គេហទំព័រពត៌មាន និងចំណេះដឹងធ្វើជំនួញដែលមានលក្ខណពិសេសជាងគេនៅកម្ពុជា apamat.com បានបិទបញ្ចប់ដំណើរការសាកល្បងរបស់ខ្លួន ដោយទទួលបានការគាំទ្រយ៉ាងច្រើន។ គេហទំព័រមួយនេះ បានដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨ ក្នុងគម្រោងដំណើរការសាកល្បងរយៈពេលមួយខែ។
នាយកប្រតិបត្តិដែលមានទីកន្លែងកំណើតនៅខេត្តបាត់ដំបង លោក រ៉ន ប៊ុនរ៉ាត់ បានឲ្យដឹងថា “គំនិតបង្កើតគេហទំព័រនេះឡើង ដោយសារមើលឃើញថា យុវជនខ្មែរខ្វះចំណេះដឹងច្រើនទាក់ទងនិងរបៀបរបបធ្វើអាជីវកម្ម បើសិនជាយើងប្រៀបធៀបជាមួយប្រទេសក្បែរខាងយើង។ យើងបង្កើតវាឡើង ទោះបីជាមិនអាចជួយពួកគាត់ (យុវជនជំនាន់ក្រោយ) ឲ្យចេះច្រើនដូចជារៀននៅតាមសកលវិទ្យាល័យពានិជ្ជកម្ម ប៉ុន្តែយើងព្យាយាមផ្តល់ឲ្យគាត់នូវអ្វីដែលសំខាន់ឲ្យបានច្រើន តាមតែអាចទៅរួច។”
លោកក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់របស់ apamat.com ហើយលោកក៏បានបង្ហើបអំពីការបន្ថែមទំព័រថ្មី ហើយនិងមានអ្វីពិសេសៗជាច្រើនទៀតក្នុងរយៈពេលដ៏ខ្លីខាងមុខ។
APAMAT គ្រោងនិងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនឲ្យកាន់តែធំផងដែរ បន្ទាប់ពីទទួលបានទុនវិនិយោគបន្ថែម ខណៈមានធនធានមនុស្សពូកែៗកាន់តែច្រើន ចូលរួមក្រុម៕
