យោងតាមប្រភពពត៌មាន BBC បានផ្សាយថា អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ ឬ The International Monetary Fund ហៅកាត់ថា IMF បានយល់ព្រមលើសំណើរកម្ចីប្រាក់ ៥០ ពាន់លានដុល្លារអាមេរិក របស់ប្រទេសអាហ្សង់ទីន ខណៈដែលប្រទេសកំណើតរបស់តារាបាល់ទាត់ឆ្នើម Lionel Messi មួយនេះកំពុងព្យាយាមពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។
កិច្ចព្រមព្រៀងនេះមានរយៈពេលបីឆ្នាំ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF។
ចំណែកឯប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន លោក Mauricio Macri បានរងនូវការរិះគន់យ៉ាងខ្លាំងក្នុងប្រទេស ចំពោះការសម្រេចចិត្តរបស់លោកក្នុងការស្នើសុំជំនួយពីអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ។
អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិមួយនេះ ក៏ទទួលបានការរងការរិះគន់យ៉ាងខ្លាំង និងត្រូវបានគេបន្ទោសចំពោះការដួលរលំនៃសេដ្ឋកិច្ចអាហ្សង់ទីនកាលពីឆ្នាំ ២០០១ បន្ទាប់ពី IMF បានដកខ្លួនពីការពាក់ព័ន្ធនៅក្នុងប្រទេសនេះ និងបានបដិសេធផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ។
លោកប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីន Mauricio Macri បានមានប្រសាសន៍កាលពីពេលមុនថា ការយល់ព្រមលើសំណើពី IMF បានអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកពង្រឹងកម្មវិធីអភិវឌ្ឍន៍ និងការរីកចម្រើនជាបន្តទៀត។ “ការផ្តល់ឱ្យយើងនូវការគាំទ្រដ៏ធំ គឺដើម្បីប្រឈមនិងស្ថានភាពសកលថ្មីនេះ និងដើម្បីគេចចេញពីវិបត្តិដែលយើងធ្លាប់បានជួបប្រទះក្នុងពេលអតីតកាល” លោក Macri បានមានប្រសាសន៍។
គួរបញ្ជាក់ផងដែរថា ប្រទេសអាហ្សង់ទីនធ្លាប់បានស្ថិតក្រោមវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានស្នើសុំជំនួយពី IMF តាំងពីថ្ងៃ ០៨ ខែ ឧសភា ឆ្នាំ ២០១៨ បន្ទាប់ពីតម្លៃរូបិយប័ណ្ណបន្តធ្លាក់ចុះជាលំដាប់៕
អត្ថបទដោយ៖ Ciel
