ពីកូនអ្នកលក់អាហារតាមចិញ្ចើមផ្លូវ អាចក្លាយជាសេដ្ឋីកំពូលនៅវៀតណាមដោយរបៀបណា?

1383

វៀតណាម : នៅពេលលោក Nguyen Duc Tai ដែលជាកូនអ្នកអាហារតាមដងផ្លូវ និយាយអំពីអនាគតនៃឧស្សាហកម្មទូរស័ព្ទដៃ មនុស្សនៅជុំវិញនាំគ្នាសើចចំអកគាត់។ លោក Tai និយាយថា “កាលពីឆ្នាំ ២០០៩ មានមនុស្សជាច្រើនសើចចំអកខ្ញុំ”។

ប៉ុន្តែអ្វីដែលលោក Tai បាននិយាយឥឡូវនេះបានកើតឡើងមែន។ ក្រុមហ៊ុន Mobile world Invstment Corp របស់គាត់បានក្លាយជាក្រុមហ៊ុនលក់ទូរស័ព្ទទំនើបធំជាងគេក្នុងប្រទេសវៀតណាម ហើយកាន់កាប់ទីផ្សារដែលមានតម្លៃរហូតដល់ 1.7 ពាន់លានដុល្លារឯណោះ។

ភាពជោគជ័យក្នុងនាមជាសហគ្រិនរបស់លោក Tai គឺបានដោយសារទំនើបកម្មរបស់វៀតណាម។ គាត់បើកហាងលក់ទូរស័ព្ទនៅតាមដងផ្លូវធំៗ ហើយហាងរបស់គាត់រចនាឡើងធ្វើឲ្យមនុស្សមានអារម្មណ៍ថាមានភាពកក់ក្តៅ ហើយទទួលបានទូរស័ព្ទដែលមានគុណភាព និងពិតប្រាកដ។

ក្រៅពីរកស៊ីខាងបច្ចេកវិទ្យា លោក Tai ក៏កំពុងតែព្យាយាមផ្លាស់ប្តូរឥរិយាបទលក់អាហារ និងគ្រឿងទេសនៅតាមផ្លូវ មកលក់នៅក្នុងហាងត្រឹមត្រូវផងដែរ។ 

ការបើកហាង់លក់គ្រឿងទេស

លោក Tai បានបើកហាងលក់ទំនិញដំបូងនៅទីក្រុង ហូជីម៊ិញ ក្នុងឆ្នាំ ២០១៦ ហាងនោះមានលក់បន្លែ ត្រី-សាច់ និងគ្រឿងបរិភោគសំខាន់ៗផ្សេងទៀតដូចជាគុយទាវ និងភេសជ្ជៈជាដើម ដែលទាំងអស់នោះសុទ្ធតែមានប្រភពត្រឹមត្រូវ។ លោក Tai បានប្រាប់ថា នៅក្នុងផ្សារបែបបុរាណ ដាក់លក់អាហារមិនមានរបៀបរៀបរយ ហើយមិនមានអនាម័យ។ អ្នកទិញ មិនដឹងថាអាហារទាំងនោះមានប្រភពមកពីណានោះទេ ចំណែកតម្លៃវិញក៏លក់មិនច្បាស់លាស់។ 

ហាងនោះមានឈ្មោះថា Bachhoaxanh ឥឡូវនេះមានសាខាចំនួន 376។ សេដ្ឋីវ័យ ៤៩ ឆ្នាំម្នាក់ខាងលើបាននិយាយថា “ក្តីស្រមៃរបស់យើង គឺចង់កាន់កាប់ទីផ្សារ 10 ភាគរយ នៃទីផ្សារលក់គ្រឿងទេសសរុប ដែលមានតម្លៃ 60 ពាន់លានដុល្លារអាមេរិច នៅឆ្នាំ 2022។”

