មនុស្សល្អឥតខ្ចោះមិនប្រាកដថាជាសហគ្រិនដែលជោគជ័យនោះទេ

1127

មនុស្សល្អឥតខ្ចោះជាមនុស្សដែលតែងតែមានគោលការណ៍ជាក់លាក់ណាមួយក្នុងការធ្វើកាងារ។ ភាគច្រើនពួកគេស្ពាយទំនួលខុសត្រូវខ្ពស់ណាស់ ហើយត្រួតពិនិត្យឡើងវិញរាល់កាងារទាំងឡាយដើម្បីអោយប្រាកដក្នុងចិត្តថាវាល្អឥតខ្ចោះ។ ប៉ុន្តែពួកគេប្រហែលមិនធ្លាប់បានយកចិត្តទុកដាក់ទេថា ពេលខ្លះអត្តចរិកឥតខ្ចោះនោះអាចជារឿងរំខានចំពោះអ្នកជុំវិញខ្លួន ហើយកាន់តែគ្រោះថ្នាក់ជាងនោះទៅទៀត វាអាចជាឧបសគ្គឆ្ពោះទៅរកភាពជោគជ័យទៀតផង។ ខាងក្រោមនេះជាចំណុចទាំង ៥ ដែលបង្ហាញថា ហេតុអ្វីមនុស្សល្អឥតខ្ចោះមិនអាចក្លាយជាសហគ្រិនបាន៖

១. ចូលចិត្តធ្វើគ្រប់រឿងតែម្នាក់ឯង

អ្នកដែលចូលចិត្តភាពល្អឥតខ្ចោះតែងតែជឿជាក់ថាពួកគេអាចធ្វើរឿងទាំងឡាយបានល្អទាំងអស់។ នៅពេលដែលមានកាងារណាមួយ គេចូលចិត្តក្តោបក្តាប់គ្រប់ផ្នែកនៃកាងារទាំងអស់តែម្នាក់ឯង ឬបើមិនដូច្នោះទេ ក៏បែងចែកគ្រប់ផ្នែកនៃការងារយ៉ាងលំអិតបំផុតទៅអោយក្រុមនិមួយៗដែរ។ ពួកគេយល់ថា ការគ្រប់គ្រងរាល់កិច្ចការទាំងអស់ដោយសារតែភ័យខ្លាចលទ្ធផលចេញមកខុសពីអ្វីដែលពួកគេគ្រោងទុក។

វិធីសាស្រ្តនៃការដឹកនាំបែបនេះ គឺមិនមានប្រសិទ្ធភាពឡើយ។ ដោយសារតែ អ្នកនឹងមិនមានពេលគ្រប់គ្រាន់ដើម្បីបញ្ចប់ផែនការការងារទាន់ពេលវេលានោះទេ។ នៅពេលដែលអ្នករ៉ាប់រងកិច្ចការតែម្នាក់ឯងយូៗទៅ អ្នកនឹងបាត់បង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តដើម្បីបន្តវាទៅមុខ។ មិនយូរមិនឆាប់ រាល់ផែនការ និងក្តីស្រមៃអ្នកទាំងឡាយនឹងត្រូវបំផ្លាញ។ ជាសហគ្រិនមួយរូប អ្នកត្រូវចេះបែងចែកកាងារអោយត្រូវជំនាញនិងទេពកោសល្យទៅអោយអ្នកដទៃ មិនមែនអ្នកត្រូវធ្វើតែម្នាក់ឯងនោះទេ។

២. មិនហ៊ានទទួលយកការរិះគន់

មនុស្សឥតខ្ចោះតែងតែជឿជាក់ ១០០% ថារឿងដែលពួកគេធ្វើ គឺត្រឹមត្រូវទាំងអស់។ ហេតុដូច្នេះហើយ នៅពេលដែលមានការរិះគន់មួយចំនួនកើតឡើង ពួកគេពិបាកទទួលយកណាស់។ ជាទូទៅ ក្នុងនាមជាសហគ្រិន យើងត្រូវសុំការផ្តល់យោបល់និងការប្រឹក្សាពីអ្នកដទៃ។ ដោយឡែក អ្នកដែលល្អឥតខ្ចោះមិនចូលចិត្តទទួលស្គាល់នូវចំណុចខ្សោយរបស់ខ្លួនឯងនោះទេ ហើយថែមទាំងមិនទទួលយកមតិរិះគន់ពីមជ្ឃដ្ឋានជុំវិញទៀត។ ពួកគេមានទំនុកចិត្តខ្ពស់ថា មិនថាចំណាយពេលយូរប៉ុណ្ណាទេ ពួកគេប្រាកដជាអាចបង្កើតនូវសមិទ្ធផលដ៏ល្អបំផុតមួយដោយមិនចាំបាច់ពឹងពាក់ជំនួយពីនរណាឡើយ។

