាតើគួរចាប់ផ្តើមការសន្ទនាជាមួយយមនុស្សជុំវិញខ្លួន ឬដកខ្លួនចេញ ហើយនៅម្នាក់ឯង?
ដូច្នេះតើភាពខុសគ្នារបស់ Shy និង Introvert គឺជាអ្វី?
មនុស្សដែល Introvert ការដែលសម្រេចចិត្តក្នុងការទាក់ទងជាមួយអ្នកដទៃ គឺជាជម្រើសរបស់គាត់។ មានន័យថា តាមពិតពួកគេអាចនិយាយស្តី និងសន្ទនាលេងជាមួយអ្នកជុំវិញខ្លួនដូចគេធម្មតាអញ្ចឹង គ្រាន់តែពួកគេមិនចង់និយាយ។ ប៉ុន្តែសម្រាប់អ្នកដែល Shy វិញ ពួកគេមានភាពភ័យខ្លាច និងពិបាកក្នុងការទាក់ទងជាមួយអ្នកដទៃណាស់ ហើយពួកគេមិនមានជម្រើសដូចអ្នក Introvert ទេ។
បើនិយាយពីលក្ខណៈដូចគ្នាវិញ Shy និង Introvert គឺវាផ្តោតទៅលើការទាក់ទង ឬរាប់អានមនុស្សក្នុងសង្គម។ អ្ចីដែលសំខាន់គឺថា Introverts មិនចាប់អារម្មណ៍ទៅលើទំនាក់ទំនងតែម្តង ចំណែកឯ Shy វិញ គឺភាពភ័យខ្លាចជាឧបសគ្គរាំងស្ទះដ៏ធំរបស់ពួកគេ។ មានពេលខ្លះ ពួកគេក៏ចង់ដូចអ្នកដទៃដែរ ប៉ុន្តែដោយសារនឹកឃើញរឿងរ៉ាវនៃភាពភ័យខ្លាចកន្លងមកទើបខ្លួនមិនហ៊ាននិយាយជាមួយនរណាឡើយ។
តាមពិតទៅ ការរស់នៅក្នុងសង្គមមួយទាមទាអោយយើងមានទំនាក់ទំនង និងបណ្តាញមួយដ៏ល្អ។ មិនថាអ្នកជាប្រភេទ Shy ឬក៏ Introvert ទេ អ្នកត្រូវចាំថាមនុស្សគ្រប់រូបសុទ្ធតែត្រូវការ និងសមនឹងទទួលបានការយកចិត្តទុកដាក់ ភាពទាក់ទាញ និងក្តីស្រលាញ់។
អត្ថបទដោយ៖ គីមឆេង
