មានក្រុមហ៊ុនធំៗជាច្រើនបានចំណាយពេលជាច្រើនឆ្នាំទៅលើការស្រាវជ្រាវ និងរៀបចំគម្រោងដំណើរការអាជីវកម្ម ហើយក៏មានក្រុមហ៊ុនខ្លះចាប់កំណើតភ្លាមៗបន្ទាប់ពីស្ថាបនិកនៃក្រុមហ៊ុនទាំងនោះនឹកឃើញវិធីល្អៗ ហើយមានមនុស្សមានសមត្ថភាពចាំជួយគាំទ្រពួកគេ។ ប៉ុន្តែទោះបីជាអ្នកចាប់ផ្តើមអាជីវកម្មតូច ឬធំ ហើយមានគម្រោងចាប់ផ្តើមយូ ឬលឿន អ្នកត្រូវតែមានគម្រោងច្បាស់លាស់មួយសម្រាប់ជាភាពរឹងមាំរបស់អាជីវកម្ម និងខ្លួនអ្នកផ្ទាល់។

មានជំហានជាច្រើនក្នុងការដំណើរការអាជីវកម្ម តែជំហានសំខាន់ជាងគេដំបូងគឺរៀបចំគម្រោង។ អ្នកនិងត្រូវផ្តោតលើគម្រោង ៣ សំខាន់ៗ ហើយគម្រោងទាំង ៣ នេះអាចធានាអំពីអាយុនៃអាជីវកម្មរបស់អ្នក ថាវាអាចរស់រានបានប៉ុណ្ណា ឬក៏បើកបាន ៣ ខែ ត្រូវបិទទៅវិញ? ម្ចាស់អាជីវកម្មថ្មីៗនៅកម្ពុជាមួយចំនួន គាត់ត្រៀមលុយសម្រាប់ទប់ចំណាយតែ ៣ ខែដំបូងប៉ុណ្ណោះ វាពិតជាពិបាកមែនទែនក្នុងការបើកអាជីវកម្មថ្មី ដែលយើងត្រូវចំណាយពេលធ្វើឲ្យអតិថិជនស្គាល់ និងមានទំនុកចិត្តលើយើង។ យើងនិងចំណាយប្រាក់ទៅលើការផ្សព្វផ្សាយ ធ្វើទីផ្សារ និងលក់បញ្ចុះតម្លៃនៅពេលបើកដំបូង ហើយយើងមិនរំពឹងថាអាចរកចំណេញឃើញនោះទេសម្រាប់ប៉ុន្មានខែដំបូងនោះ។ បើយើងត្រៀមលុយសម្រាប់ទប់តែ ៣ ខែ គឺវាលឿនខ្លាំងណាស់ ភាគរយបិទទ្វាគឺមានចំនួនខ្ពស់ ហើយភាគរយដែលអាចទៅរួច លុះត្រាតែយើងមានអ្នកទីផ្សារខ្លាំងមកធ្វើការឲ្យយើង។ នេះគ្រាន់តែជាបញ្ហាមួយ ទាក់ទងនិងគម្រោងថវិកាប៉ុណ្ណោះ ខណៈនៅមានគម្រោង ២ ផ្សេងទៀតគឺ គម្រោងអាជីវកម្ម និងគម្រោងទីផ្សារ។

 ខាងក្រោមនេះយើងនិងពន្យល់អំពីគម្រោងនិមួយៗ ហើយនិងប្រាប់អ្នកថាវានិងជួយអ្នកដោយរបៀបណា នៅពេលអ្នកបើកអាជីវកម្មថ្មី។ វាល្អបំផុត បើអ្នករៀបវាតាមដំណាក់កាលឲ្យបានត្រឹមត្រូវ ពោលគឺចាប់ផ្តើមដោយ គម្រោងអាជីវកម្ម បន្ទាប់មកគម្រោងទីផ្សារ និងចុងក្រោយគម្រោងថវិកា ៖

