មេរៀនជីវិតទាំង ១០ ពីស្ថាបនិក Microsoft អាចធ្វើឱ្យអ្នកមានកម្លាំងចិត្តតស៊ូឡើងវិញ

1586

អ្នករកឃើញក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីលំដាប់ទីពីរនៅលើពិភពលោក Bill Gates មានឈ្មោះពេញជា William Henry Gates III បានកើតនៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៩៥៥ ក្នុងទីក្រុង Seattle រដ្ឋធានី Washington នៃសហរដ្ឋអាមេរិក។ Bill Gates ត្រូវបានចាត់ទុកថាជាមហាសេដ្ឋីចិត្តសប្បុរសមួយរូប ដែលបានជួយជីវិត និងសម្រួលទុក្ខលំបាករបស់ប្រជាជនក្រីក្ររាប់លាននាក់ជុំវិញពិភពលោកតាមរយៈអង្គការមូលនិធិសប្បុរសធម៌ Bill & Melinda Gates Foundation។  ខាងក្រោមនេះគឺជាមេរៀនជីវិត ១០ ដែលអ្នកគួរស្វែងយល់ពីបុគ្គលដ៏ជោគជ័យក្នុងសម័យបច្ចេកវិទ្យា៖

១. ប្រាថ្នាឱ្យខ្ពស់

បុគ្គលជោគជ័យជាច្រើន រួមទាំងលោក Bill Gates តែងតែនិយាយថា ធ្វើជាមនុស្សត្រូវមានក្តីស្រមៃធំ ឬ ប្រាថ្នាឱ្យខ្ពស់។ ក្នុងន័យនេះគេចង់បញ្ជាក់ទំហំនៃជោគជ័យដែលមនុស្សអាចបង្កើតបានតាមរយៈការខិតខំរបស់ខ្លួន ព្រោះបើអ្នកមានក្តីប្រាថ្នាកាន់តែធំ អ្នកនឹងត្រូវប្រឹងប្រែងកាន់តែខ្លាំង និងរុករកគ្រប់មធ្យោបាយដើម្បីសម្រេចវា។ ផ្ទុយទៅវិញ បើអ្នកគ្រាន់តែមានបំណងប្រាថ្នាតូច នោះសកម្មភាព ការខិតខំប្រឹងប្រែង និងជោគជ័យរបស់អ្នកក៏មានទំហំទៅតាមហ្នឹងដែរ។

២. គិតមុនជានិច្ច

បទពិសោធន៍ក្នុងអតីតកាលអាចផ្តល់មេរៀនឱ្យអ្នកយកមកធ្វើការផ្លាស់ប្តូរសម្រាប់ជីវិតប្រចាំថ្ងៃ ចំណែកឯការគិតអំពីអនាគតអាចឱ្យអ្នកបានត្រៀមខ្លួនទុកជាមុន។ Bill Gates គឺជាមនុស្សដែលមានទស្សនៈវែងឆ្ងាយចំពោះរឿងដែលអាចនិងកើតមាននៅពេលអនាគត។ ជាក់ស្ដែង ក្រុមហ៊ុន Microsoft របស់លោក តែងយកឈ្នះគូរប្រជែងបានជារៀងរាល់ឆ្នាំ នេះក៏ដោយសារការគិត និងការព្យាករណ៍ទុកមុនចំពោះរឿងដែលអាចកើតមាននាពេលអនាគត។

៣. កុំឱ្យជោគជ័យបង្អាក់អ្នក

ជោគជ័យម្តងមិនមែនមានន័យថា អ្វីៗត្រូវបានបញ្ចប់នោះទេ។ Bill Gates មានទស្សនៈមួយអំពីជោគជ័យថា ជោគជ័យគឺជាគ្រូកំណាច។ វាជម្រុញឱ្យមនុស្សឆ្លាតគិតថាពួកគេមិនចេះបរាជ័យ។ ការអបអរនិងជ័យជម្នះគឺជារឿងសំខាន់ ប៉ុន្តែ អ្នកមិនគួរត្រេកអរចំពោះវា រហូតធ្វើឱ្យអ្នកមិនបានគិតត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនៅពេលអនាគតឡើយ។

៤. ឱ្យតម្លៃពេលវេលា

បុគ្គលដែលទទួលបានជ័យជម្នះអស្ចារ្យនៅលើលោក សុទ្ធតែជាមនុស្សដែលឱ្យតម្លៃពេលស្មើនិងជីវិត។ Bill Gates មានប្រសាសន៍ថា ទោះបីជាអ្នកមានប្រាក់ច្រើនប៉ុណ្ណាក៏ដោយ អ្នកមិនអាចទិញពេលវេលាបានទេ។ ច្បាស់ណាស់ថា គ្មានអ្វីដែលអាចទាញពេលវេលាដែលកន្លងហួសឱ្យត្រឡប់មកវិញបានឡើយ។ អ្នកអាចចំណាយពេលរងចាំនរណាម្នាក់ ឬ រងចាំអ្វីមួយ ប៉ុន្តែពេលវេលាមិនចាំអ្នកទេ។

