អាជីវកម្ម ដែលអ្នកអាចបើកដោយប្រើដើមទុនចាប់ពី $100

3918
រូបភាពដោយ Hongkong Land

តើអ្នកបានត្រៀមខ្លួនចេញរកស៊ីខ្លួនឯង ហើយឈប់ចំណាយពេលធ្វើការឲ្យគេរឺនៅ? ជាទូទៅ ឧបសគ្គធំគឺលុយ ដែលជាមូលហេតុរារាំងយើងមិនឲ្យចេញរកស៊ី តាមក្តីស្រមៃរបស់យើងបាន។ ប៉ុន្តែចាប់ផ្តើមរកស៊ី មិនមែនមានន័យថាទាល់តែមានលុយច្រើន ឬត្រូវតែបានត្រៀមអ្វីៗបានល្អឥតខ្ជោះនោះទេ បើអ្នកមិនទាន់មានលុយធ្វើជំនួញធំ អ្នកអាចរកវិធីធ្វើរបរតូចៗសិន ដើម្បីសន្សំលុយទុកធ្វើជំនួញធំ។ ច្បាស់ណាស់ បើយើងចង់ចេញរកស៊ីដោយប្រើទុនកាន់តែតិច យើងត្រូវចំណាយពេល ចំណេះដឹង និងកំលាំងធ្វើកាន់តែច្រើន។ ខាងក្រោមនេះ យើងនិងណែនាំអ្នកអំពីមុខរបរតូចៗមួយចំនួន ដែលប្រើដើមទុនតិចដល់អ្នក៖

១. អ្នកគ្រប់គ្រងទំព័រ Facebook

អ្នកអាចបើកសេវាគ្រប់គ្រងផេក Facebook ឲ្យម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ប៉ុន្តែវាតម្រូវឲ្យអ្នកចេះអំពីមុខងាររបស់ Facebook Page។ សេវាប្រភេទនេះ ប្រសិនបើអ្នកចេះរចនារូបភាព ឬវីឌីអូផ្សាយនៅលើផេកទៀត នោះចំណូលនិងកាន់តែធំ។ សម្រាប់ការគិតកម្រៃ អ្នកអាចគិតជាខែ ឬជាសប្តាហ៍តាមតែអ្នកចរចារជាមួយអតិថិជន។

២. អ្នករៀបចំគម្រោង

អ្នកអាចបើកជាសេវាទទួលប្រឹក្សា និងរៀបចំគម្រោង ដូចជាគម្រោងដំណើរកំសាន្ត គម្រោងរៀបការ ឬកម្មវិធីផ្សេងៗទៀតដែលអ្នកធ្លាប់មានបទពិសោធន៍។ ឧទាហរណ៍ថា មានអ្នកមានគម្រោងរៀបការ អញ្ចឹងគាត់ចង់មានអ្នកជំនាញប្រឹក្សាយោបល់ ដើម្បីធ្វើឲ្យកម្មវិធីរបស់គាត់ប្រព្រឹត្តទៅតាមការចង់បាន និងការចំណាយរបស់គាត់។ អតិថិជនប្រាកដជាត្រូវការដឹងអំពី សំអាងការ ចៅមហា និងក្រុមភ្លេងជាដើម ថាមានមួយណាដែលល្អ ហើយមានតម្លៃសមរម្យ ហើយអ្នកក៏អាចរកលុយទឹកតែបានពីការណែនាំនោះពីម្ចាស់សំអាងការ ឬក្រុមភ្លេងទាំងនោះផងដែរ។

៣. អ្នកណែនាំផលិតផល

ជាធម្មតា នៅពេលយើងទៅទិញទំនិញនៅតាមហាង អ្នកលក់តែងតែនិយាយថាទំនិញរបស់ពួកគេល្អជានិច្ច ប៉ុន្តែសម្រាប់អ្នកទិញ គាត់ចង់ដឹងពត៌មានដែលពិត ដើម្បីកុំឲ្យចំណាយលុយទិញទំនិញដែលខុសពីអ្វីដែលគាត់ចង់បាន។ អ្នកអាចបើកសេវាណែនាំផលិតផល ដល់អ្នកប្រើប្រាស់ តែអ្នកត្រូវស្គាល់ផលិតផលឲ្យបានច្រើនប្រភេទ  គុណភាព និងមុខងារប្រើប្រាស់របស់វានិមួយៗឲ្យបានច្រើន។ មួយវិញទៀត អ្នកអាចថតជាវីឌីអូប្រៀបធៀបផលិតផល រួចហើយបង្ហោះចូល Youtube ឬបង្កើតគេហទំព័ររកលុយពី Facebook Instant ដើម្បីរកប្រាក់ចំណូលបន្ថែមមួយមុខទៀតផងដែរ។

៤. អ្នកប្រឹក្សាយោបល់អំពីការរើសមុខជំនាញ និងសកលវិទ្យាល័យដើម្បីសិក្សា

នៅប្រទេសកម្ពុជា សិស្សដែលចប់វិទ្យាល័យ ពួគគាត់ហាក់ពិបាកក្នុងការសម្រេចចិត្ត ថាគួររៀនជំនាញអ្វី ហើយនៅសកលវិទ្យាល័យណា។ អ្នកអាចបើកសេវាកម្ម ប្រឹក្សាយោបល់អំពីការរើសមុខជំនាញណាដែលមានទីផ្សារការងារខ្ពស់ និងត្រូវតាមសមត្ថភាពរបស់គាត់ផ្ទាល់ ហើយសម្រាប់ការរើសសកលវិទ្យាល័យវិញ អ្នកត្រូវប្រមូលពត៌មានអំពីសកលវិទ្យាល័យ និងពីសិស្សដែលរៀននៅតាមសកលវិទ្យាល័យទាំងនោះផ្ទាល់ជាមុនសិន។ នៅតាមសកលវិទ្យាល័យនិមួយៗមានប្រព័ន្ធគ្រប់គ្រង និងកម្មវិធីបង្រៀនខុសៗគ្នា អញ្ចឹងយើងត្រូវសាកសួរសិស្សដែលរៀននៅតាមសកលវិទ្យាល័យនិមួយៗ ថាកំឡុងពេលសិក្សា សាលាផ្តល់ភាពងាយស្រួល និងពិបាកអ្វីខ្លះ ហើយនៅពេលបញ្ចប់ការសិក្សា តើមានគេទទួលស្គាល់ច្រើនដែរឬទេជាដើម។

សូមជម្រាបដែរថា ប្រសិនបើអ្នករើសយក គំនិតអាជីវកកម្មមួយណាក្នុងចំណោមទាំងបួនខាងលើ អ្នកគួរតែមានគម្រោងដំណាក់កាលទី ២ ឬដល់ទី ៣ បន្តទៀត ព្រោះមុខរបរទាំងនេះត្បិតតែមិនចំណាយទុនច្រើន ប៉ុន្តែអ្នកក៏មិនអាចរកចំណូលច្រើនបានដូចគ្នា ដូច្នេះការចាប់ផ្តើមរបរទាំងនេះ គឺដើម្បីស្រូបយកបទពិសោធន៍ផង និងសន្សំលុយបើកអាជីវកម្មធំជាងនេះផង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។