១. គម្រោងអាជីវកម្ម

តើអ្នកធ្លាប់បានរៀន ឬធ្លាប់បានលឺគេនិយាយអំពីសារៈសំខាន់នៃគម្រោងអាជីវកម្មទេ? អ្នកអាចនិងធ្លាប់លឺ ប៉ុន្តែមានភាគតិចណាស់ដែលដឹងហើយចង់ចេះសរសេរវា ដោយសារតែវាមានច្រើនជាង ៤០ ទំព័រឯណោះ ដែលក្តោបទិន្នទាំងអស់នៃចំណុចតូចៗនៃអាជីវកម្មរបស់អ្នកទាំងមូល។ តាមពិតទៅ បើសិនគ្រាន់តែសរសេរគម្រោងអាជីវកម្ម វាមិនពិបាកនោះទេ តែបើសិនជាចង់សរសេរវាឲ្យច្បាស់ និងមានស្តង់ដា ទើបពិបាក។ អ្នកប្រាកដជាមិនចង់បានគម្រោងអាជីវកម្មមួយដែលយកទៅប្រើគ្មានប្រសិទ្ធភាពនោះទេ ហើយបើអ្នកសរសេរវាមិនត្រូវ អ្នកនិងចំណាយលុយ និងពេលវេលាឥតប្រយោជន៍មិនខាន។

យើងមានរឿងល្អ និងរឿងអាក្រក់ចង់ប្រាប់អ្នក។ រឿងដំបូងគឺ រឿងអាក្រក់ ៖ អ្នកត្រូវតែមានគម្រោងអាជីវកម្ម ប្រសិនបើអ្នកចង់រកស៊ី ប៉ុន្តែ រឿងល្អ ៖ គម្រោងអាជីវកម្មរបស់អ្នក មិនចាំបាច់ត្រូវតែវែង និងមានគ្រប់ទិន្នន័យដែលពិបាករកមកនោះទេ។ ចំណុចដែលចាំបាច់នៅក្នុងគម្រោងអាជីវកម្មនោះគឺ ទិន្នន័យដែលមានប្រយោជន៍ (ដោយសារតែប្រភេទអាជីវកម្មមានច្រើន ដូច្នេះហើយទម្រង់គម្រោងអាជីវកម្ម មិនអាចមានមួយណាដែលយកត្រឹមត្រូវបាននោះទេ អញ្ចឹងម្ចាស់អាជីវកម្មតាមប្រភេទនិមួយៗ គួរតែយកចំណុចណាដែលសំខាន់ និងត្រូវនិងប្រភេទអាជីវកម្មរបស់ខ្លួនទៅបានហើយ)។ 

ទាំងនេះគឺជាចំណុចគោលនៅក្នុងគម្រោងអាជីវកម្ម ដែលអ្នកនិងត្រូវការដឹងពីវា ៖ 

  • ចក្ខុវិស័យ ៖ តើអ្នកនិងបង្កើតអ្វី?
  • វត្ថុបំណង ៖ តើអ្វីជាបំណងរបស់អ្នក ដែលជម្រុញឲ្យបើកអាជីវកម្មនោះឡើង?
  • គោលដៅ ៖ តើគោលដៅនៃអាជីវកម្មរបស់អ្នកមានអ្វីខ្លះ?
  • យុទ្ធសាស្រ្ត ៖ យុទ្ធសាស្រ្តអ្វី? អនុវត្តន៍វាដោយរបៀបណា? ចាប់ផ្តើមពីត្រង់ណា?
  • ទុនចាប់ផ្តើម ៖ តើការចាប់ផ្តើមដំបូងត្រូវការលុយប៉ុន្មាន?
  • ចំណាយ ៖ តើអ្នកនិងចំណាយលុយទៅលើអ្វីខ្លះគិតជាប្រចាំខែ និងមានចំនួនប៉ុន្មាន?
  • គម្រោងប្រាក់ចំណូល ៖ តើអ្នករំពឹងថានិងរកចំណូលបានមកពីប្រភពណា ហើយវាមានចំនួនប្រហែលប៉ុន្មាន?

គម្រោងអាជីវកម្មប្រភេទនេះ ប្រាកដជាគម្រោងបែបបុរាណ ដែលអ្នកត្រូវការសរសេរវែង ដើម្បីយកទៅស្វែងរកទុនវិនិយោគពីខាងក្រៅ ឬយកទៅខ្ចីធនាគារ។ ផ្តោតអារម្មណ៍សរសេរពីចំណុចមួយបន្តទៅចំណុចមួយទៀតដែលបានរាយខាងលើ ហើយវានិងធ្វើឲ្យអាជីវកម្មរបស់អ្នកដំណើរការដោយមានប្រសិទ្ធភាព។

