Alibaba Group Holding Ltd. គឺជាក្រុមហ៊ុនលក់រាយធំមួយនៅក្នុងពិភពលោក ហើយក៏គ្រប់គ្រងជំនួញផ្សេងៗជាច្រើនទៀតរាប់មានវិស័យសុខាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងកំសាន្តជាដើម។ ប្រតិបត្តិការលើប្រទេសជាង 200 ជុំវិញពិភពលោក alibaba.com គឺជាគេហទំព័រមួយផ្គូផ្គង់ម្ចាស់អាជីវកម្មទៅម្ចាស់អាជីវកម្មផ្សេងទៀត ធំជាងគេលើពិភពលោក។
ទាំងនេះ គឺជាក្រុមហ៊ុនធំៗ 9 ផ្សេងទៀតដែលគ្រប់គ្រងដោយ Alibaba Group ៖
Taobao
Alibaba Group បានបង្កើត Taobao នៅក្នុងឆ្នាំ 2003។ វាគឺជាគេហទំព័រលក់ទំនិញតាមអនឡាញមានលក្ខណដេញថ្លៃទំនិញ ស្រដៀងគ្នាទៅនិង eBay និង Amazon ដែរ។ កំឡុងឆ្នាំដែល Taobao ដំណើរការនោះ eBay ក៏ទិញយកក្រុមហ៊ុនដេញថ្លៃធំមួយនៅប្រទេសចិនឈ្មោះ Eachnet ហើយដើម្បីក្រកួតប្រជែង Taobao បានផ្តល់ការដាក់លក់ និងផ្ញើរសារជាមួយអតិថិជន ឥតគិតថ្លៃដល់អ្នកដែលដាក់លក់ទំនិញលើគេហទំព័ររបស់ខ្លួន។ ពីរឆ្នាំក្រោយមក Taobao ក៏បានក្លាយជាគេហទំព័រដេញថ្លៃទំនិញធំជាងគេនៅប្រទេសចិន។
Alipay
ក្រុមហ៊ុន Alibaba បានបង្កើត Alipay នៅឆ្នាំ 2004 ហើយឥឡូវនេះ វាបានក្លាយជាក្រុមហ៊ុនទូទាត់សាច់ប្រាក់តាមអនឡាញធំមួយលើពិភពលោក ដែលមានអ្នកប្រើប្រាស់ច្រើនជាង 400 លាននាក់។ ពេលនេះ Alipay គ្រប់គ្រងដោយ Ant Financial Sevice Group ដែលជាសាខាក្រុមហ៊ុន Alibaba Group ផងដែរ។ Alipay មានគ្រិះស្ថានហិរញ្ញវត្ថុជាដៃគូចំនួន 65 រួមទាំង MasterCard និង Visa ។ Alipay ជួយក្រុមហ៊ុនមេច្រើន ផ្នែកទូទាត់សាច់ប្រាក់ឲ្យក្រុមហ៊ុនលក់ទំនិញតាមអនឡាញដូចជា Taobao ជាដើម។
Alibaba Pictures Group
Alibaba Pictures Group Ltd. គឺជាឈ្មោះថ្មីប្តូរពីឈ្មោះដើម ChinaVision Media បន្ទាប់ពី Alibaba ទិញយកភាគហ៊ុនភាគច្រើនចំនួន 60% ស្មើរនិងទឹកប្រាក់ 804 លានដុល្លារអាមេរិច កាលពីឆ្នាំ 2014។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនផលិតភាពយន្តធំជាងគេប្រចាំប្រទេសចិនចាប់តាំងពីឆ្នាំ 2015 មក ប៉ុន្តែកាលពីឆ្នាំ 2017 ក្រុមហ៊ុន Alibaba Pictures Group ប្រកាសថាខ្លួនបានខាតបង់ប្រាក់ចំនួន 83.7 លានដុល្លារអាមេរិច។
Aliwangwang និង Laiwang
Alibaba Group បានបង្កើត Aliwangwang នៅឆ្នាំ 2004។ វាគឺជាកម្មវិធីជជែកកំសាន្តតាមអ៊ីនធើណែតធំជាងគេលំដាប់ទីពីរនៅប្រទេសចិន បន្ទាប់ពី WeChat របស់ Tencent។ នៅឆ្នាំ 2013 Alibaba Group ក៏បញ្ចេញកម្មវិធីជជែកកំសាន្តថ្មីមួយទៀតគឺ Laiwang ហើយមកទល់ពេលនេះ Laiwang នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ Alibaba Group ដដែល។
Lazada
ក្រុមហ៊ុន Alibaba បានប្រកាសកាលពីខែមីនា ឆ្នាំ 2018 ថាខ្លួននិងវិនិយោគប្រាក់ 2 ពាន់លានដុល្លារក្នុងក្រុមហ៊ុន Lazada Group SA ។ កាលពីឆ្នាំ 2017 Alibaba កាន់កាប់ភាគហ៊ុនរបស់ Lazada 83% រួចទៅហើយ បន្ទាប់ពីវិនិយោគប្រាក់ 1 ពាន់លានដុល្លារ។ Lazada គឺជាក្រុមហ៊ុនដែលផ្តោតលើពានិជ្ជកម្មអេឡិចត្រូនិច នៅក្នុង 6 ប្រទេសក្នុងតំបន់អាស៊ានរួមមាន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និង ថៃ។
South China Morning Post
Alibaba បានទិញយកសារពត៌មានចំណាស់មួយរបស់ចិន South China Morning Post កាលពីខែធ្នូ ឆ្នាំ 2015 ក្នុងតម្លៃប្រហែល 266 លានដុល្លារអាមេរិច។ ការទិញយកសារពត៌មាននេះ គឺជាយុទ្ធសាស្រ្តមួយដើម្បីពង្រីកទីផ្សារផ្សព្វផ្សាយ និងកំសាន្តរបស់ Alibaba ។
AutoNavi
Alibaba Group បានទិញយកក្រុមហ៊ុន AutoNavi ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកទីតាំង និងនាវាចរណ៍ កាលពីឆ្នាំ 2014។ ក្រុមហ៊ុន AutoNavi ធ្លាប់ផ្គត់ផ្គង់សេវាកម្មផែនទីនៅប្រទេសចិនទៅឲ្យក្រុមហ៊ុន Google អស់រយៈពេលជាង 10 ឆ្នាំ ហើយក៏ភ្ជាប់សេវាឲ្យក្រុមហ៊ុន Apple Inc ផងដែរ។ កម្មវិធី AutoNavi នេះមានអ្នកប្រើប្រាស់ជាង 100 លាននាក់ ហើយក៏ជាកម្មវិធីធំជាងគេមួយនៅប្រទេសចិនផងដែរ។
Ali Health Information Technology
Ali Health ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មសុខាភិបាលរបស់ Alibaba Group បន្ទាប់ពីក្រុមហ៊ុន Alibaba និង Yunfeng បានទិញយកភាគហ៊ុន 54% ពីក្រុមហ៊ុនមួយឈ្មោះថា Citic 21CN។ Alibaba បាននិយាយថាខ្លួននិងលក់ក្រុមហ៊ុន Ali JK Nutrition Products Ltd. ទៅឲ្យក្រុមហ៊ុនខ្លួនឯង Ali Health ដោយបញ្ចុះតម្លៃឲ្យ 6.1% ៕
