ហេតុផលដែលអ្នកគួរចេញរកស៉ីខ្លួនឯង ល្អជាងធ្វើការឲ្យគេ

36880

មនុស្សគ្រប់គ្នាតែងតែមិនចង់ធ្វើការឲ្យគេនោះទេ ពួកគេចង់ធ្វើជាម្ចាស់របស់ខ្លួនឯង ប៉ុន្តែដោយសារតែហេតុផលពិបាកសម្រេចចិត្តជាច្រើន ទើបពួកគេស៊ូទ្រាំធ្វើការឲ្យគេបន្តទៀត។

អត្ថបទមួយនេះ អាចមិនល្អសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែវាអាចនឹងល្អសម្រាប់អ្នកដែលកំពុងសម្លឹងមើលឱកាសឈប់ធ្វើជាបុគ្គលិករបស់គេ។ ខាងក្រោមនេះ គឺជាការសង្ខេបអំពីគុណសម្បត្តិនៃការរកស៉ីដោយខ្លួនឯង៖

នៅពេលដែលអ្នកចេញរកស៉ីខ្លួនឯង៖
ផ្ទាំងឃោសនាពាណិជ្ជកម្ម

១. អ្នកនឹងធ្វើជាម្ចាស់លើខ្លួនឯង

បើអ្នកកំពុងតែធ្វើការឲ្យគេ អ្នកប្រាកដជាយល់អំពីអារម្មណ៍មួយដែលទទួលសម្ពាធពីអ្នកគ្រប់គ្រង ឬថៅកែ។ ខ្ញុំនឹងប្រាប់អ្នកអំពីរឿងពិតមួយដែលមនុស្សស្ទើរតែទាំងអស់មិនចង់និយាយអំពីវា គឺថា អតិថិជន មេ និង ថៅកែ តែងតែប្រាប់អ្នកអំពីអ្វីដែលពួកគេចង់ឲ្យអ្នកធ្វើ ហើយពេលខ្លះអ្នកត្រូវបានគេបញ្ជាឲ្យទៅកន្លែងដែលអ្នកមិនចង់ទៅទៀតផង។ ទាំងអស់នេះមានន័យថា អ្នកលក់ពេលវេលារបស់អ្នកទៅធ្វើការដើម្បីសម្រេចក្តីស្រមៃរបស់អ្នកដទៃ ទោះបីជាអ្នកទទួលបានប្រាក់ខែមកវិញក៏ដោយ។ ឧទាហរណ៍ថា អ្នកធ្វើការឲ្យហាងលក់ទំនិញមួយ ហើយគេឲ្យប្រាក់ខែដល់អ្នកចំនួន ១ លានរៀលក្នុងមួយខែ។ សំណួរសួរថា ប្រសិនបើអ្នកមិនអាចធ្វើការរកចំណូល ឬប្រាក់ចំណេញចូលហាងនោះបានលើសមួយលានរៀលក្នុងមួយខែទេ តើម្ចាស់ហាងគេជួលអ្នកបន្តទៀត ឬអត់? ដូច្នេះប្រាក់ខែដែលអ្នកទទួលបាននោះ គឺគ្រាន់តែជាចំនួនលុយមួយផ្នែកដែលអ្នករកឲ្យគេតែប៉ុណ្ណោះ។ 

រឿងដែលល្អគឺថា នៅពេលអ្នកចេញរកស៉ីខ្លួនឯង អ្នកមិនចាំបាច់ធ្វើការងារដែលអ្នកដ៏ទៃប្រាប់ឲ្យធ្វើទៀតទេ អ្នកមានជម្រើស ហើយអ្នកអាចសម្រេចចិត្តថាធ្វើ ឬមិនធ្វើដោយខ្លួនឯង។

២. អ្នកអាចជួយដល់អ្នកដទៃបាន

នៅពេលដែលអ្នករកស៉ីខ្លួនឯង អ្នកអាចជួយដល់សង្គម និងអ្នកដទៃបានច្រើនជាងពេលអ្នកធ្វើការឲ្យគេ។ អ្នកអាចបង្កើតការងារឲ្យអ្នកដទៃធ្វើ អ្នកអាចធ្វើជំនួយមនុស្សធម៌តាមរយៈការបរិច្ចាកប្រាក់ចំណូលដើម្បីជួយចាស់ជរា និងក្មេងកំព្រាជាដើម។ 

៣. អ្នកអាចបង្កើតការផ្លាស់ប្តូរមួយ

អ្នកមិនចាំបាច់ចង់ផ្លាស់ប្តូរពិភពលោកដូចជាលោក Bill Gates បង្កើត ក្រុមហ៊ុន Microsoft , Mark Zuckerberg បង្កើតក្រុមហ៊ុន Facebook, ឬ Steve Jobs បង្កើតក្រុមហ៊ុន Apple នោះទេ។ ប៉ុន្តែអ្នកអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានមួយសម្រាប់គ្រួសារ សម្រាប់ភូមិស្រុករបស់អ្នក ឬក៏សម្រាប់ប្រទេសរបស់យើងបាន តាមរយៈអាជីវកម្មរបស់អ្នក។

៤. អ្នកអាចនឹងរកប្រាក់បានច្រើនជាងមុន

មានម្ចាស់អាជីវកម្មខ្លះអាចរកចំណូលបានរាប់សិបលានក្នុងមួយថ្ងៃ ហើយក៏មានម្ចាស់អាជីវកម្មខ្លះរកមិនបាន ខាត ឬបិទទ្វារផងដែរ។ ប៉ុន្តែការរកស៉ីខ្លួនឯង អ្នកមានឱកាសច្រើនដើម្បីរកប្រាក់បានច្រើន និងលឿនជាងការដែលធ្វើការឲ្យគេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។