ចាប់ផ្តើមជីវិតជាថ្មីជាមួយនឹងសៀវភៅទាំងបីក្បាលរបស់អ្នកនិពន្ធនៅអាស៊ី

1758

លោក Ron Gibori ដែលជាសហគ្រិននិងជានាយកនៅ Inc.piece​ យល់ថា ចំណេះដឹង និងពត៌មាន គឺជារបស់ដ៏មានតម្លៃបំផុតដែលមនុស្សម្នាក់ៗមាន។ លើសពីនេះទៅទៀត សមត្ថភាពក្នុងការទាញយកព័ត៌មាននោះមកប្រើជាប្រយោជន៍ គឺជាសក្កានុពលដ៏ធំរបស់បុគ្គលម្នាក់ៗ។ គាត់បានបន្ថែមទៀតថា បើតាមបទពិសោធន៍របស់គាត់ដែលធ្លាប់សិក្សាពីទម្លាប់របស់បុគ្គលជោគជ័យ ពួកគេមានចំណុចប្រសព្វមួយដែលដូចគ្នា គឺទម្លាប់នៃការអាន។

អ្នកនិពន្ធ Brian Tracy បានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកអានសៀវភៅមួយក្បាលក្នុងមួយថ្ងៃ អ្នកនឹងក្លាយជា ១% នៃបុគ្គលដែលរកប្រាក់ចំណូលកំពូលនៅក្នុងសង្គម។ ដូច្នេះហើយស្រមៃទៅមើល ប្រសិនបើ១ឆ្នាំអ្នកអានបាន៥០ក្បាល នោះអ្នកនឹងក្លាយជាបុគ្គលមួយរូបដែលមានចំណេះដឹង ឆ្លាតវៃ មានសមត្ថភាព និងអាចរកប្រាក់ចំណូលបានយ៉ាងច្រើន។ ជាការពិតណាស់ ការអាននឹងផ្លាស់ប្តូរជីវិតអ្នកបានយ៉ាងពិតប្រាកដ។

ខាងក្រោមនេះ គឺជាសៀវភៅទាំងបួនក្បាលដែលជាស្នាដៃរបស់អ្នកនិពន្ធនៅអាស៊ីដែលអាចជួយអោយអ្នកមានកម្លាំងចិត្តក្នុងការចាប់ផ្តើមដំណើរជីវិតឡើងវិញ។

១. “From Grit to Great” និង “Fast Forward” និពន្ធដោយ Jonathan Yabut

Jonathan Yabut គឺជាម្ចាស់ជ័យលាភីមួយរូបក្នុងកម្មវិធីទូរទស្សន៍មួយមានឈ្មោះថា The Apprentice Asia។ កម្មវិធីនេះបាននាំគាត់អោយធ្វើកាងារចាប់តាំងពីប្រធានបុគ្គលិករយៈពេលមួយឆ្នាំជាមួយនឹង AirAsia។ គាត់ចាប់ផ្តើមពីឥរិយាបថមួយដែលដាក់ខ្លួនមិនក្រអឺតក្រទមរហូតអាចក្លាយជាបុគ្គលលំដាប់នៃតំណែងខ្ពស់មួយក្នុងការបណ្តុះបណ្តាលជំនាញផ្នែកទីផ្សារ និងសហគ្រិនភាព។ បទពិសោធន៍ និងរឿងរ៉ាវដែលគាត់ធ្លាប់ជួបទាំងឡាយគឺត្រូវបានរៀបរាប់នៅក្នុងសៀវភៅ “From Grit to Great” តែម្តង។

លើសពីនេះទៅទៀត Yabut ក៏រវល់ក្នុងការធ្វើដំណើរទៅកាន់តំបន់ផ្សេងៗគ្នាក្នុងការចែករំលែកនូវបទពិសោធន៍ និងការលើកទឹកចិត្តជាដើមផងដែរ។ ហេតុដូចនេះហើយ ទើបនៅក្នុងសៀវភៅរបស់គាត់ “Fast Forward: The Ultimate Career Guide For Millennials On The Move” បានសរសេររៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួនរបស់គាត់ទាក់ទងនឹងការឆ្លងកាត់នៅក្នុងពិភពនៃការប្រកួតប្រជែងសព្វថ្ងៃ។

២. “Start, Love, Repeat: How To Stay In Love With Your Entrepreneur In A Crazy Start-up World” និពន្ធដោយ Dorcas Cheng-Tozun

