រឿងរ៉ាវនៃការចាប់ផ្តើមរបស់ក្រុមហ៊ុន Quora

509

យើងបានសរសររឿររ៉ាវនៃការចាប់ផ្តើមរបស់ក្រុមហ៊ុនជាច្រើនមកហើយ ហើយឥឡូវនេះយើងនិងនិយាយអំពី Quora ដែលជាគេហទំព័រឆ្លើយសំណួរមួយដ៏មានប្រជាប្រិយភាព។

គេហទំព័រ Quora ដាក់ឲ្យដំណើរការនៅឆ្នាំ ២០០៩ ហើយមួយឆ្នាំបន្ទាប់មក Quora បានទទួលប្រាក់វិនិយោគពី Benchmark Capital ចំនួន ១១ លានដុល្លារ។ ស្នាក់ការក្រុមហ៊ុន ស្ថិតនៅ Mountain View រដ្ឋកាលីហ្វញ៉ា។ កាលពីចុងឆ្នាំ ២០១១ Quora មានអ្នកប្រើប្រាស់តែជាងកន្លះលាននាក់ប៉ុណ្ណោះ។

នៅឆ្នាំ ២០០៩ នៅពេលដែលឃើញមនុស្សចូលចិត្តសួរសំណួរនៅលើអ៊ីនធើណេតច្រើន ពេលនោះហើយដែលគំនិតបង្កើត Quora បានលេចឡើង ដោយបុរសពីរនាក់ គឺលោក Adam D’Angelo និង លោក Charlie Cheever ។ បុរសទាំងពីរនាក់នេះ ក៏ធ្លាប់ធ្វើការឲ្យ Facebook ផងដែរ ហើយស្ថាបនិកទាំងពីរបានជួបគ្នានៅក្នុងបរិវេណក្រុមហ៊ុន Facebook នេះឯង។

ពត៌មានខ្លះៗអំពីស្ថាបនិក Quora

Adam D’Angelo តាមពិតទៅគាត់ជាមិត្តរបស់ ម្ចាស់ Facebook លោក Mark Zuckerberg កាលនៅរៀនសាលា Phillips Exeter Academy ។ កាលពីឆ្នាំ ២០០៤ គ្រាដែល Facebook ចាប់ផ្តើម Mark Zuckerberg បានតែងតាំង Adam ជាអនុប្រធានវិស្វករបច្ចេកវិទ្យារបស់ Facebook ហើយនៅដើមឆ្នាំ ២០០៨ Adam ក៏ត្រូវបានគេតែងតាំងជា ប្រធានផ្នែកបច្ចេកវិទ្យារបស់ Facebook វិញ។

ចំណែកឯ Charlie វិញក៏មិនអន់ដែរ។ កាលពីឆ្នាំ ២០០៦ គាត់ត្រូវបានក្រុមហ៊ុន Facebook ផ្ញើអ៊ីម៉ែលទៅ ដើម្បីផ្តល់ដំណែងជាអ្នកគ្រប់គ្រងវិស្វករផលិតកម្មវិធី។ នៅពេលដំបូង គាត់មិនខ្វល់និងអ៊ីម៉ែលនោះទេ តែក្រោយមកគាត់ក៏ផ្លាស់ចិត្តទទួលយកសំណើរនោះវិញ ហើយមុនគាត់ចូលធ្វើការឲ្យ Facbook គាត់ធ្វើការឲ្យក្រុមហ៊ុន Amazon ។ 

តើ Adam និង Charlie ជួបគ្នាដោយរបៀបណា?

កាលដំបូង Adam និង Charlie ជួបគ្នានៅការិយាល័យរបស់ Facebook ហើយពួកគេបានក្លាយជាមិត្តល្អនិងគ្នានៅទីនោះ។ ពួកគេបានជជែកគ្នាអំពីការបង្កើតក្រុមហ៊ុនថ្មីមួយ ដែលជួយឲ្យមនុស្សកាន់តែងាយស្រួលក្នុងការចែករំលែកចំណេះដឹង និងផ្តល់ជាគំនិតទៅឲ្យគ្នាទៅវិញទៅមក។

ក្រោយមកនៅចុងឆ្នាំ ២០០៨ ពួកគេទាំងពីរនាក់បានសម្រេចចិត្តចាកចេញពី Facebook ដើម្បីទៅបង្កើតក្រុមហ៊ុនដោយខ្លួនឯង ហើយឈ្មោះដំបូងគឺ Quorum បន្ទាប់មកផ្លាស់ទៅ Quora វិញ ដែលមានន័យថា មនុស្សមួយក្រុមជួបគ្នាដើម្បីសម្រេចអ្វីមួយ ហើយនៅឆ្នាំ ២០០៩ គេហទំព័រ Quora ក៏ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ ហើយបើគិតទៅពួកគេចំណាយពេលជិត ១ ឆ្នាំ ទម្រាំរៀបចំក្រុមហ៊ុនឲ្យដំណើរការទៅរួច។ 

មនុស្សមួយចំនួនបានប្រៀបធៀប Quora ជាមួយនិង Google តែតាមពិតទៅ Google មានពត៌មានទូលំទូលាយមកពីគ្រប់ទីកន្លែង ចំណេក Quora វិញផ្តោតលើចំណេះដឹងដែលចែករំលែកដោយមនុស្សម្នាក់ៗ មិនថាអ្នកទាំងនោះជាបណ្ឌិត ឬមនុស្សធម្មតាទេ ពួកគេសុទ្ធតែអាចបញ្ចេញមតិយោបល់របស់ពួកគេ។ តែ Quora ស្រដៀងទៅនិង Facebook, Twitter, Wikipedia, Yahoo Answer, answers.com តែមានមុខងាផ្តោតលើគោលដៅផ្សេងៗគ្នាទាំងអស់។ 

ដោយសារតែការដំណើរការដោយជោគជ័យ នៅឆ្នាំ ២០១៣ Quora បានបន្ថែមមុខងារថ្មី ដែលអាចឲ្យអ្នកប្រើប្រាស់អាចបង្ហោះរូបភាពបាន ហើយនៅឆ្នាំ ២០១៤ Quora បានទទួលប្រាក់វិនិយោគពី Tiger Global Management ចំនួន ៨០ លានដុល្លារបន្ថែមទៀត។ ពីមួយឆ្នាំទៅមួយឆ្នាំ Quora បានទទួលប្រាក់វិនិយោគកាន់តែច្រើនទៅៗ ហើយនៅឆ្នាំ ២០១៧ Quora បានទទួលទុនបន្ថែមចំនួន ៨៥ លានដុល្លារទៀតពី Collaborative Fund និង Y Combinator ។ ថ្មីៗនេះ Quora ទើបតែដាក់ឲ្យប្រើប្រាស់ភាសាបន្ថែមដូចជា ភាសាអ៊ីតាលី អាឡឺម៉ង់ អេស្បាញ ជប៉ុន ប៉ទុយហ្កាល បារាំង និងឥណ្ឌូនេស៊ី៕

អត្ថបទដោយ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។