អាយុនៅតិចមិនគួរចេញរកស៊ីទេមែនទេ?

731

យុវវ័យជាវ័យមួយដែលសម្បូរទៅដោយគំនិតច្នៃប្រឌិត ហើយនៅក្នុងវ័យនេះផងដែរ ពួកគេតែងចង់ធ្វើអោយក្តីស្រមៃក្លាយជាការពិត។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា ពួកគេនៅស្ទាក់ស្ទើរត្រង់សំណួរមួយថា “អាយុខ្ញុំនៅតិចនៅឡើយហ្នឹង តើអាចចេញរកស៊ីដោយខ្លួនឯងបានដែរ?”។ យើងកន្លងមកប្រហែលធ្លាប់បានឃើញនិងសិក្សាច្រើនពីបុគ្គលដែលជោគជ័យក្នុងអាជីវកម្មដែលពួកគាត់ឆ្លងកាត់បទពិសោធន៍កន្លងមករាប់មិនអស់។ រឿងទាំងអស់នេះហើយដែលធ្វើអោយអ្នកតែងមានជំនឿថា ទាល់តែមានអាយុច្រើនទើបអាចចេញរកស៊ីបាន។ ទោះជាយ៉ាងណាក៏ដោយ ចំណុចដែលសំខាន់ក្នុងការចេញធ្វើជំនួញគឺមិនសំដៅលើអាយុនោះទេ ប៉ុន្តែអ្វីដែលសំខាន់ស្ថិតនៅលើថាតើយើងបានត្រៀមខ្លួនរួចរាល់ហើយឬនៅ? ខាងក្រោមនេះជាសហគ្រិនទាំង៦ រូប ដែលជោគជ័យទាំងវ័យក្មេង។

១. Jack Kim

Jack Kim បានបង្កើត Benelab តាំងពីគាត់រៀននៅវិទ្យាល័យ។ Benelab ជាគេហទំព័រមួយសម្រាប់អោយសប្បុរសជនទាំងឡាយងាយស្រួលក្នុងការបរិច្ចាគថវិការ។ នៅលើគេហទំព័រនេះ គាត់អាចទទួលបានចំណូលយ៉ាងច្រើនតាមរយៈការទទួលការផ្សព្វផ្សាយពានិជ្ជកម្ម។ រហូតមកដល់ពេលបច្ចុប្បន្ននេះ អាជីវកម្មរបស់នៅតែដំណើរការបានយ៉ាងល្អជាដរាប។

២. Milan Kordestani

មានវ័យត្រឹមតែ១៩ឆ្នាំ Milan គឺជានាយកប្រតិបត្តិផងនិងជាស្ថាបនិកនៃ Milan Farms ។ គោលដៅដំបូងបង្អស់ក្នុងការស្ថាបនា Milan Farms នេះគឺដើម្បីអោយអ្នកប្រើប្រាស់ទទួលបាននូវផលិតផលដែលធម្មជាតិ ១០០%។ រហូតមកទល់នឹងពេលនេះ Milan Farms មានទីតាំងរហូតដល់ទៅ៣សាខាផ្សេងគ្នានៅជុំវិញពិភពលោក។

៣. Rachel Zietz

Rachel Ziets បានបង្កើត Gladiator Lacrosse​ ដែលជាហាងលក់រាយនៅលើOnline នៅអាយុត្រឹមតែ១៣ ឆ្នាំប៉ុណ្ណោះ។ មូលហេតុដែលជម្រុញនាងអោយបង្កើតហាងនេះឡើងគឺដោយសារតែនាងមានភាពមិនពេញចិត្តពីតម្លៃ គុណភាព និងទំនិញមួយចំនួនដែលអ្នកលក់ផ្សេងទៀតកន្លងមកធ្លាប់លក់អោយនាង។ គ្រាន់តែឆ្នាំដំបូងនៃការបង្កើតអាជីវកម្មមួយនេះ នាងអាចទទួលបានការលក់រហូតដល់ទៅ $200,000 ។

៤. Ben Pasternak

Ben គឺជាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យានិងបណ្តាញសង្គមរបស់អាមេរិចមួយដែលមានឈ្មោះថា Monkey ។ នៅពេលដែលគាត់រៀននៅវិទ្យាល័យ គាត់បានបង្កើត iOS game ចំនួនពីរ។ មូលហេតុដែលគាត់បង្កើតវាឡើងដោយសារតែគាត់បានធុញទ្រាន់ពេកពេលដែលរៀនម៉ោងវិទ្យាសាស្ត្រកាលរៀននៅវិទ្យាល័យ។ រហូតមកទល់នឹងពេលនេះ app របស់គាត់ដែលមានឈ្មោះថា Monkeyមានអ្នកប្រើប្រាស់រហូតដល់ ៣ លាននាក់។

៥. Haile Thomas

Haile មានឳពុកដែលមានជម្ងឺទឹកនោមផ្អែម ដូច្នេះហើយមួយថ្ងៃៗនាងខិតខំស្រាវជ្រាវរកចំណីអាហារណាដែលមានផ្តល់សុខភាពល្អសម្រាប់រាងកាយជូនឳពុករបស់នាង។ រហូតដល់នាងមានអាយុ ១២ឆ្នាំ មានស្រាប់តែមានគំនិតបង្កើតអង្គការសុខភាពយុវជនមួយដែលផ្តល់ការអប់រំទាក់ទងទៅនឹងចំណីអាហារ។ Haile ធ្លាប់ធ្វើជាអ្នកនិយាយក្នុងកម្មវិធី TEDx talk ហើយនាងក៏ធ្លាប់ជាភ្ញៀវក្នុងកម្មវិធី First Lady Michael Obama ផងដែរ។

៦. Ollie Forsyth

Ollie ធំឡើងក្នុងបរិបទមួយដែលត្រូវគេគំរាមនិងសម្លុតនៅសាលារៀនរាល់ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបានយកការចំអកទាំងអស់នោះដើម្បីបំបាក់ទឹកចិត្តគាត់នោះទេ តែផ្ទុយទៅវិញគាត់ខិតខំជំនះភាពភ័យខ្លាចទាំងឡាយហើយក្លាយជាសហគ្រិនមួយរូប។ នៅអាយុត្រឹមតែ១៣ឆ្នាំ គាត់បានចាប់ផ្តើមការលក់កាដូរអនុស្សាវរីយ៍នៅតាម Online ដែលមានឈ្មោះថា Ollie’s Shop។ គ្រាន់តែឆ្នាំដំបូងនៃអាជីវកម្មរបស់គាត់ Ollie ទទួលបានផលរបរដល់ទៅ $18,700 ហើយផលរបរនោះកើនឡើងទ្វេដងជារៀងរាល់ឆ្នាំមកទល់នឹងបច្ចុប្បន្ន។

ឥឡូវនេះដល់វេនអ្នកហើយក្នុងការធ្វើអោយគំនិតនិងក្តីស្រមៃរបស់អ្នកក្លាយជាការពិត។ អាយុមិនមែនជាលក្ខខណ្ឌជាចាំបាច់ក្នុងការធ្វើអាជីវកម្មទេ។ គំនិតនិងភាពច្នៃប្រឌិតទើបជារឿងដែលអ្នកត្រូវមានជាចាំបាច់ក្នុងការចាប់ផ្តើមមុខជំនួញ។ ដរាបណាអ្នកចេះច្នៃបញ្ហាអោយទៅជាឱកាស អ្នកប្រាកដជាអាចយកឈ្នះឩបសគ្គទាំងឡាយក្នុងពិភពជំនួញបាន ហើយអ្នកនឹងក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.