គម្រោងទីផ្សារ គឺមិនអាចខ្វះបានសម្រាប់អាជីវកម្មគ្រប់ប្រភេទ។ បើទោះបីជា អាជីវកម្មរបស់អ្នកមានទីតាំងល្អ មានផលិតផល ឬ សេវាកម្មល្អជាងគេកម្រិតណាក៏ដោយ វិធីមួយក្នុងការជួយឱ្យមុខជំនួញរបស់អ្នកដំណើរបានយូរ គឺត្រូវធ្វើទីផ្សារឱ្យខ្លាំង។ ខាងក្រោមនេះគឺជាសំណួរទាំង ១០ ដែលអាចជួយឱ្យអ្នកសរសេរគម្រោងទីផ្សារដ៏មានឥទ្ធិពលមួយបាន៖
១.តើគម្រោងទីផ្សាររបស់អ្នក នឹងជួយដល់គោលដៅនៃអាជីវកម្មដោយរបៀបណា?
មុនពេលអ្នកចាប់ផ្តើមសរសេរផែនការអាជីវកម្ម អ្នកត្រូវគិតឱ្យបានច្បាស់ថា គោលដៅអ្វីដែលអ្នកចង់សម្រេច។ វាគឺជាយុទ្ធសាស្រ្តទីផ្សារដែលគូសបញ្ជាក់ពីគោលដៅដែលអ្នកចង់បំពេញ និងមានវិធីដែលអាចធ្វើឲ្យគោលដៅនោះជោគជ័យ។
២. អ្វីដែលអ្នកកំពុងព្យាយាម ហើយមកពីមូលហេតុអ្វីបានជាអ្នកធ្វើវា?
សំណួរនេះគឺចង់សម្តៅទៅលើ Mission Statement ឬ ប្រយោគដែលអ្នកត្រូវបង្ហាញពីអ្វីដែលអ្នកកំពុងព្យាយាមធ្វើ និងហេតុផលដែលអ្នកធ្វើវា។ Mission Statement នេះ គឺជាធាតុផ្សំសំខាន់នៅក្នុងគម្រោងអាជីវកម្ម ព្រោះវាផ្តោតទៅលើគោលដៅក្នុងអាជីវកម្មរបស់អ្នក និងជួយអ្នកឱ្យដឹងប្រាកដថា រាល់សកម្មភាពធ្វើទីផ្សារដែលអ្នកសរសេរមក គាំទ្រដល់គោលបំណងក្នុងអាជីវកម្មទាំងមូលឬអត់។
៣. អតិថិជនគោលជានរណា ហើយពួកគេនៅឯណា?
អ្នកត្រូវកំណត់យកទីតាំងណាដែលជាទីផ្សារគោលដៅរបស់អ្នក ហើយក្រុមអតិថិជនបែបណាខ្លះដែលនឹងប្រើប្រាស់ផលិតផល ឬ សេវាកម្មរបស់អ្នក។ ដើម្បីកំណត់ទីផ្សារគោលដៅបាន អ្នកចាំបាច់ត្រូវធ្វើការស្រាវជ្រាវទីផ្សារ ឬ ហៅថា market research ដែលនឹងបញ្ជាក់អំពី៖
- នរណាជាអតិថិជនរបស់អ្នក?
- ទីកន្លែងដែលពួកគេនៅ?
- តើអ្វីដែលសំខាន់សម្រាប់ពួកគេ?
- តើអ្វីដែលធ្វើឱ្យពួកគេបារម្ភ?
- តម្រូវការក្នុងពេលបច្ចុប្បន្នរបស់ពួកគេ?
៤. អាជីវកម្មណាខ្លះដែលជាគូរប្រជែងរបស់អ្នក?
វិធីមួយល្អបំផុតមួយក្នុងការស្រាវជ្រាវទីផ្សារគោលដៅ និងរៀបចំសកម្មភាពទីផ្សារ គឺត្រូវមើលទៅលើការប្រកួតប្រជែង។ អ្នកគួរតែដឹងឱ្យបានថា តើមានអាជីវកម្មណាខ្លះដែលកំពុងផ្តល់សេវាកម្ម ឬ ផលិតផល ដូចគ្នាទៅនិងអាជីវកម្មរបស់អ្នក? ដើម្បីស្ទាបស្ទង់ពីគូរប្រជែង និងធ្វើការប្រកួតប្រជែងជាមួយពួកគេបាន អ្នកត្រូវធ្វើ SWOT analysis ដែលវាយតម្លៃពីភាពខ្លាំង ភាពខ្សោយ ឱកាស និងហានិភ័យដែលអាជីវកម្មរបស់អ្នកអាចប្រឈម។
៥. តើអ្វីដែលធ្វើឱ្យអាជីវកម្មរបស់អ្នកពិសេសជាងគេ?
បន្ទាប់ពីដឹងថានរណាជាគូរប្រជែងរបស់អ្នកហើយ អ្នកត្រូវធ្វើឱ្យផលិតផល ឬ សេវាកម្មរបស់អ្នកមានលក្ខណៈប្លែកពីគេ និងហេតុផលដែលអតិថិជនគួរជ្រើសយកផលិតផលរបស់អ្នកជាជាងគូរប្រជែង។
៦. តើអតិថិជននឹងត្រូវចំណាយប្រាក់ប៉ុណ្ណាទើបអាចទទួលបានផលិតផល ឬ សេវាកម្មរបស់អ្នក?
