៥ វិធីដើម្បីស្វែងរកការងារដែលអ្នកស្រលាញ់

804

ការងារគឺងាយស្រួលរក ប៉ុន្តែវាអាស្រ័យទៅលើសមត្ថភាព។ ជួនកាលការងារដែលអ្នកពេញចិត្តចង់ធ្វើ តែវាបែរជាមិនសាកសមនិងសមត្ថភាពរបស់អ្នកទៅវិញ។ អញ្ចឹង តើធ្វើយ៉ាងណាទើបអាចមានការងារមួយដែលសាកសមនិងសមត្ថភាព ព្រមទាំងស្របទៅនិងក្តីស្រមៃរបស់ខ្លួនឯងបាន? ខាងក្រោមនេះ គឺជាវិធីដែលអាចជួយអ្នកឱ្យសម្រេចគោលបំណងក្នុងការស្វែងរកការងារដែលអ្នកស្រលាញ់ និងបន្ស៊ីគ្នាជាមួយជំនាញដែលអ្នកមាន៖

១. ត្រូវដឹងថាខ្លួនឯងចង់បានអ្វី

កិច្ចការសំខាន់ទីមួយដែលមនុស្សគ្រប់រូបត្រូវដឹងឱ្យបានគឺ តើអ្វីដែលខ្លួនចង់មានជំនាញ និងអ្វីដែលខ្លួនឯងសប្បាយចិត្តពេលធ្វើវា? ជាងនេះទៅទៀត អ្នកគួរតែដឹងថា តើអ្នកនឹងទទួលបានអ្វីពីជំនាញនោះសម្រាប់រយៈពេល ២ ទៅ ៣ ឬ ៥ ឆ្នាំ បន្ទាប់។ ឧទារហណ៍ អ្នកចង់មានជំនាញជួសជុលទូរស័ព្ទ ២ ឆ្នាំបន្ទាប់ពីរៀនចេះជំនាញនេះ អ្នកនឹងបើកកន្លែងជួសជុលមួយដោយខ្លួនឯង ៣ ឆ្នាំទៀត អ្នកនឹងពង្រីកហាងរបស់អ្នកឱ្យធំជាងមុន ហើយ ២ ឆ្នាំបន្ទាប់ទៀត អ្នកនឹងជួលបុគ្គលិកឱ្យបំពេញការងារទាំងអស់ជំនួសអ្នក។ ល។ វាជារឿងល្អដែលអាចដឹង និងចេះធ្វើកិច្ចការច្រើន ប៉ុន្តែ អ្នកគប្បីមានសមត្ថភាពមួយពិតប្រាកដ។

២. បណ្ដុះសមត្ថភាព

បន្ទាប់ពីដឹងថាខ្លួនចង់បានអ្វី ឬ ចង់មានជំនាញអ្វីហើយ អ្នកមិនគួរបង្អង់យូរក្នុងការបណ្ដុះសមត្ថភាពរបស់អ្នកទៅលើជំនាញនោះទេ។ ដើម្បីកុំខាតពេល អ្នកគួរតែប្រញាប់ធ្វើវាឱ្យទាន់តាមការគ្រោងទុករបស់អ្នក ព្រោះថាមិនត្រូវ អ្នកអាចនិងចង់មានជំនាញផ្សេងៗជាច្រើនទៀតតាមកាលៈទេសៈប្រែប្រួល។

៣. បង្កើនចំណងមិត្តភាព

អ្នកគួរតែរាប់អានមនុស្សឱ្យបានច្រើនតាមដែលអាចទៅរួច ជាពិសេសមនុស្សដែលកំពុងធ្វើនៅជំនាញដែលអ្នកចង់បាន ពីព្រោះពួកគេជាប្រភពក្នុងការពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍ត្រឹមត្រូវ ហើយពួកគេក៏អាចតម្រែតម្រង់អ្នកចំពោះជំនាញនោះផងដែរ។ ធ្វើបែបនេះ អ្នកនឹងមិនចាំបាច់ខាតពេលទៅស្វែងរកឯកសារ និងស្រាវជ្រាវពត៌មានដែលមនុស្សនៅជុំវិញខ្លួនអ្នកមានស្រាប់នោះទេ។

៤. ស្តាប់ និងកត់ត្រាឱ្យបានច្រើន

នៅពេលអ្នកនៅក្បែរមនុស្សដែលកំពុងធ្វើនៅជំនាញដែលអ្នកស្រលាញ់ អ្នកគួរឆ្លៀតឱកាសនេះសិក្សាពីពួកគេ និងកត់ត្រានូវអ្វីដែលពួកគេចែករំលែកទាក់ទងនិងជំនាញនោះឱ្យបានច្រើន។ ធ្វើបែបនេះ ពួកគេនឹងមើលឃើញថា អ្នកកំពុងឱ្យតម្លៃដល់ពួកគេ និងធ្វើឱ្យពួកកាន់តែមានទំនុកចិត្តក្នុងការចែករំលែកចំណេះដឹងបន្ថែមទៀត។ ប៉ុន្តែ អ្នកមិនត្រូវងក់ក្បាលយល់ស្របរហូត ឬ ត្រចៀកស្តាប់តែភ្នែកបែរជាសម្លឹងទៅទីកន្លែងផ្សេង ឬ សម្លឹងមើលមុខរបស់ពួកគេជាប់មិនលែងនោះទេ ព្រោះពួកគេអាចនិងមានអារម្មណ៍ខុសប្រក្រតីកើតឡើង ដែលអាចធ្វើឱ្យពួកគេពិបាកមនិយាយបន្ត។ ផ្ទុយទៅវិញ អ្នកគួរតែបញ្ចេញសកម្មភាពណាដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទៅលើអ្វីដែលពួកគេកំពុងនិយាយទៅបានហើយ។

៥. កំណត់ទីតាំងសាកល្បងជំនាញ

បន្ទាប់ពីបានដឹងច្បាស់ពីជំនាញដែលអ្នកចង់បាន ទទួលបានការបណ្ដុះបណ្ដាល និងមានមនុស្សដែលផ្តល់បទពិសោធន៍និងចំណេះដឹងដល់អ្នកហើយ វាជាពេលដែលអ្នកគួរកំណត់ពីកន្លែងដែលអ្នកអាចអនុវត្តជំនាញរបស់អ្នកបាន។ យកល្អ អ្នកគួរតែជ្រើសរើសកន្លែងណាដែលត្រូវការអ្នកស្ម័ក្សចិត្ត ឬ ផ្តល់គ្រឿងលើកទឹកចិត្តតិចតួចដើម្បីបំពេញការងារទាក់ទាងទៅនិងជំនាញដែលអ្នកមាន ព្រោះវាអាចឱ្យអ្នកបញ្ចេញសមត្ថភាពបានកាន់តែច្រើន និងទទួលបានការបង្ហាត់បន្ថែម ហើយម្យ៉ាងវិញទៀត អ្នកក៏នឹងមិនត្រូវបានគេស្តីបន្ទោស ឬ បណ្ដេញចេញពីការងារនៅពេលដែលអ្នកធ្វើខុសនោះដែរ។

រាល់ការងារទាំងអស់ ត្រូវការអ្នកមានសមត្ថភាព និងវិជ្ជាជីវៈច្បាស់លាស់។ បើអ្នកមានជំនាញជាក់លាក់ អ្នកនឹងមិនពិបាកស្វែងរកងារធ្វើឡើយ៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