ហេតុអ្វីអាជីវកម្មត្រូវការធ្វើទីផ្សារ?

3370

អាជីវកម្មមួយជោគជ័យត្រូវការយុទ្ធសាស្ត្រទីផ្សារខ្លាំង។ ការធ្វើទីផ្សារ ឬភាគច្រើនត្រូវបានគេហៅថា Marketing គឺជាដង្ហើមរបស់អាជីវកម្ម។ អាជីវកម្មខ្លះ ត្រូវដួលភ្លាមៗបន្ទាប់ពីបើកដំណើរការមិនបានប៉ុន្មានផង។ បញ្ហាធំគឺដោយសារតែ ខ្សោយខាងផ្នែកយុទ្ធសាស្រ្តទីផ្សារ។ ចេញរកស៊ី មិនមែនថាឲ្យតែមានលុយបើកដំណើរការ ហើយមានគេមកតម្រង់ជួរទិញនោះទេ យើងត្រូវការការធ្វើទីផ្សារដើម្បីជម្រុញការលក់។ ការធ្វើ Marketing បានល្អ នឹងជម្រុញឱ្យផលិតផល ឬ សេវាកម្មរបស់អ្នកចូលក្នុងទៅផ្សារ និងមានការទទួលស្គាល់ពីអតិថិជនបានយ៉ាងលឿន។ ខាងក្រោមនេះ គឺជាចំណុចដ៏សំខាន់របស់ Marketing ដែលម្ចាស់អាជីវកម្មគួរដឹង៖

១. បង្កើតការភា្ចប់ទំនាក់ទំនងល្អ

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ការធ្វើទីផ្សារ ជួយឱ្យអាជីវកម្មរបស់អ្នកឆាប់ទទួលបានការចាប់អារម្មណ៍ពីអតិថិជន និងអាចឱ្យអ្នកដឹងពីទីផ្សារគោលដៅរបស់អ្នកផងដែរ។ ម្យ៉ាងវិញទៀត ការធ្វើទីផ្សារនឹងជួយឱ្យអ្នកបានស្គាល់ថា អាជីវកម្មណាខ្លះដែលជាគូប្រជែងរបស់អ្នក ដើម្បីប្រៀបធៀបផលិផល និងស្ទាបស្ទង់អំពីយុទ្ធសាសស្ត្ររបស់គេ។

២. បង្កើនកេរ្តិ៍ឈ្មោះតាមរយះការផ្សព្វផ្សាយ

នៅពេលដែលផលិតផល ឬសេវាកម្មមួយត្រូវបានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមធំៗ ល្បីៗ ច្បាស់ណាស់ថាកេរ្តិ៍ឈ្មោះ Brand (យីហោ) នៃផលិតផលរបស់អ្នកនឹងមានឥទ្ធិផលក្នុងទីផ្សារគោលដៅ។ ដើម្បីឱ្យកេរ្តិ៍ឈ្មោះផលិតផល ឬ សេវាកម្ម និយាយឱ្យចំគឺ Brand របស់ក្រុមហ៊ុនមួយមានអតិថិជនចាប់អារម្មណ៍បានលឿន ក្រុមហ៊ុននោះត្រូវបញ្ចេញសកម្មភាពមួយចំនួន ឧទាហរណ៍ ដូចជា បង្ហាញការគាំទ្រក្នុងសង្គម ចែករង្វាន់ ឬ ឧបថម្ភដល់សហគមន៍ និងការឃោសនាដទៃទៀត។ ល។ 

៣. បង្កើនការលក់

Marketing កាន់តែខ្លាំង លក់កាន់តែដាច់។ លុយដែលអ្នកចំណាយទៅលើការធ្វើទីផ្សារ តែងតែផ្តល់ផលត្រលប់មកវិញ ប៉ុន្តែ តិច ឫ ច្រើន អាស្រ័យលើការចំណាយក្នុង Marketing។ នៅពេលដែលផលិតផលរបស់អ្នកមានឈ្មោះបោះសម្លេងស្ទើរតែគ្រប់ទីផ្សារ រឿងអីដែលថាអតិថិជនមិនចង់សាកល្បងទិញ។ ដរាបណាមានការទិញសាកល្បង នោះមានន័យថាផលិតផល ឬ សេវាកម្មរបស់អ្នក នឹងត្រូវបានគេនិយាយពីមាត់មួយទៅមាត់មួយ ហើយមិនយូរប៉ុន្មាន ផលិតផលរបស់អ្នកនឹងល្បីល្បាញគ្រប់ច្រកល្ហក។ បើគ្មានល្បិចវៃឆ្លាតផ្នែក Marketing ផលិតផលមួយមិនអាចលក់ចេញបានច្រើននោះទេ។

៤. ជួយឲ្យអាជីវកម្មរីកចម្រើន

លក់ផលិតផលបានច្រើន គឺជារឿងល្អ តែអ្វីដែលអស្ចារ្យជាងនេះ គឺចំណូលដែលបានមកពីការលក់នេះហើយដែលជាចលករនៃការរីកចម្រើនរបស់ក្រុមហ៊ុន។ បើមានយុទ្ធសាស្ត្រទីផ្សារខ្លាំង អ្នកនឹងអាចកត់សម្គាល់ពីសកម្មភាពដែលអតិថិជនមានចំពោះផលិតផលរបស់អ្នក ហើយអ្នកក៏អាចឆ្លៀតឱកាសនេះដើម្បីពង្រីកក្រុមហ៊ុនដោយផ្តល់នូវផលិតផលថ្មីៗបន្ថែមទៀតដល់ពួកគេនាពេលអនាគតផងដែរ។

ក្នុងពិភពជំនួញដែលមានការប្រកួតប្រជែងខ្លាំង ការរៀបចំយុទ្ធសាស្ត្រទីផ្សារបានល្អ អាចឱ្យអាជីវកម្មមួយជោគជ័យ និងអាចយកឈ្នះគូប្រកួតប្រជែងដែលតែងតែចង់ផ្តួលអ្នក។ វាពិតជាចាំបាច់ខ្លាំងណាស់ដែលត្រូវមានក្រុម Marketing ដ៏ពូកែមួយ ដើម្បីផ្សព្វផ្សាយអាជីវកម្មរបស់អ្នកឱ្យមានប្រសិទ្ធភាព៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