យោងតាមគេហទំព័រពត៌មាន asiaone បានចុះផ្សាយថា ក្រុមហ៊ុន Toyota Motor Corp បានយល់ព្រមវិនិយោគប្រាក់ ១ ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុន Taxi Grab នៅតំបន់អាស៊ីអាគ្នេយ៍។ Toyota ជាក្រុមហ៊ុនវិនិយោគនាំមុខគេក្នុងការផ្តល់ប្រាក់វិនិយោគដល់ក្រុមហ៊ុន Grab ដែលបានចាប់ផ្តើមអស់រយៈពេល ៦ ឆ្នាំ បន្ទាប់ពីក្រុមហ៊ុននេះបានទិញអាជីវកម្មក្នុងតំបន់របស់ក្រុមហ៊ុន Uber Technologies។
ការវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្ត Toyota នេះ គឺជាការវិនិយោគធំបំផុតមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងវិស័យដឹកជញ្ជូននៅជុំវិញសកលលោក នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Grab ដែលចេញផ្សាយនៅថ្ងៃ ១៣ ខែ មិថុនា។
ក្រុមហ៊ុន Toyota នឹងតែងតាំងនាយកប្រតិបត្តិម្នាក់ ឱ្យមកធ្វើជាប្រធានក្រុមប្រឹក្សានៅក្នុងក្រុមហ៊ុន Grab ហើយបុគ្គលិករបស់ Toyota មួយក្រុមក៏នឹងត្រូវតែងតាំងឱ្យធ្វើជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុន Grab ផងដែរ។
គួររំលឹកដែរថា កាលពីដើមឆ្នាំ ២០១៨ ក្រុមហ៊ុន Uber បានលក់សិទ្ធិប្រតិបត្តិការក្នុងតំបន់របស់ខ្លួន ឱ្យដល់ក្រុមហ៊ុន Grab ក្នុងតម្លៃភាគហ៊ុន ២៧.៥ ភាគរយ ពីទីស្នាក់ការកណ្ដាលដែលមានទីតាំងនៅប្រទេសសិង្ហបុរី ដើម្បីបញ្ចប់ការប្រជែងគ្នាកាន់កាប់តំបន់៕
អត្ថបទដោយ៖ Ciel
