តើអ្វីទៅជា Emotional Intelligence?

1505

បច្ចុប្បន្ននេះ អ្នកប្រហែលជាបានលឺមកញឹកញាប់ទាក់ទងនឹង Emotional Intelligence ។ ប៉ុន្តែអ្នកប្រហែលមិនទាន់យល់ច្បាស់ទេថា​ អ្វីទៅជា Emotional Intelligent? Emotional Intelligence គឺជាសមត្ថភាពរបស់បុគ្គលដែលអាចកំណត់ ស្វែងយល់ និងគ្រប់គ្រងអារម្មណ៍បានយ៉ាងមានប្រសិទ្ធភាព។ វាជាសមត្ថភាពដែលមិនត្រឹមតែអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននោះទេ ហើយថែមទាំងអាចស្វែងយល់ពីអារម្មណ៍របស់អ្នកដទៃបានថែមទៀតផង។ បើនិយាយឱ្យចំទៅ Emotional Intelligence គឺជាភាពដែលអាចគ្រប់គ្រងលើអារម្មណ៍ផ្ទាល់ខ្លួនបានដោយមិនអនុញ្ញាតអោយអារម្មណ៍ជះឥទ្ធិពលលើយើងនោះទេ។ នៅក្នុង Emotional Intelligence នោះផងដែរគឺត្រូវបានបែងចែកជាសមត្ថភាព៤តូចៗក្នុងនោះទៀត។

១. ការដឹងដោយខ្លួនឯង

ការដឹងនេះគឺសំដៅដល់សមត្ថភាពដែលអ្នកអាចទទួលបាននូវអារម្មណ៍ដែលអ្នកបានជួបប្រទះហើយយល់ច្បាស់ថា តើអារម្មណ៍ប្រភេទនោះនឹងមានឥទ្ធិពលបែបណាមកលើអ្នក។ វាជាសមត្ថភាពដែលអ្នកខ្លួនឯងផ្ទាល់ទទួលស្គាល់ថា ប្រសិនបើអ្នកធ្វើតាមអារម្មណ៍បែបនោះវានឹងអាចប៉ះពាល់ដល់ការគិតនិងការធ្វើរបស់អ្នក ដែលអាចទាញអ្នកឆ្ងាយពីក្តីស្រមៃបាន។

២. ការគ្រប់គ្រងខ្លួនឯង

អារម្មណ៍គឺកើតឡើងដោយឯកឯង ហើយយើងមិនអាចទៅគ្រប់គ្រងវាថាមិនអោយកើតអារម្មណ៍បែបណាមួយនោះទេ។ ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺគ្រប់គ្រងសកម្មភាពដែលយើងប្រព្រឹត្តវិញ។ ការគ្រប់គ្រងអារម្មណ៍ គឺជាសមត្ថភាពរបស់អ្នកមួយដែរក្នុងការមិនអនុញ្ញាតអោយឥទ្ធិពលនៃអារម្មណ៍ទាំងឡាយរាំងស្ទះដល់ក្តីស្រមៃរបស់អ្នក។

៣. ការយល់ដឹងពីសង្គម

វាជាសមត្ថភាពរបស់អ្នកដែលទទួលដឹងនិងយល់ពីអារម្មណ៍របស់អ្នកជុំវិញខ្លួន ហើយស្វែងយល់ពីទំនាក់ទំនងរវាងអារម្មណ៍មនុស្សទាំងនោះនិងការសម្តែងចេញមករបស់ពួកគេ។ ការយល់ពីសង្គមបែបនេះជាគុណសម្បត្តិដ៏ល្អខ្លាំងណាស់ ពីព្រោះវាជួយអោយអ្នកដឹងពីការចង់បាននិងតម្រូវការរបស់អ្នកដទៃ ដែលជាផ្នែកមួយបន្ថែមតម្លៃរបស់អ្នកចំពោះការផ្តល់ជូនទៅលើតម្រូវការទាំងនោះ។

៤. ការគ្រប់គ្រងទំនាក់ទំនង

ការរក្សាទំនាក់ទំនងជាសមត្ថភាពពិសេសមួយដែលអ្នកអាចភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សផ្សេងទៀតជាច្រើន មិនតែប៉ុណ្ណោះវាអាចនឹងផ្តល់អត្ថប្រយោជន៍អោយអ្នកត្រលប់មកវិញទៀតផង។ វាជាសមត្ថភាពម្យ៉ាងដែលអ្នកអាចជះឥទ្ធិពលលើអ្នកដទៃតាមរយៈតែពាក្យសម្តីឬកាយវិការតែប៉ុណ្ណោះ។ អ្នកអាចលើកទឹកចិត្តឬទាញអ្នកមកដទៃអោយមកគិតតាមបែបអ្នកបាន ដោយមិនមែនជាការបង្ខំនោះទេ។

ចំណុចទាំងបួនខាងលើនេះត្រូវមានទំនាក់ទំនងនិងអាស្រ័យគ្នាទៅវិញទៅមក។ អ្នកអាចនឹងមានភាពខ្លាំងនៅចំណុចណាមួយខាងលើ ហើយខ្សោយនៅចំណុចណាមួយវិញ។ យ៉ាងណាក៏ដោយ អ្នកគួរតែព្យាយាមអនុវត្តន៍ចំណុចទាំងបួនអោយបានល្អ ព្រោះវាអាចជាគន្លឹះក្នុងការជួយអោយអ្នកចេះគ្រប់គ្រងអារម្មណ៍និងស្វែងយល់ពីអ្នកដទៃបានច្រើន។

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.