វាទាក់ទងទៅការកំណត់តម្លៃ ហើយការកំណត់តម្លៃនេះ ជាធម្មតាត្រូវពិនិត្យទៅលើ ថ្លៃដើមនៃការផលិត ថ្លៃជួលបុគ្គលិក ថ្លៃផ្សាយពាណិជ្ជកម្ម និងថ្លៃសេវាដឹកជញ្ជូនផ្សេងៗ។ ល។ អ្នកគប្បីធ្វើការប្រៀបធៀបតម្លៃរវាងអ្នក និងគូរប្រជែងរបស់អ្នក ធ្វើយ៉ាងណាកុំឱ្យតម្លៃនៃផលិតផល ឬ សេវាកម្មរបស់អ្នកថ្លៃខ្ពស់ពេក ឬ ទាបពេក ហើយអ្នកក៏ត្រូវបង្ហាញអតិថិជនឱ្យបានច្បាស់ពីគុណសម្បត្តិដែលផលិតផល ឬ សេវាកម្មរបស់អ្នកនឹងផ្តល់ឱ្យពួកគេផងដែរ។
៧. តើអតិថីជនអាចស្គាល់ផលិតផល ឬសេវាកម្មរបស់អ្នកដោយរបៀបណា?
រឿងនេះ គឺផ្តោតសំខាន់ទៅលើផែនការផ្សព្វផ្សាយដែលធ្វើឡើងតាមរយៈសកម្មភាពទីផ្សារដូចជា៖
- ការផ្សព្វផ្សាយ-តាមបណ្ដាញសង្គមអ៊ីនធឺណេត ទូរទស្សន៍ វិទ្យុ ការសែត ទស្សនាវដ្តី។ ល។
- ការជួយដល់សង្គម-ឧបត្ថម្ភដល់សហគមន៍
- លក់ផ្ទាល់-ចុះទៅលក់ដល់កន្លែងដែលអតិថិជនតាំងនៅផ្ទាល់
- កម្មវិធីលក់បញ្ចុះតម្លៃ
វិធីសាស្រ្តទាំងបួននេះអាចជួយជម្រុញការលក់ និងការទទួលស្គាល់ពីអតិថិជនចំពោះផលិតផលរបស់អ្នកបានកាន់តែលឿន និងមានប្រសិទ្ធិភាព។
៨. តើអ្នកនឹងត្រូវចំណាយប្រាក់ប៉ុន្មាន និងទៅលើអ្វីខ្លះ?
នៅពេលដែលអ្នកបានបង្កើតផែនការផ្សព្វផ្សាយហើយ អ្នកត្រូវបង្កើតគម្រោងថវិកាមួយទៀត ដើម្បីកំណត់ថ្លៃចំណាយទៅលើសកម្មភាពនៃផែនការផ្សព្វផ្សាយណាមួយដែលប្រាក់របស់អ្នកអាចទ្រទ្រង់រួច។ ជាទូទៅ ថវិការបស់អាជីវកម្មខ្នាតតូចភាគច្រើគឺមានកំណត់ក្នុងការធ្វើទីផ្សារ ដូច្នេះការបង្កើតគម្រោងផ្សព្វផ្សាយគប្បីស៊ីសង្វាក់គ្នាជាមួយគម្រោងថវិកា។ ហើយសំណួរដែលចាំបាច់ តើការចំណាយប៉ុណ្ណឹង អ្នកនិងរកចំណូលមកវិញបានប៉ុណ្ណា?
៩. កិច្ចការអ្វីខ្លះដែលអ្នកត្រូវធ្វើជាជំហានៗ ដើម្បីសម្រេចគម្រោងទីផ្សារនេះ?
នៅក្នុងគម្រោងធ្វើទីផ្សារ អ្នកត្រូវតែគូសបញ្ជាក់ពីចំណុចដែលត្រូវធ្វើ និងអំពីពេលវេលាដែលត្រូវធ្វើវាឱ្យសម្រេចតាមដំណាក់កាលម្តងមួយៗ រហូតដល់សម្រេចគោលដៅទាំងអស់របស់អ្នក ឧទាហរណ៍ដូចជាអ្នកធ្វើកិច្ចការផ្ទះប្រចាំថ្ងៃអញ្ចឹង។
១០. ពិនិត្យមើលលទ្ធផល
ក្រោយពីអ្នកបានបង្កើតគម្រោងធ្វើទីផ្សារ និងដាក់វាឱ្យដំណើរការហើយ ការងារបន្ទាប់ទៀត គឺត្រូវត្រួតពិនិត្យមើលលទ្ធផលដែលអ្នកទទួលបានចេញពីគម្រោងនោះ និងរកមើលចន្លោះខ្វះខាតដែលត្រូវអភិវឌ្ឍបន្ថែម។
ជោគជ័យ ឬ បរាជ័យរបស់អាជីវកម្ម គឺអាស្រ័យលើការរៀបចំគម្រោងអាជីវកម្ម និងគម្រោងធ្វើទីផ្សារដែលធ្វើឱ្យអាជីវកម្មនោះដំណើរការទៅមុខ។ បើអ្នកមានគម្រោងទីផ្សារកាន់តែច្បាស់ ការលក់គឺកាន់តែជោគជ័យ៕
អត្ថបទដោយ៖ Ciel