៥. តម្លៃនៃគុណភាព

គុណភាព គឺជាតែងតែមានតម្លៃជាងបរិមាណជានិច្ច។ ទោះបីជាក្រុមហ៊ុន Microsoft បានរីកចម្រើនខ្លាំង និងមានបុគ្គលិកច្រើនក៏ដោយ Bill Gates នៅតែបន្តធ្វើជាអ្នកត្រួតពិនិត្យរាល់កម្មវិធី Software មុនពេលក្រុមហ៊ុនដាក់លក់។ នេះបង្ហាញឱ្យឃើញថា គាត់គឺជាមនុស្សដែលឱ្យតម្លៃដល់គុណភាពច្រើនជាងបរិមាណ។

៦. បង្ហាញគំនិតច្នៃប្រឌិត

បើអ្នកមានគំនិតច្នៃប្រឌិតអ្វីមួយ កុំបារម្ភថានឹងមានមនុស្សប៉ុន្មាននាក់ជឿអ្នក។ អ្នកគួរតែបន្តអភិវឌ្ឍវា នៅពេលដែលពេលវេលាមកដល់ មនុស្សគ្រប់គ្នានឹងបានឃើញពីគំនិតដ៏អស្ចារ្យរបស់អ្នក។ នៅដើមទសវត្សទី ៨០ Bill Gates និង Steve Ballmer បានធ្វើដំណើរទូទាំងប្រទេសដើម្បីផ្តល់សិក្ខាសាលាអំពីសារៈសំខាន់នាពេលអនាគតរបស់កម្មវិធី Graphic Design ប៉ុន្តែគ្មាននរណាម្នាក់ជឿពួកគាត់ឡើយ។ ឆ្នាំ ១៩៨៤ អ្វីៗបានប្រែប្រួលយ៉ាងរហ័ស នៅពេលដែល Apple បានដាក់លក់កុំព្យូទ័រ Macintosh ដែលទទួលបានជោគជ័យដោយប្រើប្រាស់កម្មវិធី Graphic Design

៧. ចែករំលែកទស្សនៈដល់កូនក្រុម

បើអ្នកធ្វើជាអ្នកដឹកនាំគេ ការចែករំលែកទស្សនៈវិជ្ជមានដល់អ្នកនៅក្រោមបង្គាប់គឺជាកិច្ចការសំខាន់ណាស់ ព្រោះអ្នកត្រូវការឱ្យពួកគេមើលឃើញពីរូបភាពដែលកើតមាននៅក្នុងការគិតរបស់អ្នក ហើយវាក៏ជាកត្តាចម្បងដើមជម្រុញការច្នៃប្រឌិត ព្រមទាំងបង្កើនផលិតភាពរបស់ពួកគេផងដែរ។

៨. សិក្សាពីអតិថិនដែលមិនពេញចិត្តចំពោះផលិតផលរបស់អ្នក

ការសិក្សាអំពីអតិថិជនអាចឱ្យអ្នកវាយតម្លៃបានថា ផលិតផល ឬ សេវាកម្មរបស់អ្នកទទួលបានការគាំទ្រកម្រិតណា ហើយការស្វែងយល់អំពីអ្នកប្រើប្រាស់ដែលមិនពេញចិត្តចំពោះផលិតផលរបស់អ្នក ក៏អាចឱ្យអ្នកដឹងថាអ្វីដែលគួរតែយកចិត្តទុកបន្ថែមការអភិវឌ្ឍផលិតផល។ “មានអតិថិជនដែលមិនពេញចិត្តនិងផលិតផលរបស់អ្នកកាន់តែច្រើន នោះពួកគេគឺជាប្រភពដែលអ្នកត្រូវស្វែងយល់” Bill Gates។

៩. ចែករំលែកភាពជោគជ័យ

អ្នកដឹកនាំដែលខ្លាំង យល់ពីចំណុចសំខាន់នៃការចែករំលែកភាពជោគជ័យដល់អ្នកដទៃ។ តាមរយៈអង្គការមូននិធិ Bill & Melinda Gates លោក Bill Gates បានចែករំលែកក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងការលះបង់ពេលវេលារបស់លោក ដើម្បីនាំជំនួយជូនដល់មនុស្សដែលកុំពុងរងទុក្ខទាំងឡាយ និងបង្កើនភាពរីកចម្រើនរបស់សហគមន៍នៅជុំវិញពិភពលោក ដែលនេះគឺចាត់ទុកដូចជាការចែករំលែកជោគជ័យអញ្ចឹងដែរ។

១០. អានឱ្យច្រើន

តាមសារពត៌មាន Quora មហាសេដ្ឋីចិត្តសប្បុរសរូបនេះអានសៀវភៅបាន ៥០ ក្បាលក្នុងមួយឆ្នាំ ដោយមួយសប្ដាហ៍គាត់អានសៀវភៅចប់មួយក្បាល និងមានពេលឈប់សម្រាកពីរថ្ងៃក្នុងមួយសប្ដាហ៍។ ការអាននេះ បានធ្វើឱ្យលោកកាន់តែមានគំនិតថ្មីៗ និងគិតបានមុនជានិច្ច។

ជោគជ័យរបស់មនុស្សនៅលើលោកទាំងអស់សុទ្ធតែមានរូបមន្តផ្ទាល់ខ្លួនរបស់ពួកគេ។ ជោគជ័យច្រើន ឬ តិច អាស្រ័យលើការគិត ផែនការ និងការអនុវត្តប្រចាំថ្ងៃ៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