បច្ចុប្បន្ននេះ ការរស់នៅរបស់មនុស្សកាន់តែងាយស្រួល ទំនើប និងអស្ចារ្យឡើងដោយសារជំនួយពីបច្ចេកវិទ្យា។
ក្រុមហ៊ុន Kickstarter ថ្មីៗនេះ បានបង្កើតនាឡិកាសម្រាប់ដាក់ម៉ោងរោទ៍មួយឈ្មោះថា SensorWake Trio ដែលអាចដាស់មនុស្សឱ្យក្រោកពីដំណេកដោយបញ្ចេញក្លិនដូចជារសជាតិកាហ្វេ នំ និងក្លិនទឹកក្រូចជាដើម។

ដំបូងនាឡិកានេះបំភាយក្លិនឆ្ងុយឡើង មួយនាទីក្រោយមកទៀត វានឹងបញ្ចេញពន្លឺភ្លើងនៅផ្នែកខាងមុខរបស់វា ហើយបើវាធ្វើបែបនេះហើយអ្នកនៅតែមិនភ្ញាក់ វានឹងបន្លឺសម្លេងរោទ៍ស្រាលជាបន្តទៀត។
ឧបករណ៍បញ្ចេញក្លិនដែលដាក់នៅលើនាឡិការោទ៍នេះអាចប្រើបានរយៈពេល ៣០ ថ្ងៃក្នុងមួយក្លិន ហើយអ្នកក៏អាចធ្វើការផ្លាស់ប្តូរវាទៅចំណង់ចំណូលចិត្តរបស់អ្នកបានដែរ។
គំនិតច្នៃប្រឌិតនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជន និងទទួលបានប្រាក់ឧបថម្ភប្រមាណជា ៤០,០០០ ដុល្លារសិង្ហបុរីភ្លាមៗក្នុងរយៈពេល ៣ ម៉ោង។
យ៉ាងណាមិញ តម្លៃនាឡិការោទ៍នេះគឺមិនទាន់ត្រូវគេបង្ហាញនៅឡើយទេ ហើយបើមានពត៌មានទាក់ទងនិងនាឡិកាចម្លែកនេះទៀត យើងខ្ញុំនឹងលើកមកជម្រាបជូនអ្នកនៅពេលក្រោយ៕
ប្រភព៖ asiaone
ប្រែសម្រួលដោយ៖ Ciel
