ចេញរកស៊ីតាមជំហានខ្លីៗ ទាំង ៧ សម្រាប់អ្នកជំនួញជើងថ្មី

2185

 មនុស្សជាច្រើនចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន​ ប៉ុន្ដែមិនសូវជាចង់គិតថាត្រូវធ្វើយ៉ាងដូចម្ដេចខ្លះទេព្រោះវាមានភាពស្មុគស្មាញនាំអោយឈឺក្បាល។​ តែខាងក្រោមនេះគឺជាចំនុចគោលៗមួយចំនួនដែលអ្នកអាចយកទៅពិចារណាក្នុងការរៀបចំគម្រោងធ្វើអាជីវកម្មតាំងពីដើមរហូតដល់ពេលចាប់ផ្ដើមបើកអាជីវកម្ម។

១. បង្កើតគំនិតអាជីវកម្ម

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ជំហាននេះ អាចកំណត់ជោគវាសនានៃអាជីវកម្មរបស់អ្នក ថាវាអាចជោគជ័យ ឬបរាជ័យ។ អ្នកត្រូវតែចាប់ផ្តើមរកនឹកគំនិតដែលស៊ីជម្រៅមួយ ហើយគំនិតនោះអាចដោះស្រាយបញ្ហារបស់មនុស្សបានច្រើន។ វិធីដ៏សាមញ្ញមួយ គឺអ្នកត្រូវស្រាវជ្រាវ រកមើលថាមនុស្សកំពុងត្រូវការអ្វី ហើយតម្រូវការនោះមានអ្នកផ្គត់ផ្គង់ហើយឬនៅ។ គំនិតអាជីវកម្ម មិនចាំបាច់ស្តាប់ទៅឡូយពេកទេ វាគួរតែសាមញ្ញ តែច្បាស់លាស់។ ប្រសិនបើអ្នកមានគំនិតអាជីវកម្មមួយ តែមានគេរកស៊ីប្រភេទអាជីវកម្មបែបនិងហើយ អញ្ចឹងអ្នកត្រូវរកវិធីអ្វីដែលធ្វើឲ្យអ្នកពិសេសជាងគេ មានរបៀបផ្តល់សេវាកម្មឲ្យអតិថិជនប្រសើរជាងគេជាដើម។ 

គំរូ ៖  Uber រកឃើញគំនិតអាជីវកម្មហៅតាក់ស៊ីតាមទូរស័ព្ទ ដោយសារតែឃើញមនុស្សពិបាកហៅតាក់ស៊ីជិះពេក។

        Quora ត្រូវបានបង្កើតឡើងដោយសារតែឃើញមនុស្សចូលចិត្តស្វែងរកចម្លើយនៅលើអ៊ីនធើណេតពេក។

        Facebook ត្រូវបានបង្កើតឡើងដោយសារតែចង់ឲ្យមនុស្សកាន់តែងាយស្រួលក្នុងការទំនាក់ទំនងគ្នា ទូទាំងពិភពលោក។ …

២. សរសេរគម្រោងអាជីវកម្ម

យើងបានសរសេរអត្ថបទអំពីគម្រោងអាជីវកម្ម និងមាននៅលើគេហទំព័ររបស់យើងផងដែរ។ ដូចដែលអ្នកបានដឹងហើយ ថាគម្រោងអាជីវកម្មវាសំខាន់ប៉ុណ្ណា ហើយសំខាន់បំផុតនៅពេលចេញរកស៊ីដំបូងនឹងឯង។ គម្រោងអាជីវកម្មនិងជួយអ្នកឲ្យ៖

  • ដឹងថានរណាខ្លះជាអតិថិជនគោលដៅ
  • យល់ពីគោលបំណងអាជីវកម្ម
  • ស្គាល់គូប្រជែង
  • កំណត់តម្លៃផលិតផល ឬសេវាកម្ម
  • កំណត់ទីតាំងដែលមានសក្តានុពល
  • មានគម្រោងហិរញ្ញវត្ថុ
  • ដឹងថាត្រូវចំណាយលើអ្វីខ្លះ…។