២. គម្រោងទីផ្សារ

ឥឡូវនេះ អ្នកមានគម្រោងអាជីវកម្មក្នុងដៃ ហើយបន្ទាប់មកទៀតអ្នកត្រូវការគម្រោងទីផ្សារម្តង ដើម្បីជួយទាក់ទាញអតិថិជន និងចាប់ផ្តើមបើកច្រកនៃប្រភពចំណូល។ មិនមែនឲ្យតែអ្នកមានផលិតផលល្អ មានគុណភាពខ្ពស់ ហើយទុកវាក្នុងហាងចោល បន្ទាប់មកមានគេមករកទិញវានោះទេ ដូច្នេះហើយទើបអ្នកត្រូវការធ្វើទីផ្សារដើម្បីឲ្យគេដឹង ឲ្យគេស្គាល់ផលិតផលរបស់អ្នកសិន។ អ្នកត្រូវបង្កើតគម្រោងតូចៗក្នុងគម្រោងទីផ្សារនេះ ដូចជា គម្រោងផ្សព្វផ្សាយពានិជ្ជកម្ម គម្រោងមួយទៀតដើម្បីណែនាំផលិតផល ឬសេវាកម្មរបស់អ្នកចូលទីផ្សារ គម្រោងពង្រីកទីផ្សារគោលដៅ និងគម្រោងច្នៃប្រឌិត និងអភិវឌ្ឍអ្វីថ្មីៗដើម្បីទាក់ទាញអតិថិជនថ្មី និងរក្សាអតិថិជនចាស់។ ប៉ុន្តែដំបូងអ្នកត្រូវផ្តោតលើគម្រោងដែលពាក់ព័ន្ធនិងដំណើរការដំបូងសិន ហើយវាជាគម្រោងដែលត្រូវប្រើដើម្បីផ្សាយពីអាជីវកម្មថ្មីរបស់អ្នក។

គម្រោងទីផ្សារដំបូងនោះមានចំណុចតូចៗដូចខាងក្រោម៖

  • យុទ្ធសាស្រ្ត ៖ តើអ្នកចង់ឲ្យគម្រោងទីផ្សាររបស់អ្នករកអ្វីមកឲ្យអ្នកវិញ?
  • វត្ថុបំណង ៖ តើគោលបំណងនៃការបើកអាជីវកម្មរបស់អ្នកគឺជាអ្វី? (ត្រង់នេះដូចគ្នាទៅនិង វត្ថុបំណង នៅក្នុងគម្រោងអាជីវកម្ម ដូច្នេះអ្នកគ្រាន់តែសរសេរវាឡើងវិញទៅបានហើយ)
  • ទីផ្សារគោលដៅ ៖ តើនរណាខ្លះគឺជាអតិថិជនចម្បងរបស់អ្នក?
  • ការវិភាគពីភាពប្រកួតប្រជែង ៖ បើអ្នកចូលទីផ្សារក្រោយគេ ច្បាស់ណាស់អ្នកមានគូប្រជែង អញ្ចឹងតើពួកគេជានរណាខ្លះ?
  • សំណើរលក់ (USP) ៖ តើអ្នកមានចំណុចអ្វីល្អជាងគូប្រជែង?
  • ការកំណត់ថ្លៃ ៖ តើអ្នកនិងលក់ផលិតផល ឬសេវាកម្មរបស់អ្នកក្នុងតម្លៃណា ហើយអ្នកកំណត់ថ្លៃនោះដោយផ្អែកទៅលើអ្វី?
  • គម្រោងផ្សព្វផ្សាយ ៖ តើអ្នកនិងប្រាប់អតិថិជនគោលដៅឲ្យស្គាល់ផលិតផលរបស់អ្នក ដោយរបៀបណា?
  • គម្រោងថវិកាផ្សព្វផ្សាយពានិជ្ជកម្ម ៖ តើអ្នកនិងចំណាយប្រាក់ប៉ុន្មាន ហើយចំណាយផ្សាយតាមរយះអ្វី? (ឧទាហរណ៍ ៖ ចាយលុយផ្សាយពានិជ្ជកម្មនៅលើគេហទំព័រ apamat.com នៅលើទូរទស្ស តាមហ្វេសប៉ុក ឬតាមវិធីផ្សេងទៀតដែលអ្នកគិតថាចំគោលដៅ)
  • ត្រួតពិនិត្យលទ្ធផល ៖ តើការអនុវត្តន៍គម្រោងរបស់អ្នក មានប្រសិទ្ធភាពដែររឺទេ? មានអ្វីដែលត្រូវកែលម្អ ឬផ្លាស់ប្តូរថ្មីដែរឬអត់?

