សហគ្រិនជោគជ័យជាច្រើន ជោគជ័យដោយសារតែការនឹកឃើញគំនិតអាជីវកម្មដ៏អស្ចារ្យរបស់ពួកគេ។ ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់ក្លាយជាសហគ្រិន ហើយកំពុងចង់រកស៊ីវិញ តែងតែនឹកឃើញគំនិតអាជីវកម្មស្ទើរតែរាប់មិនអស់ ប៉ុន្តែមិនដឹងថាគំនិតអាជីវកម្មនោះយកជាការបានឬអត់។ ប្រសិនបើអ្នកចង់ក្លាយជាថៅកែ ឬម្ចាស់របស់ខ្លួនឯង តែអ្នកមិនដឹងថាគួរចាប់ផ្តើមដោយគំនិតអាជីវកម្មណា ឬក៏អ្នកមានគំនិតហើយ តែមិនច្បាស់ ខាងក្រោមនេះគឺជាសំណួរដែលអ្នកអាចសួរខ្លួនឯង ដើម្បីរកគំនិតអាជីវកម្មដែលត្រឹមត្រូវ៖

  • ហេតុអ្វីបានជាអ្នកចង់ចេញរកស៊ីដោយខ្លួនឯង?
  • តើអ្នកចូលចិត្តធ្វើអ្វីជាងគេ?
  • តើអ្នកពូកែខាងអ្វី?
  • តើអ្នកចង់រៀនពីអ្វីបន្ថែមទៀត?

ប្រើប្រាស់កិច្ចការដែលអ្នកចូលចិត្តធ្វើ ដើម្បីបង្កើតវាទៅជាគំនិតអាជីវកម្ម

រើសយកកិច្ចការណាមួយដែលជាចំណូលចិត្តរបស់អ្នក ហើយសាកល្បងប្រើប្រាស់វាដើម្បីបង្កើតទៅជាគំនិតអាជីវកម្មមួយ។ ការចាប់ផ្តើមរកស៊ី តម្រូវឲ្យអ្នកចំណាយពេល កំលាំង និងទឹកចិត្តធ្វើ។ ប្រសិនបើអ្នករើសយកមុខរបរណាដែលអាចរកចំណូលបានច្រើន តែវាមិនមែនជាចំណូលចិត្តរបស់អ្នកទេនោះ អ្នកនិងពិបាកស្វែងរកជោគជ័យមិនខាន។ សួរខ្លួនអ្នកនូវសំណួរទាំងនេះ៖

  • តើអ្នកចំណាយពេលធ្វើអ្វីនៅពេលទំនេរ?
  • តើអ្នកចូលចិត្តធ្វើអ្វី? តើវាអាចបំលែងទៅជារបររកស៊ីទេ?
  • តើការងារណាដែលអ្នកស្រលាញ់? តើការងារណាដែលជាការងារក្នុងក្តីស្រមៃរបស់អ្នក?

ដឹងថាអ្នកពូកែខាងអ្វី រួចប្រើវាបង្កើតទៅជាគំនិតអាជីវកម្ម

ទេព្យកោសល់របស់អ្នកអាចមានប្រយោជន៍ ប្រសិនបើអ្នកជាអ្នកចម្រៀង តន្រ្តីករ ឬអ្នកថតរូប។ ប្រសិនបើអ្នកមានជំនាញដែលអាចប្រើការបាននៅក្នុងខ្លួន វាគឺជាឱកាសមួយក្នុងការប្រើប្រាស់វាធ្វើអាជីវកម្ម។ ឧទាហរណ៍ថា អ្នករៀនចប់ជំនាញគណនី ដូច្នេះអ្នកអាចបើកសេវាកម្មដែលទាក់ទងនិងគណនី។ ប្រសិនបើអ្នករៀនចប់ជំនាញច្បាប់ អ្នកអាចបើកសេវាឯកជនប្រឹក្សាផ្នែកច្បាប់។ ប្រសិនបើអ្នកចេះភាសាអង់គ្លេស អ្នកអាចបើកទទួលបង្រៀនឯកជន និងសេវាបកប្រែ។ ប្រសិនបើអ្នកពូកែនិយាយ និងរុះរាយ អ្នកអាចធ្វើជាពិធីករនៅតាមកម្មវិធីផ្សេងៗ ឬជាអ្នកសម្របសម្រួលកម្មវិធីធំៗជាដើម។

ពេលខ្លះ អ្នកអាចមិនដឹងអំពីភាពខ្លាំងរបស់ខ្លួនឯង អញ្ចឹងអ្នកអាចសាកសួរគ្រួសារ ឬមិត្តជិតស្និតរបស់អ្នកថាពួកគេមើលមកអ្នកថាពូកែខាងអ្វី។ 

ប្រើប្រាស់ការចង់ចេះចង់ដឹង

ពេលខ្លះឥទ្ធិពលនៃការចង់បាន ឬចង់ធ្វើ ជំរុញឲ្យយើងធ្វើកិច្ចការនោះដោយពោរពេញដោយថាមពល។ ប្រសិនបើអ្នករកនឹកគំនិតអាជីវកម្មមិនឃើញ អ្នកអាចប្រើប្រាស់អ្វីដែលជម្រុញឲ្យអ្នកចង់ធ្វើ រួចហើយប្រែក្លាយវាទៅជារបររកស៊ី។ 

ឧទាហរណ៍ថា អ្នកចង់ធ្វើជាអ្នកជំនាញហិរញ្ញវត្ថុ អញ្ចឹងអ្នកត្រូវទៅរៀន ហើយបន្ទាប់ពីអ្នករៀនចប់ដោយជោគជ័យ អ្នកអាចបើកសេវាប្រឹក្សាហិរញ្ញវត្ថុឯកជន និងអាចរួមបញ្ចូលសេវាកម្មរៀបចំគម្រោងហិរញ្ញវត្ថុដល់ម្ចាស់អាជីវកម្មផងដែរ។ ប្រសិនបើអ្នកចង់ចេះភាសាបរទេស អ្នកត្រូវទៅរៀនវា ហើយបន្ទាប់ពីរៀនចប់ អ្នកអាចបើកសេវាកម្មបកប្រែ៕

អត្ថបទដោយ ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។