៣. រើសយកប្រភេទអាជីវកម្ម 

ប្រភេទអាជីវកម្ម សំខាន់ដោយសារតែវាជាប់ពាក់ព័ន្ធនឹងការបង់ពន្ធ។ ប្រភេទអាជីវកម្មនិមួយៗមានមុខងារបង់ពន្ធតិច និងច្រើន អញ្ចឹងហើយបើអ្នករកស៊ីតូច អ្នកគួរតែរើសយកប្រភេទអាជីវកម្មណាដែលមិនតម្រូវឲ្យបង់ពន្ធច្រើន។ 

ចូលទៅអានអត្ថបទ ប្រភេទនៃអាជីវកម្ម

៤. ដើមទុន

បើនិយាយពីទុន ដំបូងអ្នកប្រាកដជាគិតដល់លុយសន្សំផ្ទាល់ខ្លួន ប៉ុន្តែបើវាមិនគ្រប់ អ្នកអាចទៅរកពីធនាគារ ពីគ្រួសារ មិត្តស្និតស្នាល ពីអ្នកវិនិយោគ ឬក៏សាច់ញាតិជាដើម។ ប្រសិនបើអ្នកមានអ្នកវិនិយោគ ពួកគេប្រាកដជាចង់បានសិទ្ធគ្រប់គ្រងផ្នែកណាមួយ ដូច្នេះអ្នកត្រូវយល់ឲ្យច្បាស់អំពីកិច្ចសន្យា ឬកិច្ចព្រមព្រៀងវិនិយោគ។

៥. បង្កើតរចនាសម្ព័ន្ធគ្រប់គ្រងក្រុមហ៊ុន និងមានក្រុមដ៏រឹងមាំ

អាជីវកម្មថ្មីរបស់អ្នក ត្រូវការមនុស្សដើម្បីដឹកនាំ និងធ្វើការតាមផ្នែកនិមួយៗ។ ប្រសិនបើអ្នកមានគម្រោងជួលបុគ្គលិក អ្នកត្រូវមានគម្រោង ថាត្រូវជួលនរណាខ្លះ មកធ្វើការខាងអ្វី ហើយកម្រិតនៃសមត្ថភាពរបស់ពួកគេប៉ុណ្ណា។ វាងាយស្រួលណាស់ក្នុងការរើសបុគ្គលិក ឬរើសសមាជិកក្រុម តែអ្វីដែលពិបាក គឺរើសមនុស្សឲ្យត្រូវ និងធ្វើការមានប្រសិទ្ធភាពខ្ពស់។

៦. បំពេញលិខិតស្នើរសុំបើកអាជីវកម្ម

រឿងផ្លូវច្បាប់ អ្នកមិនគួរមើលរំលងនោះទេ ទោះបីជារដ្ឋាភិបាល មិនទាន់រឹតបណ្តឹងវាខ្លាំងក៏ដោយ។ អ្នកត្រូវទាក់ទងអ្នកច្បាប់ដើម្បីប្រឹក្សាយោបល់ ថាត្រូវធ្វើអ្វីខ្លះ តាមប្រភេទអាជីវកម្មរបស់អ្នក។

៧. ធ្វើទីផ្សារ បង្កើនអតិថិជន

ចំនួននៃអតិថិជនរបស់អ្នក គឺប្រៀបបានដូចជាខ្ទង់ចំណូល និងជាដង្ហើមនៃអាជីវកម្មរបស់អ្នក។ បើអ្នករកបានអតិថិជនកាន់តែច្រើន ចំណូលក៏កាន់តែច្រើនដូចគ្នា ហើយដើម្បីរកអតិថិជនបានច្រើន ត្រូវពឹងលើការធ្វើទីផ្សារ។ អ្នកអាចធ្វើទីផ្សារតាមរយៈ៖

  • បណ្តាញសង្គម
  • និយាយប្រាប់មិត្តភក្តិ សាច់ញាតិ អ្នកជិតខាង និងអតិថិជនគោលដៅរបស់អ្នក
  • ផ្សាយតាមប្រព័ន្ធអ៉ីនធើណេត តាមគេហទំព័រល្បីៗ តាមទូរទស្សន៍ និងកាសែតជាដើម
  • ជួលក្រុមហ៊ុនធ្វើទីផ្សារ ឬស្នើរសុំមនុស្សដែលអ្នកស្គាល់ថាពូកែខាងធ្វើទីផ្សារ ឲ្យជួយរៀបប្រព័ន្ធទីផ្សារឲ្យ៕
ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។