ការបើកហាងលក់ទូរស័ព្ទដៃ

កាលពីឆ្នាំ 2003 លោក Tai បានបោះបង់ការងារនៅក្នុងក្រុមហ៊ុនទូរស័ព្ទមួយ ហើយចេញរកស៊ីដោយខ្លួនឯង។ គាត់បានបើកហាង 3 នៅលើផ្លូវតូចៗនៅក្នុងទីក្រុងហូជីម៊ិញ ប៉ុន្តែពីរបីខែក្រោយមកក៏បរាជ័យ ដោយសារតែទីតាំងមិនល្អ និងមិនអាចធ្វើឲ្យអតិថិជនជឿទុកចិត្តបាន។

នៅឆ្នាំ 2004 មួយឆ្នាំក្រោយពីបរាជ័យ គាត់ក៏ចាប់ផ្តើមបង្កើត Mobile World ជាមួយនិងមិត្តរបស់គាត់បួននាក់។ ពេលនោះ គាត់បើកហាងនៅលើផ្លូវធំម្តង ហើយលក់ដោយភ្ជាប់ជាមួយការធានា។ ឥឡូវនេះ Mobile World មានសាខាចំនួន1065 ហាង កាន់កាប់ចំណែកទីផ្សារទូរស័ព្ទទំនើបបាន 45% គិតត្រឹមខែមេសា។ 

ហាងលក់ទូរស័ព្ទក៏ទើបចូលទីផ្សារកម្ពុជាផងដែរ ដោយដាក់ឈ្មោះថា Bigphone ។

“ឱកាសបានមកដល់លឿនមែនទែន ហើយការប្រែប្រួលនៅក្នុងទីផ្សារ កើតឡើងលឿនជាងការស្រមៃរបស់ខ្ញុំទៅទៀត” _ Nguyen Duc Tai

លោក Tai កើតនៅក្នុងគ្រួសារក្រីក្រមួយនៅទីក្រុងហូជីម៊ិញ ហើយម្តាយរបស់គាត់ជាអ្នកលក់អាហារតាមចញ្ចើមផ្លូវ។ ភាពក្រលំបាកតោកយ៉ាកទាំងនោះ បានជំរុញឲ្យគាត់តស៊ូដើម្បីគោលដៅមួយ គឺ “ត្រូវតែធ្វើឲ្យគ្រួសាររបស់គាត់មានជីវភាពធូរធា”។

គាត់បាននិយាយថា “ខ្ញុំតែងតែគិតធំ ហើយធ្វើធំដូចគ្នា”។ “ក្តីស្រមៃរបស់ខ្ញុំ គឺចង់រកចំណូលឲ្យបាន 10 ពាន់លានដុល្លារត្រឹមឆ្នាំ 2022។”

លោក Tai ចាប់ផ្តើមរកស៊ីដំបូងដោយមានដើមទុន 30,000 ដុល្លារអាមេរិច ហើយគិតត្រឹមថ្ងៃនេះ គាត់មានទ្រព្វសម្បត្តិដោយគិតតែនៅក្នុង Mobile World មានចំនួន 53 លានដុល្លារអាមេរិច។ Mobile World គឺជាក្រុមហ៊ុនវៀតណាមតែមួយគត់ដែលជាប់ឈ្មោះក្នុងទស្សនាវដ្តី Forbes ជាក្រុមហ៊ុនធំជាងគេនៅអាស៊ី ជាមួយក្រុមហ៊ុនចំនួន 50 ផ្សេងទៀត កាលពីឆ្នាំ 2017។

 លោក Tai គឺជាអ្នកជំនួញដែលចូលចិត្តស្លៀកពាក់សាមញ្ញ គាត់ធ្លាប់ប្រាប់សារពត៌មាន Bloomberg ថា “ខ្ញុំពិតជាហត់និងរកនឹកថាគួរស្លៀកពាក់សម្លៀកបំពាក់អ្វីណាស់ ខ្ញុំគួរតែប្រើពេលនិងគិតអំពីវិធីពង្រីកក្រុមហ៊ុនល្អជាង”៕

ប្រភព ៖ Bloomberg , Onlinetoday

ប្រែសម្រួលដោយ ៖ Bunrath

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។