តាមរយៈការសម្ភាសន៍គូរស្នេហ៍សហគ្រិនមិនតិចជាង ៧០ គូរមក Dorcas Cheng-Tozun ក៏មានគំនិតចង់ចងក្រងសៀវភៅនេះឡើង។បើនិយាយទៅ កាលពីបីឆ្នាំមុន គាត់មានបញ្ហាជាមួយស្វាមីរបស់គាត់ដែលជាសហគ្រិនដូចគ្នា។ ពួកគាត់តែងតែមានបញ្ហារកាំរកុះជានិច្ច ក្នុងការធ្វើអោយមានភាពស្មើគ្នារវាងមុខជំនួញ និងគ្រួសារ។ ក្រោយមកទើបគាត់ដឹងថា មានមនុស្សជាច្រើននាក់ផ្សេងទៀតដែលមានបញ្ហាដូចគាត់អញ្ចឹង ជាពិសេសអ្នកដែលទើបចាប់ផ្តើមធ្វើអាជីវកម្មដំបូងៗ។ ដូច្នេះហើយទើប Dorcas Cheng-Tozun តែងតែព្យាយាមរកដំណោះស្រាយចំពោះបញ្ហានេះ។

Dorcas Cheng-Tozun គឺជាអ្នកនិពន្ធនិងអ្នកកែសម្រួលមួយរូបដែលទទួលបានពានរង្វាន់ ហើយស្នាដៃរបស់គាត់ត្រូវបានបោះពុម្ភផ្សាយនៅទូទាំងអាមេរិច និងអាស៊ី។ មកទល់នឹងពេលនេះ គាត់រស់នៅជាមួយនឹងស្វាមីដែលជាសហគ្រិនព្រមទាំងជាស្ថានិកនៃ d.light អស់រយៈពេល១២ឆ្នាំមកហើយ។

៣. “Never Give Up: Jack Ma In His Own Words” ប្រែសម្រួលដោយ Suk Lee និង Bob Song

នៅក្នុងសៀវភៅនេះមានសម្រង់សម្តីប្រហែលលើសពី ២០០ ឃ្លាដែលដកស្រង់ពីមហាសេដ្ឋីចិន Jack Ma។ ឃ្លាទាំងអស់នោះគឺផ្តោតទៅលើផ្នែកសហគ្រិនភាព ការគ្រប់គ្រងមុខជំនួញ ការច្នៃប្រឌិត ការគ្រប់គ្រង និងបំណិនជីវិត។ ទាំងអស់នេះអាចជួយអោយអ្នកអានទទួលបាននូវគំនិតល្អៗបន្ថែមទៀត។ សម្រង់សម្តីទាំងនោះភាគច្រើនបកប្រែពីភាសាចិន។

បើសិក្សាពីរឿងរ៉ាវរបស់ Jack Ma វិញ គឺតែងតែជម្រុញទឹកចិត្តមនុស្សគ្រប់គ្នាអោយមានកម្លាំងចិត្តក្រោកឈរឡើងវិញ។ គាត់ចាប់ផ្តើមក្រុមហ៊ុន Internet ដំបូងនៅឆ្នាំ១៩៩៩ គឺនៅពេលដែលមានមនុស្សប្រហែលតិចនាក់ប៉ុណ្ណោះដែលស្គាល់ពី Internet។ ដំបូងឡើយ គាត់គ្រាន់តែជាគ្រូបង្រៀនអង់គ្លេសម្នាក់ប៉ុណ្ណោះ ហើយគាត់មិនដឹងសូម្បីតែការសរសេរកូដយ៉ាងម៉េចផង ប៉ុន្តែទោះជាយ៉ាងណា គាត់នៅតែសម្រេចចិត្តបើកក្រុមហ៊ុនបច្ចេកវិទ្យា។ គិតត្រឹមថ្ងៃនេះ Jack Ma គឺជាមហាសេដ្ឋីពិភពលោកនៅលេខរៀងទី ១១  ហើយគាត់គឺជាស្ថាបនិកនៃក្រុមហ៊ុនលក់ទំនិញតាមអនឡាញធំបំផុតរបស់ចិនគឺក្រុមហ៊ុន Alibaba និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀត ព្រមទាំងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនរាប់សិបទៀតផងដែរ៕

អត្ថបទដោយ ៖ Xiao Mey

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។