ការវិភាគទីផ្សារ ដែលចាំបាច់មាននៅក្នុងគម្រោងអាជីវកម្ម អាចមានទៅបាន ទាល់តែអ្នកមានគម្រោងផលិតផល និងសវាកម្មជាមុនសិន។ គម្រោងផលិតផល និងសេវាកម្មនោះ គឺជាផលិតផល ឬសេវាកម្មដែលអ្នកជ្រើសយកមកលក់ ឬផលិត ហើយត្រូវមានព័ត៌មានដែលពាក់ព័ន្ធនឹងផលិតផលនោះទាំងអស់ ដូចជាបរិមាណ គុណភាព ការវេចខ្ចប់ រយះពេលនៃការផលិត មុខងារ គុណភាព ប្រសិទ្ធភាព និងឈ្មោះរបស់វាជាដើម។ បន្ទាប់មកអ្នកត្រូវយកគម្រោងផលិតផលនោះ ទៅធ្វើការវិភាគទីផ្សារ ថាវាអាចចូលទីផ្សារបានឬអត់ ហើយដោយរបៀបណា?

ជាទូទៅ ចំណុចនៃការវិភាគទីផ្សារនេះ មានព័ត៌មានអំពីទីផ្សារគោលដៅ គូប្រជែង និងវិធីដែលអ្នកអាចយកផលិតផល ឬសេវាកម្មរបស់អ្នកចូលទីផ្សារ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ខាងក្រោមនេះ គឺជាចំណុចតូចៗដែលមាននៅក្នុងការវិភាគទីផ្សារ សម្រាប់ដាក់នៅក្នុងគម្រោងអាជីវកម្ម៖

  • ពិពណ៌នាអំពីមុខរបរ និងប្រមើលមើលអនាគតរបស់វា ៖ វិភាគអំពីមុខរបរនឹងថាវាមានទំហំប៉ុណ្ណា កម្រិតនៃការលូតលាស់របស់វាខ្ពស់ ឬទាប ទំនរបស់អតិថិជនមានការប្រែប្រួលយ៉ាងម៉េចដែរ និងស្រមៃមើលថាមុខរបរនោះនឹងរីកចម្រើនឬអត់ ឬដើរថយក្រោយនៅថ្ងៃអនាគត ដោយផ្អែកលើទីផ្សារបច្ចុប្បន្ន។
  • ទីផ្សារគោលដៅ ៖ តើនរណាខ្លះជាអតិថិជនចម្បងរបស់អ្នក? នៅក្នុងចំណុចនេះ ត្រូវមានព័ត៌មាននៃក្រុមអតិថិជនរបស់អ្នក ដូចជា អាយុ ភេទ កម្រិតនៃប្រាក់ចំណូល និងអ្វីដែលពួកគេទាំងនោះចូលចិត្តជាដើម។ នៅក្នុងចំណុចនេះ ក៏គួរតែមានវិធីសាស្រ្តដែលជម្រុញអតិថិជនគោលដៅទិញ និងវិធីយកជោគជ័យនៅក្នុងទីផ្សារផងដែរ។ វាមិនមែនជារឿងល្អឡើយ ប្រសិនបើអ្នកមានផលិតផល ឬសេវាកម្ម ប៉ុន្តែមិនដឹងយកវាទៅលក់ឲ្យនរណា។
  • កំណត់ពេល ៖ កំណត់ពេល គឺសំដៅលើការបំពេញតម្រូវការដល់អតិថិជន នៅពេលពួកគេទិញ។ នៅពេលដែលមានអតិថិជនទិញ អ្នកត្រូវបំពេញតម្រូវការឲ្យបានរហ័សតាមដែលអាចធ្វើបាន ដូចជាគិតលុយ វេចខ្ចប់ និងដឹកជញ្ជូនជាដើមប្រសិនបើអ្នកមានសេវាកម្មដឹងជញ្ជូនដល់អតិថិជន។
  • វិភាគលើការប្រកួតប្រជែង ៖ តើនរណាខ្លះគឺជាគូប្រកួតប្រជែងរបស់អ្នក? តើពួកគេមានចំណុចខ្លាំង ចំណុចខ្សោយអ្វីខ្លះ? តើមានឧបសគ្គអ្វីខ្លះ ដែលអ្នកត្រូវជួបកំឡុងពេលចូលដល់ទីផ្សារ?

ជំនួយសម្រាប់ការសរសេរ ការវិភាគទីផ្សារ

១. ប្រើប្រាស់អ៉ីនធើណេត

មានព័ត៌មានខ្លះ អ្នកមិនចាំបាច់ចុះទៅដល់ទីកន្លែងជាក់ស្តែងនោះទេ អ្នកអាចរកវានៅលើអ៊ីនធើណេតបាន ដូចជាព័ត៌មានមួយចំនួនរបស់គូប្រជែងនៅលើទំព័រ Facebook និងគេហទំព័ររបស់គេ។

២. ធ្វើជាអតិថិជន

វិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តល្អបំផុតផ្សេងទៀតគឺ យល់អារម្មណ៍របស់អតិថិជន។ មើលផលិតផល ឬសេវាកម្មរបស់អ្នក ហើយស្រមៃថាអ្នកគឺជាអតិថិជន តើអ្នកនិងទិញវាឬអត់? តើមានអ្វីដែលត្រូវកែលម្អបន្ថែមដែរឬទេ? ធ្វើយ៉ាងណាឲ្យផលិតផលនោះកាន់តែល្អប្រសើរឡើង?

៣. ស្ទង់មតិ

អ្នកអាចស្ទង់មតិអំពីទីផ្សារ តាមរយះការ Survey អំពីផលិតផលរបស់អ្នក ថាមានគេចូលចិត្តវាឬអត់ ពេញចិត្តនឹងតម្លៃរបស់វាឬអត់ តើតម្លៃនោះសាកសម្យនឹងគុណភាពរបស់វាឬអត់ជាដើម។ ការស្ទង់មតិនេះ អ្នកត្រូវកំណត់ក្រុមមនុស្សណាដែលអ្នកត្រូវការទិន្នន័យពីពួកគេជាមុនសិន ហើយការស្ទង់មតិនេះទៀតសោធ អ្នកអាចស្ទង់តាមរយះអនឡាញ សួរផ្ទាល់មាត់ និងឲ្យពួកគេបំពេញ ឬគូសលើក្រដាសក៏បាន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។