៣. មិនហ៊ានសាកល្បង

អ្នកស្វែងរកភាពឥតខ្ចោះ និងមនុស្សធម្មតាខុសគ្នាត្រង់ថា មនុស្សធម្មតាហ៊ានសាកល្បងផលិតផលរបស់ខ្លួននៅលើទីផ្សាដើម្បីចង់ដឹងពីតម្រូវការ និងកត្តាមួយចំនួនទៀតដើម្បីអភិវឌ្ឍន៍បន្ថែម។ ដោយឡែក មនុស្សដែលចូលចិត្តភាពល្អឥតខ្ចោះតែងតែភ័យខ្លាចចំពោះការបដិសេធន៍និងភាពបរាជ័យ ដូច្នេះពួកគេមិនហ៊ានចាប់ផ្តើមទេ។ ជាធម្មតា ពួកគេចាំលុះត្រាតែអ្វីៗមានភាពល្អប្រណីតទាំងអស់សិន។

៤. អតុល្យភាពរវាងទំនាក់ទំនង

ជីវិតមនុស្សម្នាក់ៗត្រូវការភាពម៉ត់ចត់ខ្លះ និងការរីករាយខ្លះ។ យើងមិនអាចតឹងរ៉ឹងនិងងប់ងល់នឹងរឿងណាមួយរហូតដល់ភ្លេចរឿងមួយទៀតទេ។ សម្រាប់មនុស្សឥតខ្ចោះ ដោយសារតែការស្វែងរកភាពល្អឥតខ្ចោះខ្លាំងពេកទើបធ្វើអោយពួកគេចំណាយពេលស្ទើរតែទាំងអស់ទៅលើកាងារ ដោយមិនបានយកចិត្តទុកដាក់លើរឿងផ្សេងៗទៀតដូចជាការងារសង្គម គ្រួសារ ឬដំណើរកម្សាន្តផ្សេងៗឡើយ។ នៅពេលដែលពួកគេធ្វើបែបនេះ ភាពស្មុគស្មាញនឹងកើតឡើងជារឿយៗដែលជាមូលហេតុមិនអាចបំពេញកាងារអោយមានប្រសិទ្ធភាពបាននោះទេ។

៥. បាត់បង់ភាពច្នៃប្រឌិត

ក្នុងនាមជាសហគ្រិនដ៏ជោគជ័យមួយរូប ទាមទារអោយមានភាពច្នៃប្រឌិតនិងជំនាញក្នុងការដោះស្រាយបញ្ហា។ នៅពេលអ្នកល្អឥតខ្ចោះមានជំនឿមុតមាំក្នុងការធ្វើនូវគ្រប់រឿងម្នាក់ឯង ហើយមួយថ្ងៃៗគិតតែភ័យខ្លាចថាការងារនឹងមិនល្អដូចដែលពួកគេបានព្រាងទុកទេ ដូច្នេះពួកគេនឹងមិនមានពេលវេលាដែលនៅសល់សម្រាប់គិតអ្វីដែលថ្មីៗនោះឡើយ។

មិនមែនមានន័យថា អ្នកដែលស្វែករកភាពឥតខ្ចោះមិនអាចក្លាយជាសហគ្រិនដែលជោគជ័យបាននោះទេ។ ប៉ុន្តែជាដំបូង យើងត្រូវរៀនទទួលស្គាល់សមិទ្ធផលការងារដែលត្រូវបានបំពេញហើយសិន។ ទោះល្អ ឬមិនល្អក៏វាត្រូវបានបញ្ចប់ហើយដែរ ដូច្នេះចូរដាក់ដំណើរការសមិទ្ធផលរបស់អ្នកសាកល្បងទៅមើល។ ក្រោយមកអ្នកនឹងទទួលការវាយតម្លៃត្រលប់មកវិញ ហើយនេះហើយជាចំណុចចាប់ផ្តើមនៃអាជីវកម្មរបស់អ្នក។ ការទទួលយកការរិះគន់គឺជាអត្តចរិតដ៏ល្អបំផុតសម្រាប់សហគ្រិន ព្រោះវាជួយអោយមុខជំនួួញរបស់យើងឆ្លើយតបនឹងតម្រូវការអតិថិជនបាន ម្យ៉ាងទៀតតាមរយៈនេះហើយ វាក៏ជួយអោយអ្នកមានពេលបន្ថែមជាមួយគ្រួសារនិងដំណើរកម្សាន្តផ្សេងៗផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.