គំនិតដែលធ្វើឱ្យក្រុមហ៊ុនជួលសម្លៀកបំពាក់ដ៏ល្បីមួយកើតឡើង

471

Rent the Runway គឺជាក្រុមហ៊ុនផ្តល់សេវាកម្មជួល និងច្នៃម៉ូតសម្លៀកបំពាក់អនឡាញ ដែលបង្កើតដោយ Jennifer Hyman និង Jennifer Fleiss។ អ្នកទាំងពីរបានជួបគ្នានៅសកលវិទ្យាល័យ Harvard Business School ហើយក៏ចាប់ផ្តើមក្រុមហ៊ុននេះឡើងនៅខែ វិច្ឆកា ឆ្នាំ ២០០៩។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

រំលឹកដល់គ្រាដំបូង កាលណោះ គឺនៅខែ កញ្ញា ឆ្នាំ ២០០៨ Jennifer Hyman កំពុងសិក្សាឆ្នាំទី ២ នៃមុខជំនាញពាណិជ្ជកម្ម នៅក្នុងសកលវិទ្យាល័យ Harvardនាងមានក្តីស្រមៃចង់ធ្វើរឿងអស្ចារ្យមួយ ប៉ុន្តែមិនដឹងថាត្រូវធ្វើអ្វី ឬ ចាប់ផ្តើមដោយរបៀបណាឡើយ។

នៅថ្ងៃឈប់សម្រាកបុណ្យ Thanksgiving, Jennifer Hyman បានទៅសួរសុខទុក្ខប្អូនស្រីរបស់នាង Becky ដែលស្នាក់នៅក្នុង apartment មួយ ក្នុងទីក្រុង New York។ នៅពេលនោះ នាងបានឃើញប្អូនស្រីរបស់នាងទិញសម្លៀកបំពាក់ Marchesa ដើម្បីចូលរួមពិធីអាពាហ៍ពិពាហ៍ មួយនៅថ្ងៃចុងសប្ដាហ៍។ រ៉ូបនោះគឺមានតម្លៃដល់ទៅ ១,៦០០ ដុល្លារអាមេរិក ដែលថ្លៃជាងតម្លៃជួល apartment របស់ Becky ទៅទៀត។ ប៉ុន្តែ ដោយបានឃើញរ៉ូបជាច្រើននៅក្នុងទូសម្លៀកបំពាក់របស់ Becky, Jennifer Hyman បានសួរប្អូនស្រីរបស់នាងថា ហេតុអ្វីមិនស្លៀករ៉ូបណាមួយដែលនៅក្នុងទូ? តែ Becky បានឆ្លើយថា នាងមិនចង់ប្រើរ៉ូបដដែលៗទេ ព្រោះនាងធ្លាប់ស្លៀកវាចូលរួមពិធីមង្គលការ និងបានថតរូបដោយស្លៀករ៉ូបទាំងនោះ ព្រមទាំងបានបង្ហោះចូលក្នុង Facebook ទៀតផង ដូច្នេះ នាងចង់ស្លៀករ៉ូបថ្មី។

ដោយសារបញ្ហារបស់ Becky និងទូដែលពោរពេញដោយសម្លៀកបំពាក់ Jennifer Hyman ក៏មើលឃើញឱកាសរកស៊ីមួយដោយជួលសម្លៀកបំពាក់។ Jennifer Hyman បានប្រាប់រឿងនេះដល់មិត្តរបស់នាង  Jennifer Fleiss ដែលសិក្សានៅសកលវិទ្យាល័យ Harvard ដូចគ្នា។ បន្ទាប់មក នៅខែ វិច្ឆកា ឆ្នាំ ២០០៩ ពួកគេទាំងពីរបានយកគំនិតជួលសម្លៀកបំពាក់នេះ ទៅបង្កើត Rent the Runway ដែលជាគេហទំព័រដ៏ល្បីខាងជួលសម្លៀកបំពាក់សម្រាប់នារី។

អតិថិជនអាចធ្វើការជួលសម្លៀកបំពាក់ពីក្រុមហ៊ុន Rent the Runway តាមរបៀប ៣ យ៉ាង៖

១. Rent Designer Pieces

អតិថិជនអាចជួលសម្លៀកបំពាក់ក្នុងឱកាស ឬ សម្រាប់ពិធីណាមួយដែលពួកគេចង់ចូលរួម ដែលក្រុមហ៊ុនមានសម្លៀកបំពាក់ជាង ៣០០ ម៉ូដ សម្រាប់ឱ្យជ្រើសរើស ទៅតាមទំហំ និងពណ៌។

២. Find the Fit

អតិថិជនអាចធ្វើការជួលសម្លៀកបំពាក់បែប free backup size និងជួលម៉ូដទីពីរក្នុងតម្លៃ ៣២.៥០ ដុល្លារ។

៣. Select a Timefram

អតិថិជនអាចជួលក្នុងរយៈពេលចាប់ពី ៤ ថ្ងៃ ទៅមួយសប្ដាហ៍ ឬអាចដល់ ៨ ថ្ងៃ ក្នុងករណីពិសេស។ អតិថិជនអាចកំណត់ពីថ្ងៃដែលត្រូវទទួលទំនិញផងដែរ ឧទាហរណ៍ដូចជា ១ ឬ ២ ថ្ងៃ មុនថ្ងៃចូលរួមពិធីរបស់ពួកគេ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៩ មេសា ២០១៨ ក្រុមហ៊ុនជួលសម្លៀកបំពាក់នេះត្រូវបានគេដឹងថា បានទទួលប្រាក់វិនិយោគ ២០ លានដុល្លារអាមេរិក ពីមហាសេដ្ឋី  Jack Ma និងលោក Joe Tsai តាមរយៈក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេឈ្មោះថា Blue Pool Capital។ រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនជួលសម្លៀកបំពាក់ Rent the Runway ត្រូវបានគេវាយតម្លៃថា មានតម្លៃជិត ៨០០ លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ Ciel

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