Instagram ដែលគ្រប់គ្រងដោយក្រុមហ៊ុន Facebook បានបញ្ចេញមុខងារថ្មីមួយដែលអ្នកប្រើប្រាស់អាចបង្ហោះ និងទស្សនាវីឌីអូរយៈពេលវែងបានដូច YouTube ដែរ។
កម្មវិធីថ្មីនៅក្នុងបណ្ដាញសង្គម Instagram នេះហៅថា IGTV បានត្រៀមប្រមូលយកវីឌីអូរបស់តារាល្បីៗ និងអ្នករកលុយតាមរយៈការបង្ហោះវីឌីអូនដែលមានមនុស្ស follow ច្រើននៅលើប្រព័ន្ធអ៊ីនធឺណេតទាំងអស់ មកបញ្ជូលក្នុងកម្មវិធី IGTV។ មិនត្រឹមតែប៉ុណ្ណោះ អ្នកលេង Instagram ធម្មតានឹងអាចបង្ហោះវីឌីអូរបស់ពួកគេដើម្បីរកប្រាក់តាមការផ្សាយពាណិជ្ជកម្មនាពេលអនាគត។
Facebook កាលពីថ្ងៃអង្គារកន្លងទៅបានបង្ហាញពីការខិតខំប្រឹងដើម្បីទាក់ទាញអ្នកផលិតវីឌីអូចេញពី YouTube ដោយបង្ហាញពួកគេពីរបៀបរកប្រាក់តាម Facebook app ខណៈដែល YouTube បានប្រកាសខ្លួនមានគម្រោង update នៅជម្រើសក្នុងការផ្សាយពាណិជ្ជកម្មក្នុងសប្ដាហ៍នេះផងដែរ។ នេះគូសបញ្ជាក់ថា Facebook និង YouTube កំពុងបញ្ចេញសាច់ដុំដាក់គ្នាយ៉ាងក្តៅគគុកក្នុងការទាញយកចំនួនអ្នកប្រើប្រាស់ និងដៃគូផ្សាយពាណិជ្ជកម្ម។
Instagram ដែលបានបង្កើតឡើងនៅឆ្នាំ ២០១០ និងត្រូវបានក្រុមហ៊ុន Facebook ទិញនៅឆ្នាំ ២០១២ ក្នុងតម្លៃ ១ ពាន់លានដុល្លារអាមេរិក បច្ចុប្បន្នបានប្រកាសថា ខ្លួនមានអ្នកប្រើប្រាស់ច្រើនជាមួយលាន់នាក់នៅជុំវិញសកលលោក៕
ប្រភព៖ Reuters
អត្ថបទដោយ៖ Ciel
