នៅខែ កញ្ញា ខាងមុខនេះ ក្រុមហ៊ុន Apple នឹងបញ្ចេញកម្មវិធីថ្មីៗជាច្រើននៅក្នុងកំណែរ Update version ជំនាន់ទី iOS 12 របស់ iPhone ហើយក្នុងនោះដែរ ក៏មានកម្មថ្មីស្រឡាងមួយឈ្មោះ Screen Time ដែលក្រុមហ៊ុន Apple រំពឹងថាវានឹងធ្វើឱ្យអ្នកប្រើប្រាស់ iPhone ទាំងអស់មានភាពភ្ញាក់ផ្អើលនិងពេលវេលាដែលពួកគេចាប់កាន់ទូរស័ព្ទដៃ។
កម្មវិធី Screen Time នឹងបង្ហាញអ្នកប្រើប្រាស់ iPhone ឱ្យដឹងពីទិន្នន័យនៃពេលវេលាប្រើប្រាស់ និងចំនួនដែលពួកគេចាប់កាន់ iPhone ប៉ុន្មានដងក្នុងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏នឹងបង្ហាញពីស្ថិតិនៅលើកម្មវិធីផ្សេងទៀតដែលអ្នកចូលចិត្តលេងបំផុត និងបង្ហាញពីចំនួន notifications ដែលអ្នកទទួលបាន។
លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានសម្តែងចំណាប់អារម្មណ៍ថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះពេលវេលាដែលលោកប្រើប្រាស់ iPhone និងចំនួនដែលលោកចាប់កាន់វាក្នុងមួយថ្ងៃ។
ទោះបីជាយ៉ាងណា លោក Tim Cook បានមានប្រសាសន៍ថា ក្រុមហ៊ុន Apple គឺមិនព្រួយបារម្ភពីចំនួនអ្នកប្រើប្រាស់ iPhone នឹងមានការធ្លាក់ចុះឡើយ។ “យើងមិនដែលចាត់ទុកការប្រើប្រាស់គឺជារឿងសំខាន់នោះទេ។ យើងចង់អតិថិជនពេញចិត្ត និងទទួលបានអំណាចពីការប្រើប្រាស់ឧបករណ៍ដែលពួកយើងបានលក់។ ប៉ុន្តែ យើងក៏មិនចង់ឱ្យអតិថិជនចំណាយពេលវេលារបស់ពួកគេច្រើន ឬ ក៏ទាំងស្រុងទៅលើឧបករណ៍របស់ពួកយើងដែរ។ វាជារឿងដែលបុគ្គលម្នាក់ៗត្រូវដឹងពីចំនួនពេលវេលានៃការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ” នេះបើតាមសម្តីរបស់លោក Cook នៅក្នុងបទសម្ភាសន៍មួយរបស់សារពត៌មាន CNN៕
អត្ថបទដោយ៖ Ciel
