ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថា គេបែងចែកអាជីវកម្មជាពីរប្រភេទធំៗ គឺអាជីវកម្មដែលរកស៉ីខាងផលិតផល និងសេវាកម្ម។ តាមពិតទៅការរកស៉ីខាងសេវាកម្ម ចំណាយលើថ្លៃដើមតិចជាងការលក់ផលិតផល ប៉ុន្តែវាក៏ចំណាយទៅលើអ្វីផ្សេងច្រើនជាងផលិតផលផងដែរ។ ខាងក្រោមនេះ គឺជាព័ត៌មានអំពីមុខងាររបស់ប្រភេទអាជីវកម្មទាំងពីរ៖

ផលិតផល (Product)

អាជីវកម្មរកស៉ីលក់ផលិតផល ដែលអ្នកអាចផលិតវាដោយផ្ទាល់ ឬក៏ទិញតមកពីគេ។ នៅពេលដែលអ្នកផលិតផល ចំណាយទាំងអស់ក្នុងការផលិតវាឲ្យចេញជារូបរាង គឺជាថ្លៃដើមផលិត ដែលមានដូចជាវត្ថុធាតុដើម និងថ្លៃសំបកវេចខ្ចប់ជាដើម តែមិនបូកជាមួយថ្លៃចំណាយលើទឹកភ្លើង និងថ្លៃកម្មករនោះទេ ដោយថ្លៃទាំងនេះត្រូវបានចាត់ចូលជាថ្លៃចំណាយទូទៅ និងថ្លៃចំណាយរដ្ឋបាល។ ប្រសិនបើអ្នកទិញតពីគេ ថ្លៃដឹកជញ្ជូនចូលឃ្លាំង និងថ្លៃទំនិញដែលទិញតពីគេ គឺជាថ្លៃដើមនៃផលិតផល។ ប្រសិនបើអ្នកមានអ្នកគណនេយ្យធ្វើការជាមួយ គេនឹងពន្យល់អ្នកអំពីប្រភេទនៃការចំណាយនីមួយៗ និងរបៀបដែលគេចុះក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ 

ការលក់ផលិតផល វាពិបាកក្នុងការគ្រប់គ្រង ស្រាវជ្រាវ និងអភិវឌ្ឍន៍ ហើយមានថ្លៃដើមខ្ពស់ ប៉ុន្តែក៏មានផលិតផលខ្លះងាយស្រួល ហើយចំណាយទៅលើប្រាក់ឈ្នួលតិចផងដែរ។ ឧទាហរណ៍ថា អ្នកផលិតនំខេកលក់ អញ្ចឹងអ្នកមិនចាំបាច់ជួលបុគ្គលិកលក់ជំនាញពេកទេ ព្រោះត្រូវចំណាយលើប្រាក់ខែខ្ពស់ ដូច្នេះអ្នកត្រូវការជួលតែបុគ្គលិកធម្មតាៗឲ្យចាំលក់នៅក្នុងហាងប៉ុណ្ណោះ។ 

សេវាកម្ម (Service)

ចំណាយថ្លៃដើមតិច ហើយពេលខ្លះស្ទើរតែគ្មាន ប៉ុន្តែដូចដែលអ្នកដឹងហើយ សេវាកម្មត្រូវប្រើធនធានមនុស្សដើម្បីបំពេគ អញ្ចឹងអ្នកក៏ត្រូវចំណាយលើប្រាក់ខែពួកគេខ្ពស់ផងដែរ។ ឧទាហរណ៍ ៖ អ្នកបើកក្រុមហ៊ុនប្រឹក្សាផ្លូវច្បាប់ ដូចនេះអ្នកត្រូវជួលអ្នកច្បាប់មកធ្វើការ ហើយប្រាក់ខែរបស់ពួកគេគឺពិតជាខ្ពស់។

ប៉ុន្តែបើអ្នកបើកជាសេវាកម្ម ហើយអ្នកធ្វើវាដោយខ្លួនឯង ចំណាយគឺទាបមែនទែន។ ឧទាហរណ័ថាអ្នកចេះ IT អញ្ចឹងអ្នកបើកសេវាទទួលបង្កើតគេហទំព័រ។ បើអ្នកចេះច្រើនអំពីពិធីការ អ្នកអាចបើកទទួលប្រឹក្សាអំពីគម្រោងរៀបអាពាហ៌ពិពាហ៌ ឬធ្វើជាពិធីករ។ បើអ្នកជំនាញខាងហិរញ្ញវត្ថុ អ្នកអាចបើកសេវាប្រឹក្សាយោបល់អំពីការគ្រប់គ្រង ឬបញ្ហាផ្សេងៗទាក់ទងនឹងហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្ម…។ អាជីវកម្មបែបសេវាកម្ម ត្បិតតែមិនសូវចំណាយទុនច្រើន ប៉ុន្តែវាត្រូវការមនុស្ស ចំណាយពេល និងសមត្ថភាពច្រើនដើម្បីធ្វើ។

សរុបទៅ ប្រភេទអាជីវកម្មទាំងពីរខាងលើ មានគុណសម្បត្តិ និងគុណវិបត្តិរៀងខ្លួន ប៉ុន្តែអ្វីដែលសំខាន់គឺភាពឆ្លាតវៃរបស់អ្នកក្នុងការច្នៃវាឲ្យកាន់តែអស្ចារ្យ ហើយអាចរកប្រាក់ចំណេញបានច្រើន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។