វិធីសាស្រ្តរក្សាក្តីស្រមៃឱ្យស្ថិតស្ថេរ

1284

ជឿថាមនុស្សគ្រប់គ្នាសុទ្ធតែមានក្តីស្រមៃ។ មនុស្សមួយចំនួនមានក្តីសុបិន្តចង់ធ្វើជាអ្នកដឹកនាំគេ ខ្លះចង់មានជីវិតរស់នៅបែបសាមញ្ញ ខ្លះទៀតចង់ធ្វើការឱ្យគេព្រោះមិនចង់គិតស្មុកស្មាញច្រើន ហើយអ្នកខ្លះទៀតចង់ឱ្យខ្លួនឯងឈានដល់កំពូលនៃជីវិតទាំងទ្រព្យសម្បត្តិ និងសុភមង្គល។ ទោះជាយ៉ាងណា សុបិន្តមួយអាចចេញជារូបរាងពិតប្រាកដបាន គឺមិនមែនជារឿងងាយស្រួលទេ។ លុះត្រាតែបុគ្គលដែលមានក្តីសុបិន្តនោះ មានផែនការធ្វើវាជាក់លាក់ មានទស្សនៈវិស័យសម្លឹងមើលពីអនាគត មានឆន្ទៈខ្ពស់ បូករួមទាំងស្មារតីមិនចុះញ៉មជាមួយឧបសគ្គ ជាពិសេសទៀតនោះគឺ ជំនឿដ៏រឹងមាំ និងផ្នត់គំនិតវិជ្ជមាន។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តទាំង ៧ ដើម្បីតាមដាន និងរក្សាក្តីសុបិន្តរបស់អ្នកកុំឱ្យឃ្លាតឆ្ងាយ។

. គិតអំពីរូបភាពក្នុងក្តីសុបិន្ត

មនុស្សគ្រប់គ្នាតែងតែមានអារម្មណ៍ថាសប្បាយនៅពេលដែលបានធ្វើកិច្ចការដែលខ្លួនស្រលាញ់ ប៉ុន្តែ ក្តីស្រមៃរបស់មនុស្សម្នាក់ៗគឺ ខុសគ្នា។ ដើម្បីឱ្យក្តីសុបិន្តក្លាយជាពិត បុគ្គលខ្លះត្រូវស៊ូទ្រាំ អត់ធ្មត់គ្រប់បែបយ៉ាងធ្វើកិច្ចការដែលខ្លួនឯងមិនចូលចិត្ត ព្រោះគ្មានជម្រើសល្អផ្សេងក្រៅពីនេះ ឬរូបភាពនៃក្តីសុបិន្តរបស់ពួកគេនៅតែដិតដាមជាប់ក្នុងការគិតរបស់ពួកគេ។ ម្យ៉ាងវិញទៀត ទោះជាត្រូវឆ្លងកាត់ទុក្ខលំបាកយ៉ាងណា ក៏រូបភាពនៃក្តីស្រមៃនៅតែជាគ្រឿងលើកទឹកចិត្តដល់ការតស៊ូរបស់ពួកគេជានិច្ច។ ដូច្នេះ បើសិនជាអ្នកមានអារម្មណ៍ថានឿយហត់ចំពោះកិច្ចការដែលអ្នកមិនចង់ធ្វើ សូមគិតដល់រូបភាពនៃក្តីសុបិន្តដែលអ្នកចង់បាន នោះអ្នកនឹងមានអារម្មណ៍ធូរស្រាល ព្រោះអ្វីដែលអ្នកកំពុងធ្វើគឺជារឿងត្រឹមត្រូវ។

. រក្សាទម្លាប់ប្រចាំថ្ងៃ

ទម្លាប់ គឺជាទង្វើដែលធ្វើច្រើនលើកច្រើនសារ និងទៀងទៀត។ រីឯទង្វើ កើតមកពីការគិត។ អ្នកអាចក្លាយជាមនុស្សដែលមានទម្លាប់ធ្វើកិច្ចការមិនច្បាស់លាស់ បើការគិតរបស់អ្នកធ្វើឡើងមិនមានលំដាប់លំដោយត្រឹមត្រូវ។ ផ្ទុយទៅវិញ អ្នកត្រូវមានទម្លាប់គិតអ្វីឱ្យមានរបៀប ដឹងថាកិច្ចការណាដែលត្រូវយកចិត្តទុកដាក់មុន និងកិច្ចការណាដែលត្រូវបំពេញបន្ទាប់។ រៀបចំការគិតទៅតាមលំដាប់លំដោយត្រឹមត្រូវ នោះនឹងបង្កើតឱ្យមានទម្លាប់មួយទៀងទាត់ ហើយទម្លាប់នេះនឹងបង្កើតឱ្យមានវិន័យមួយដ៏ល្អ។

. ដឹងថាអ្វីដែលត្រូវធ្វើមុន

ក្នុងមួយថ្ងៃ អ្នកប្រហែលមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ។ ការងារដែលពិបាក ទាមទារការយកទុកចិត្តខ្លាំង និងត្រូវការពេលវេលាយូរ។ ចំណែកឯកិច្ចការងាយៗ គឹមិនសូវស្មុកស្មាញ និងប្រើពេលខ្លី។ ប៉ុន្តែ កិច្ចការស្រាលៗ ផ្តល់ផលប្រយោជន៍តិចជាងការងារធ្ងន់ៗ។ យ៉ាងណាមិញ កិច្ចការធ្ងន់ ឬ ស្រាល តិច ឬ ច្រើន មិនមែនជាបញ្ហាធំដុំទេ អ្វីដែលសំខាន់គឺត្រូវដឹងថាការងារណាដែលចាំបាច់ត្រូវបំពេញមុន។

