ម្ចាស់ភាគហ៊ុនធំៗទាំង ៥ របស់ IBM

895

IBM គឺជាក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតកុំព្យូទ័រដ៏ធំមួយដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិច។ The Computing-Tabulating-Recording Company ជាឈ្មោះដើមរបស់ The International Business Machines Corporation ដែលហៅកាត់ថា IBM ត្រូវបានបង្កើតឡើងដោយលោក Charles Ranlett Flint នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ១៩១១។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ថ្មីៗនេះក្រុមហ៊ុន IBM បានផ្តោតការយកចិត្តទុកដាក់ជាខ្លាំងលើកម្មវិធី software និងកម្មវិធីផ្ទុកទិន្នន័យកុំព្យូទ័រ (cloud computing) ហើយអ្នកដែលបានជួយជ្រុំជ្រែងឱ្យក្រុមហ៊ុនទទួលបានចំណែកទីផ្សារដ៏ធំមួយនៅក្នុងវិស័យជំនួញបច្ចេកវិទ្យានេះ គឺជាបុគ្គលដែលមានភាគហ៊ុនច្រើនជាងគេនៅក្នុងក្រុមហ៊ុន។

ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៨ យោងតាមសារពត៌មាន investopedia ខាងក្រោមនេះ គឺជាបុគ្គលដែលមានភាគហ៊ុនខ្ពស់ជាងគេនៅក្នុងក្រុមហ៊ុន IBM ៖

១. Kenneth I. Chenault

លោក Kenneth Irvine Chenault គឺជាប្រធានក្រុមប្រឹក្សាឯករាជ្យរបស់ក្រុមហ៊ុន និងជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុង IBM stock ដែលកាន់កាប់ភាគហ៊ុន ៣២,១១៥ ចំណែក គិតត្រឹមថ្ងៃទី ២៩ ខែ មីនា ២០១៨។ លោក Kenneth ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន IBM ចាប់តាំងពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ១៩៩៨ មកម៉្លេះ។ បច្ចុប្បន្ន Chenault មានតួនាទីជាប្រធាន និងជានាយកចាត់ការទូទៅរបស់ក្រុមហ៊ុន Catalyst Partners ដែលជាក្រុមហ៊ុនប្រមូលដើមទុន ហើយគាត់ក៏ជានាយកម្នាក់នៃក្រុមហ៊ុន Procter & Gamble និង Facebook, Inc ផងដែរ។

២. Michael L. Eskew

លោក Michael L. Eskew បានធ្វើជាប្រធានក្រុមប្រឹក្សាភិបាលចាប់តាំងពីឆ្នាំ ២០០៥ និងជាម្ចាស់ភាគហ៊ុនធំបំផុតទី ២ ដែលកាន់កាប់ភាគហ៊ុន ២៨,៣៨៨ ចំណែក គិតចាប់ពីថ្ងៃទី ២៩ មីនា ២០១៨។ Michael Eskew ធ្លាប់បានបម្រើការជាប្រធាន និងនាយកប្រតិបត្តិនៅក្រុមហ៊ុន United Parcel Service, Inc (UPS) ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៥។

៣. Erich Clementi

លោក Erich Clementi គឺជាអនុប្រធានជាន់ខ្ពស់របស់ IBM Global Integrated Accounts និងជាម្ចាស់ភាគហ៊ុនធំបំផុតទី ៣ ដែលកាន់កាប់ភាគហ៊ុន ១៨,៤៧២ ចំណែក គិតត្រឹមថ្ងៃទី ០៩ ឧសភា ២០១៨។ បន្ទាប់ពីចាកចេញពីទីក្រុង Milan លោក Erich បានចូលរួមជាមួយក្រុមហ៊ុន IBM ក្នុងឆ្នាំ ១៩៨៤។ តាំងពីពេលនោះមក លោកបានបម្រើការជានាយកផ្នែកហិរញ្ញវត្ថុនៅ IBM Central Europe ជាអ្នកគ្រប់គ្រងទូទៅផ្នែកប្រព័ន្ធពាណិជ្ជកម្មរបស់ IBM និងជាអនុប្រធាននៃ IBM Global Markets

៤. David N. Farr

លោក David Nelson Farr បានបម្រើការជាប្រធានក្រុមប្រឹក្សាឯករាជ្យរបស់ក្រុមហ៊ុន IBM ចាប់តាំងពីឆ្នាំ ២០១២។ គាត់ជាម្ចាស់ភាគហ៊ុនច្រើនជាងគេទី ៤ ដែលគ្រប់គ្រងភាគហ៊ុន ៦,៧៦១ ចំណែក គិតត្រឹមថ្ងៃទី ២៩ មីនា ២០១៨។ លោក David ធ្លាប់ជាប្រធាននាយកប្រតិបត្តិរបស់ Emerson Electric Co. (EMR) នៅក្រុមហ៊ុន Vertiv Group Corporation ចាប់តាំងពីខែ តុលា ឆ្នាំ ២០០០។ លោកក៏ធ្លាប់មានបទពិសោធន៍ក្នុងតំណែងជាអ្នកដឹកនាំជាង ២០ ឆ្នាំ ក្នុងផ្នែកផលិត និងរៀបចំផែនការយុទ្ធសាស្រ្តលក់ និងផ្នែកគ្រប់គ្រងទូទៅផងដែរ។

៥. Mark Fields

លោក Mark Fields ជាអ្នកជំនួញសញ្ជាតិអាមេរិក និងជាអ្នកមានភាគហ៊ុនខ្ពស់ជាងគេទី ៥ ក្នុងក្រុមហ៊ុន IBM ដែលកាន់កាប់ភាគហ៊ុន ៤,១៧៧ ចំណែក គិតចាប់ពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៨។ គាត់រៀនចប់បរិញ្ញាបត្រសេដ្ឋកិច្ចពីសកលវិទ្យាល័យ Rutgers University និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ Harvard ផងដែរ៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