គំនិតអាជីវកម្មថ្មីរបស់សហគ្រិនក្មេងៗនៅអាស៊ី ដែលយុវជនខ្មែរគួរដឹង

3052

បើនិយាយពីគំនិតអាជីវកម្មថ្មីៗនៅកម្ពុជាទើបតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែបើប្រៀបធៀបទៅប្រទេសនៅក្នុងតំបន់ ឃើញថាយើងនៅខ្សោយជាងគេឆ្ងាយនៅឡើយ ខណៈពួកគេអាចបង្កើតអាជីវកម្មប្រតិបត្តិការស្ទើតែទូទាំងពិភពលោក ចំណែកសហគ្រិនក្មេងៗរបស់ប្រទេសយើងវិញ ពួកគាត់ផ្តោតលើទីផ្សារក្នុងស្រុកច្រើន។ ទាក់ទិន្ននិងការបង្កើតអាជីវកម្មថ្មីៗនេះដែរ apamat.com កំពុងតែធ្វើការជាមួយក្លិបសហគ្រិនវ័យក្មេងមួយឈ្មោះថា MMG CAMBODIA ដើម្បីជួយជម្រុញឲ្យយុវជនខ្មែរ អាចបង្កើតអាជីវកម្មថ្មីៗបានកាន់តែច្រើន តាមរយះការផ្តល់ចំណេះដឹង ហិរញ្ញវត្ថុ ជំនួយផ្នែកទីផ្សារ និងការប្រឹក្សាយោបល់ជាដើម។

ខាងក្រោមនេះ គឺជាគំនិតអាជីវកម្មបង្កើតថ្មីចំនួន ៣ ដែលអ្នកគួរដឹង៖

១. Cordelia Xiao អាយុ ២៩ ឆ្នាំ ជនជាតិចិន

Cordelia Xiao គឺជាស្ថាបនិក Xiaolusenlin ឬ DeerForest ដែលជាអាជីវកម្មបង្កើតថ្មីមួយ ផ្តល់សេវាកម្មទិញសំលៀកបំពាក់ដល់កុមា។ អតិថិជនដែលជាឪពុកម្តាយ ត្រូវបង់ប្រាក់ ៣១ ដុល្លារក្នុងមួយឆ្នាំ ដើម្បីទទួលបានសំលៀកបំពាក់ ៥ ឈុត សម្រាប់កូនៗរបស់ពួកគេ ហើយក្រុមហ៊ុនជ្រើសរើសសំលៀកបំពាក់ទាំងប្រាំឈុតនោះ ដោយផ្អែកលើពត៌មានរបស់ក្មេងៗទាំងនោះ ដូចជាកំពស់ ទម្ងន់ និងពណ៌ដែលពួកគេចូលចិត្ត។ កាលពីឆ្នាំ ២០១៦ សហគ្រិនស្រ្តីម្នាក់នេះ បានទទួលទុនវិនិយោគបន្ថែមពីវិនិយោគិន ២ របស់ចិន China’s GSR Ventures និង Zhen Fund។ ថ្មីៗនេះ ក្រុមហ៊ុនរបស់នាង ទើបតែសម្ភោធ Abox ដែលជាសេវាកម្មអនឡាញមួយ ដែលស្រ្តីអាចសុំការផ្តល់យោបល់ទាក់ទងនិងការរើសម៉ូតសំលៀកបំពាក់ ពីអ្នកជំនាញ។ Xiao បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Shanghai Jiao Tong និងមានសញ្ញាប័ត្រ បណ្ឌិតពានិជ្ជកម្ម មកពីសកលវិទ្យាល័យ Stanford ផងដែរ។

២. Anni Chen អាយុ ២៥ ឆ្នាំ ជនជាតិចិន

កាលពីឆ្នាំ ២០១៤ Anni Chen បានធ្វើឲ្យអ៊ីនធើណេតរបស់ចិនកក្រើក ដោយសារតែខ្សែភាពយន្តគំនូជីវចលរបស់នាង មានចំណងជើងថា “ជីវិតមួយភាគរយ ឬ The 1% Life” ដែលនិយាយអំពីក្តីប្រាថ្នា និងការតស៊ូរបស់យុវជននៅទីជនបទក្នុងប្រទេសចិន។ នៅឆ្នាំដដែលនោះ នាងបានបង្កើតក្រុមហ៊ុន Kuaikan Manhua ឡើង ដែលវាជាគេហទំព័រមួយដែលប្រមូលផ្តុំដោយគំនូជីវចលដែលបង្កើតឡើងដោយប្រទេសចិន។ ឥឡូវនេះ មានអ្នកចូលមើលក្នុងគេហទំព័រ ១០០ លាននាក់ជារៀងរាល់ថ្ងៃ និងមានគំនូជីវចលប្រហែល ១០០០ រឿង ត្រូវបានគេបង្ហោះចូលក្នុងគេហទំព័ររបស់នាង។ កាលពីឆ្នាំមុន សហគ្រិនស្រ្តីម្នាក់នេះ ទទួលបានប្រាក់វិនិយោគជុំដំបូងចំនួន ១៧៧ លានដុល្លារ ពីវិនិយោគិនចិន Coatue Managment និង China Media Capital ។ 

៣. Djoann Fal អាយុ ២៦ ឆ្នាំ ជនជាតិថៃ និង Polpat Songthamjitti អាយុ ២៧ ឆ្នាំ ជនជាតិថៃ

សហគ្រិនវ័យក្មេងទាំងពីរនាក់នេះ គឺជាស្ថាបនិក Getlinks ដែលជាបច្ចេកវិទ្យាមួយដែលផ្គូផ្គងមនុស្សមានសមត្ថភាពខាងបច្ចេកវិទ្យា ជាមួយនិងក្រុមហ៊ុនដែលត្រូវការបុគ្គលិកផ្នែកនេះ។ មកដល់ឥឡូវ ក្រុមហ៊ុននេះ បានប្រតិបត្តិការក្នុង ៦ ប្រទេសផ្សេងគ្នា រួមមាន ថៃ វៀតណាម សិង្ហបុរី ឥណ្ឌា កូរ៉េ និងហុងកុង។ ពួកគេបានគ្រប់គ្រងប្រវត្តិរូបធនធានមនុស្សក្នុងផ្នែកនេះប្រមាណជា ៥០ ម៉ឺននាក់ និងមានក្រុមហ៊ុនជាដៃគូ ៣០០០ ក្រុមហ៊ុន រួមបញ្ជូលទាំងក្រុមហ៊ុនធំៗដូចជា Tencent និង Alibaba ផងដែរ៕

ប្រភព៖ Forbes

ដោយ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។