ចំណុចត្រួតពិនិត្យលទ្ធផលចុងក្រោយ គឺសំខាន់បំផុត។ ចំណាយពេលគិតអំពីចំណុចលំអិតនិមួយៗ ថាអ្នកអាចយកភាពជោគជ័យដោយវិធីណា ឬក៏ចំណុចណាដែលអ្នកមិនគួរប្រើ ព្រោះវានាំឲ្យអ្នកបរាជ័យ។ 

អ្នកនិងបង្កើតបានគម្រោងទីផ្សារមួយដែលយកជាការបាន ប្រសិនបើអ្នកឆ្លើយសំណួរទាំងអស់ខាងលើបានត្រឹមត្រូវ និងត្រូវប្រធានបទនៃសំណួរនិមួយៗ។

៣. គម្រោងថវិការ ឬហៅម្យ៉ាងទៀតថា គម្រោងហិរញ្ញវត្ថុ


គម្រោងហិរញ្ញវត្ថុ គឺជាគម្រោងចុងក្រោយគេ ប៉ុន្តែវាសំខាន់ជាងគម្រោងទាំងពីរខាងលើ។ បើអ្នកគ្មានគម្រោងនេះ វាប្រៀបបានដូចជា មានឡានជិះ តែគ្មានប្រេងចាក់អញ្ចឹងដែរ។ អ្នកត្រូវដឹងថា វាត្រូវការពេលច្រើនខែ ឬច្រើនឆ្នាំ ទើបអាជីវកម្មថ្មីមួយអាចរកចំណូលបាន ហើយវាគឺជាមូលហេតុធំដែលអ្នកចាំបាច់មានគម្រោងហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់អាជីវកម្មថ្មីរបស់អ្នកឲ្យឈជើងបាននៅពេលចាប់ផ្តើមដំបូង ដែលជាពេលដែលមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់។

ចាប់ផ្តើមសរសេរគម្រោងហិរញ្ញវត្ថុ ដោយចេញពីចំណុច តើអ្នកត្រូវការទុនសម្រាប់ដំណើរការដំបូងប៉ុន្មាន ហើយទុននោះមានប្រភពមកពីណា? បង្កើតតារាងមួយ ហើយរាយមុខចំណាយទាំងអស់ដែលអ្នកត្រូវចំណាយលើ ហើយខាងក្រោមនេះគឺជាមុខចំណាយចម្បងៗក្នុងគ្រាដំណើរការដំបូង ៖ 

  • ចំណាយលើគ្រឿងបរិក្ខាប្រើប្រាស់ 
  • គ្រឿងសង្ហារឹម
  • ទំនិញដែលចាំបាច់
  • បង់ពន្ធ និងថ្លៃរត់សេវាផ្លូវច្បាប់ផ្សេងៗ
  • ធានារ៉ាប់រង
  • ថ្លៃជួលគេឲ្យមកបង្វឹកបុគ្គលិក
  • ថ្លៃកែលម្អទីតាំង
  • ថ្លៃបង្កើតគេហទំព័រ
  • ថ្លៃផ្សាយពានិជ្ជកម្មអំពីពត៌មាននៃការដំណើរការដំបូង
  • ថ្លៃចំណាយលើការសម្ភោធដាក់ឲ្យដំណើរការ…។

ចំណែកខាងក្រោមនេះគឺជាការចំណាយជាប្រចាំខែ៖

  • ថ្លៃជួលទីតាំង
  • ប្រាក់ខែបុគ្គលិក
  • ថ្លៃទឹកភ្លើង
  • ថ្លៃផ្សាយពានិជ្ជកម្មប្រចាំខែ
  • ថ្លៃដឹកជញ្ជូល និងលើកដាក់ទំនិញចូលឃ្លាំង
  • ថ្លៃអ៊ីនធើណេត
  • ថ្លៃពន្ធដារ…។

សរុបខ្ទង់ចំណាយប្រចាំខែទាំងអស់ខាងលើចូលគ្នា ហើយគុណនិង ១២ ។ មានន័យថា អ្នកត្រូវការលុយទ្រទ្រង់សម្រាប់ការចំណាយរយះពេល ១២ ខែរាប់ចាប់ពីថ្ងៃបើកទ្វាដំណើតការដំបូង។ ដូច្នេះ ក្នុងកំឡុងពេល ១២ ខែនោះ ទោះបីជាអ្នកមិនអាចរកចំណូលបានសោះ ក៏អ្នកមិនអាចដួលបានដែរ ព្រោះអ្នកមានលុយសម្រាប់រ៉ាប់រងលើចំណាយទាំងស្រុង។

គ្រប់គម្រោងទាំងអស់ខាងលើ អ្នកនិងត្រូវធ្វើកំណែទម្រង់រាល់ខែ ដើម្បីតាមដានអំពីប្រសិទ្ធភាព និងសមត្ថភាពរៀបចំគម្រោងរបស់អ្នក៕

អត្ថបទដោយ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។