បុរសជនជាតិអាស៊ីម្នាក់ហ៊ានចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ទៅប្តូរយកលុយអេឡិចត្រូចនិច ៥០ លានដុល្លារ

674
រូបភាព៖ techinasia

អ្នកជំនួញជនជាតិសិង្ហបុរីម្នាក់ឈ្មោះ Eric Cheng បានលក់ផ្ទះដ៏ប្រណិត រថយន្តទំនើបៗមានទាំងម៉ាក Rolls-Royces ពីរគ្រឿង Lamborghini មួយ Ferrari មួយ និងរថយន្ត Porsche មួយគ្រឿង និងប្រាក់សន្សំរបស់គាត់ទាំងប៉ុន្មាន ទៅទិញរូបិយប័ណ្ណអេឡិចត្រូនិចដែលមានតម្លៃ ៥០ លានដុល្លារអាមេរិក ដើម្បីប្រឡូកក្នុងពិភព crypto

លោក Eric Cheng បច្ចុប្បន្នមានវ័យ ៤៣ ឆ្នាំ ហើយគាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តក្រុមហ៊ុនអចលនទ្រព្យ Sevens Group កាលពីខែ ឧសភា បានប្រមូលប្រាក់របស់គាត់ទាំងប៉ុន្មានទៅទិញយកក្រុមហ៊ុន FX Trade Financial របស់ជប៉ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធ BitTrade ដែលផ្តោតលើរូបិយប័ណ្ណអេឡិចត្រូនិច។

មុនពេលដែលលោក Cheng ប្រទះឃើញ BitTrade ក្នុងប្រទេសជប៉ុន គាត់បានដើរមើលទីផ្សារផ្លាស់ប្តូររូបិយប័ណ្ណអេឡិចត្រូនិចប្រាំបួនកន្លែងផ្សេងគ្នា ដែលមាននៅក្នុងប្រទេសកូរេខាងត្បូង ប្រទេសហ្វីលីពីន និងតៃវ៉ាន់រួចមកហើយ។

BitTrade មានប្រតិបត្តិការជាងពីរឆ្នាំមកហើយនៅក្នុងប្រទេសសិង្ហបុរី ហើយវាក៏ជារូបិយប័ណ្ណអេឡិចត្រូនិចមួយក្នុងចំណោមរូបិយប័ណ្ណអេឡិចត្រូនិច ១៦ ផ្សេងទៀតដែលត្រូវរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យមានការទិញលក់ក្នុងប្រទេស។ BitTrade ធ្វើការជួញដូរទៅលើរូបិយប័ណ្ណអេឡិត្រូនិចមួយចំនួនដូចជា bitcoin, bitcoincash, ripple និង litecoin និងជួយសម្រួលបញ្ហាស្របច្បាប់ចំពោះរូបិយប័ណ្ណទាំងនេះជាដើម។

បច្ចុប្បន្នការជួញដូររបស់ BitTrade អាចធ្វើការផ្លាស់ប្តូរបានត្រឹមប្រាក់យ៉េនរបស់ជប៉ុនតែប៉ុណ្ណោះ។ ប៉ុន្តែទៅថ្ងៃខាងមុខ លោក Cheng មានគម្រោងធ្វើឱ្យវាមានប្រតិបត្តិការច្រើនជានេះ និងព្យាយាមដាក់បញ្ចូលរូបិយប័ណ្ណផ្សេងទៀតសម្រាប់ការជួញដូរដែលរង់ចាំការអនុញ្ញាតពី Financial Services Authority

បើទោះបីជាលោកមិនទាន់ស្គាល់រូបិយប័ណ្ណអេឡិចត្រូនិចច្បាស់ និងជាការប្រថុយជាមួយហានិភ័យខ្ពស់ ប៉ុន្តែ លោក Eric Cheng បាននិយាយថា បទពិសោធន៍ធ្វើអាជីវកម្មជាង ២០ ឆ្នាំ របស់លោក នឹងជួយនាំផ្លូវលោកក្នុងជំនួញផ្សងព្រេងថ្មីនេះ “រាល់ជំនួញទាំងអស់សុទ្ធតែមានហានិភ័យ ប៉ុន្តែ ខ្ញុំជឿជាក់លើទស្សនៈវិស័យរបស់ខ្ញុំ ហើយរហូតមកដល់ពេលនេះវាមិនដែលបង្ហាញថាខ្ញុំខុសនៅឡើយ។”

សម្រាប់អ្នកដែលមានបំណងចង់ផ្សងសំណាងក្នុងទីផ្សាររូបិយប័ណ្ណអេឡិចត្រូនិចនេះ លោក Cheng បានផ្តល់ដំបូន្មានថា “កុំគ្រាន់តែបិទភ្នែកហើយធ្វើការស្មាន។ ប្រើប្រាស់ស្ថិតិពិតប្រាកដ និងឧបករណ៍គាំទ្រសំខាន់ៗចំពោះការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នក។” គាត់បានបន្ថែមទៀតថា វាពិតជាសំខាន់ខ្លាំងណាស់ដែលត្រូវ “ហ៊ានធ្វើជាមនុស្សដំបូងនិងគិតក្រៅប្រអប់។”

រូបភាព៖ techinasia

លោក Eric Cheng ក៏បានព្រមានផងដែរថា កុំឱ្យផ្តោតចំពោះរឿងលុយកាក់ខ្លាំងពេក។ “ជីវិតគឺជាការដេញតាមគោលដៅ។ ប្រសិនបើអ្នកដេញតាមគោលដៅរបស់អ្នកត្រូវ ប្រាក់នឹងរត់មកតាមក្រោយដោយខ្លួនឯង”៕

ប្រភព៖ techinasia

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