. ចេះបដិសេធ

ដើម្បីកុំឱ្យមានការរំខានច្រើនដល់ការផ្តោតអារម្មណ៍លើការងារដែលអ្នកកំពុងធ្វើ អ្នកត្រូវចេះប្រកែកនិងអ្វីដែលអ្នកគិតថា មិនស្ថិតនៅលើគោលដៅរបស់អ្នក។ ឧទាហរណ៍ អ្នកត្រូវរំលឹកមេរៀនដើម្បីត្រៀមប្រឡងនៅថ្ងៃស្អែក តែត្រូវមិត្តភក្តិរបស់អ្នកបបួលចេញទៅក្រៅដើរលេង អ្នកគួរបដិសេធភ្លាមថា អ្នកមានកិច្ចការសំខាន់ដែលត្រូវធ្វើ។ ការបដិសេធបែបនេះ អាចធ្វើឱ្យភាគីម្ខាងទៀតប៉ះទង្គិចផ្លូវចិត្ត ប៉ុន្តែអ្នកក៏មិនចង់ឃើញខ្លួនឯងត្រូវបរាជ័យដោយមិនបានធ្វើតាមគោលដៅរបស់អ្នកឡើយ។

. រំលឹកពីមូលហេតុដែលអ្នកធ្វើវា

ជាការពិតណាស់ ដើម្បីសម្រេចបំណងប្រាថ្នា អ្នកអាចនិងត្រូវធ្វើអ្វីដែលចាំបាច់មួយទាំងមិនស្រស់ស្រាយក្នុងអារម្មណ៍។ លើសពីនេះ ការបង្ខំចិត្តធ្វើកិច្ចការសំខាន់ដែលអ្នកមានអារម្មណ៍តានតឹងជាមួយ គួបផ្សំនិងបរាជ័យជារឿយៗ នឹងបណ្ដាលឱ្យអ្នកចង់បោះបង់វាចោល។ ក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវរំលឹកខ្លួនឯងថា មូលហេតុដែលអ្នកត្រូវធ្វើការងារនោះទាំងមិនសប្បាយចិត្ត គឺពីព្រោះតែអ្នកចង់សម្រេចក្តីស្រមៃរបស់អ្នក ដែលវាតម្រូវឱ្យអ្នកដាច់ខាតត្រូវតែឆ្លងកាត់ផ្លូវនេះ។

. រំលឹកពីពេលដែលអ្នកចាប់ផ្តើម

អ្នកត្រូវដឹងថា ពេលណាអ្នកបានចាប់ផ្តើមដំណើរឆ្ពោះទៅរកក្តីសុបិន្តរបស់អ្នក ហើយតើពេលនេះអ្នកបានមកដល់ចំណុចណាហើយ។ ការរំលឹកបែបនេះនឹងធ្វើឱ្យអ្នកដឹងថា តាំងពីពេលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន អ្នកបានឆ្លងកាត់ទុក្ខលំបាកអ្វីខ្លះ ជួបរឿងសមបំណងបែបណាខ្លះ។ ល។ ហើយវាក៏ជាការទុកពេលឱ្យអ្នកពិចារណាដកស្រង់បទពិសោធបរាជ័យក្នុងអតីតកាល មកកែប្រែវាឱ្យល្អឡើងវិញផងដែរ។

. ឆ្លៀតពេលសម្រាកខ្លះ

ក្តីសុបិន្ត និងគោលដៅ គឺជាកិច្ចការសំខាន់បំផុតក្នុងជីវិត។ ទោះបីជាយ៉ាងណា ខ្សែហ្គីតាដែលរឹតតឹងពេក ឬធូរពេក ដេញទៅ មានសម្លេងមិនពិរោះទេ។ ខ្សែជីវិតគឺដូចគ្នា។ អ្នកមិនត្រូវផ្តោតលើរឿងអនាគត់ រហូតដល់ភ្លេចរស់នៅក្នុងពេលបច្ចុប្បន្នកាលនោះទេ។ ​អ្នកគួរយកពេលវេលាឱ្យរាងកាយ និងខួរក្បាលរបស់អ្នកបានសម្រាក់ខ្លះ ដូចជា ហត់កីឡា មើលកុន ធ្វើដំណើរកំសាន្តទីជិត ទីឆ្ងាយ ដើម្បីទទួលបានគំនិតថ្មី និងរូបភាពប្លែកៗនៅជុំវិញខ្លួន ប៉ុន្តែក៏មិនត្រូវធ្វើរឿងទាំងនេះញឹកញាប់ពេកដែរ ព្រោះវាអាចទាញអ្នកឱ្យឃ្លាតឆ្ងាយពីគោលដៅរបស់អ្នក។

ជីវិតគ្មានគោលដៅ ហាក់បីដូចជាខ្លែងដាច់ខ្សែ។ បើអ្នកចង់ឱ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិត អ្នកមិនគួរខ្លាចក្នុងការចាប់ផ្តើមធ្វើវាឡើយ ហើយអ្នករឹតតែមិនគួរបោះបង់វាចោលពាក់កណ្ដាលទីទៅទៀត៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