តើធ្វើយ៉ាងណាទើបអាចកាត់បន្ថយក្តីកង្វល់បាន?

670

ពិភពលោកនេះ មានរឿងនឹកស្មានមិនដល់ជាច្រើនកើតឡើងចំពោះជីវិតមនុស្ស។ ដោយសារតែការស្មានមិនដល់ពីអ្វីដែលនឹងកើតឡើងឥតព្រៀងទុក វាតែងតែបង្កជាសេចក្តីភ័យខ្លាច ឬ ក្តីបារម្ភសម្រាប់មនុស្សទូទៅ។ ប៉ុន្តែ ឬសគល់នៃក្តីបារម្ភ គឺបណ្ដាលមកពីមូលហេតុខុសៗគ្នា។ មនុស្សភាគច្រើនតែងមានក្តីបារម្ភចំពោះអនាគតជាពិសេសរឿងមានបាន ការរិះគន់ពីអ្នកដទៃចំពោះកំហុសដែលអាចនឹងកើតមាន ភ័យខ្លាចមានសុខភាពមិនល្អ ភ័យខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ បារម្ភថាខ្លួនឆាប់ចាស់មុនអាយុ បារម្ភពីសេចក្តីស្លាប់ជាដើម។ ល។ យ៉ាងណាមិញ ការដែលមានក្តីបារម្ភនេះមិនមែនជារឿងអាក្រក់ទេ ព្រោះអ្នកនឹងអាចគិតត្រៀមខ្លួន រកវិធីដោះស្រាយចំពោះបញ្ហាដែលអ្នកស្មានដឹងបានមុន ប៉ុន្តែ បើបារម្ភជ្រុលពេកនោះអ្នកនឹងមិនដឹងថាគួរចាប់ផ្តើមធ្វើអ្វីពីចំណុចណាមុននោះទេ។ ខាងក្រោមនេះគឺជាវិធីទាំង ៦ ដែលជួយឱ្យអ្នកដឹងថាត្រូវធ្វើអ្វីនៅពេលដែលអ្នកមានក្តីបារម្ភ បញ្ហា ឬ ភាពភ័យខ្លាច៖

១. កំណត់នូវអ្វីដែលអាចគ្រប់គ្រងបាន

នៅពេលដែលអ្នកមានអារម្មណ៍ថា ភ័យ ឬ បារម្ភចំពោះរឿងអ្វីមួយ សូមកុំប្រញាប់ជ្រួលច្របល់ពេក។ អ្នកគួរនៅស្ងៀមមួយសន្ទុះសិន ហើយពិនិត្យមើលអ្វីៗដែលនៅជុំវិញខ្លួន បន្ទាប់មកប្រើភ្នែកទាំងគូររបស់អ្នកសម្លឹងទៅរកវត្ថុណាមួយឱ្យចំ ឬ បិទភ្នែករបស់អ្នកពី ១ ទៅ ២ នាទី រួចសួរខ្លួនឯងថា តើអ្នកនៅឯណា? កំពុងធ្វើអ្វី? ហេតុអ្វីត្រូវបារម្ភ? តើរឿងនោះកើតឡើងឬនៅ? ហេតុអ្វីទើបវាកើតឡើង ឬ អាចនឹងកើតឡើង? តើមានផ្លូវដោះស្រាយសម្រាប់បញ្ហានោះ ឬ មានមនុស្សអាចជួយសម្រួលបញ្ហានោះទេ? បន្ទាប់មកទៀត អ្នកត្រូវរកមើលថា អ្វីខ្លះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក ហើយចាប់ផ្តើមធ្វើវាសន្សឹមៗបន្ត រហូតដល់អ្នកមានអារម្មណ៍ថា ក្តីបារម្ភដែលអ្នកចាប់ផ្តើមថយចុះ។

២. ផ្តោតលើឥទ្ធិពលដែលអ្នកមាន

មនុស្ស ពេលខ្លះ មានក្តីបារម្ភដោយសារតែមើលឃើញពីអ្វីមួយដែលពួកគេគិតថាជារឿងមិនល្អ អាចនឹងកើតឡើងចំពោះមនុស្សដែលនៅជុំវិញខ្លួនដូចជា សាច់ញាតិ មិត្តភក្តិ ក្រុមគ្រួសារ ឬ មនុស្សដែលខ្លួនស្រលាញ់ចូលចិត្ត ហើយពួកគេនឹងគិតរកមធ្យោបាយធ្វើយ៉ាងណាដើម្បីបញ្ជៀសបញ្ហានោះកុំឱ្យកើតឡើងទៅលើមនុស្សរបស់ពួកគេ។ ប្រសិនបើអ្នកមានក្តីបារម្ភបែបនេះ អ្នកត្រូវមើលថាអ្វីជាឥទ្ធិពលរបស់អ្នកចំពោះពួកគេ។ តិចនិចដើម្បីមានឥទ្ធិពលទៅលើនរណាម្នាក់ គឺត្រូវមានអ្វីដែលពួកគេចង់មាន តែពិបាកនិងធ្វើដូច។ ដូច្នេះ អ្នកនឹងងាយស្រួលផ្តល់យោបល់ និងពន្យល់ពួកគេពីផលវិបាកដែលអាចនឹងកើតឡើងចំពោះពួកគេ បើសិនជាពួកគេមិនយល់ស្របជាមួយវិធីសាស្ត្ររបស់អ្នក។ លើសពីនេះ ទោះបីជាអ្នកមានឥទ្ធិពល ឬ ដំណោះស្រាយល្អសម្រាប់បញ្ហារបស់ពួកគេប៉ុណ្ណាក៏ដោយ រឿងដែលអ្នកអាចធ្វើបានគឺ ត្រឹមផ្តល់យោបល់ដល់ពួកគេតែប៉ុណ្ណោះ ចៀសវាងការបង្ខំ ឬ ញុះញុង ព្រោះពួកគេអាចនិងសង្ស័យថា អ្នកកំពុងមានអាថ៌កំបាំងអ្វីមួយនៅពីក្រោយការជ្រំជ្រែងរបស់អ្នក។ អ្នកអាចដឹកគោឱ្យទៅដល់មាត់ទឹកបាន តែផឹកទឹក ឬ មិនផឹក គឺអាស្រ័យទៅលើគោ។

៣. កំណត់ពីភាពភ័យខា្លច

សេចក្តីភ័យខ្លាចទាំងឡាយសុទ្ធតែមានមូលហេតុ។ បើអ្នកបារម្ភ តើបារម្ភរឿងអ្វី? ជារឿងក្រៅខ្លួន ឬ ក្នុងខ្លួន? តើអ្នកបារម្ភថាវានឹងធ្វើឱ្យមានលទ្ធផលមិនល្អកើតឡើងចំពោះអ្នកឬ? តើអ្នកបារម្ភថាអ្នកនឹងមិនមានសមត្ថភាពទប់ទល់និងវាឬ? បើអ្នកដឹងច្បាស់ពីក្តីបារម្ភរបស់អ្នក ហើយគិតថាអ្នកមិនមានសមត្ថភាពអាចដោះស្រាយវាបាន នោះអ្នកកំពុងយល់ព្រមទទួលភាពបរាជ័យហើយ។ ផ្ទុយទៅវិញ អ្នកត្រូវបា្រប់ខ្លួនឯងថា អ្នកអាចធ្វើបាន ហើយវាគ្មានហេតុផលអ្វីដែលអ្នកមិនអាចគេពីបញ្ហានោះបានទេ វាត្រូវតែមានវិធីដោះស្រាយដាច់ខាត។ ធ្វើបែបនេះ ខួរក្បាលរបស់អ្នកនិងព្យាយាមគិតរកដំណោះស្រាយចំពោះបញ្ហាទាំងនោះជានិច្ច ហើយរាងកាយរបស់អ្នកនិងទទួលបានកម្លាំងជម្រុញឱ្យប្រឆាំងនិងសេចក្តីភ័យខ្លាចកាន់តែខ្លាំង។

៤. ចែកឱ្យដាច់រវាងបញ្ហា និងដំណោះស្រាយ

បើអ្នកដឹងអំពីក្តីបារម្ភ ឬ បញ្ហា ហើយអ្នកនៅគិតអំពីលទ្ធផលរបស់វាមិនឈប់ នោះវានឹងបង្កទៅជា ទុក្ខជាន់លើទុក្ខ។ ផ្ទុយទៅវិញ អ្នកត្រូវតែគិតរកវិធីដោះស្រាយ។ អ្នកត្រូវបែងចែកថាមួយណាជាបញ្ហា និងអ្វីជាដំណោះស្រាយ រួចធ្វើការវាយតម្លៃថាបញ្ហាបែបណាត្រូវនិងដំណោះស្រាយបែបណា។ មិនយូរមិនឆាប់ អ្នកនឹងមានអារម្មណ៍ថា អ្នកបានបោះជំហានទៅមុខចំពោះភាពភ័យខ្លាចរបស់អ្នកហើយ ហើយវាគ្រាន់បើជាងឈរមើលបញ្ហាកើតឡើងដោយមិនបានព្យាយាមដោះស្រាយ។

៥. បង្កើតផែនការដោះស្រាយ

បន្ទាប់ពីកំណត់បានបញ្ហា ឬ ក្តីបារម្ភបានហើយ អ្នកត្រូវររៀបចំផែនការសម្រាប់បញ្ហាបន្ទាន់ណាដែលត្រូវដោះស្រាយមុនឱ្យទាន់ពេល និងមួយណាដែលត្រូវសម្រេចជាបន្តបន្ទាប់ ដើម្បីកុំឱ្យវារញ៉េរញ៉ៃថាត្រូវចាប់ផ្តើមួយណា ឬ ពីចំណុចណាមុន។

៦. ព្យាយាមគិតរឿងល្អ

ច្បាស់ណាស់ថា វាពិតជាពិបាកក្នុងការគិតរឿងល្អៗសម្របពេលកំពុងមានអារម្មណ៍ភ័យខ្លាច តប់ប្រមល់ ឬ ស្មុកស្មាញ តែអ្នកគ្មានផ្លូវផ្សេងល្អៗជាងនេះទេ។ អ្នកត្រូវតែគិតរឿងល្អៗ​ មើលរបស់ប្លែកៗដែលនៅជុំវិញខ្លួន ឬ ធ្វើលំហាត់ប្រាណ នៅជិតមនុស្សដែលធ្វើឱ្យអ្នករីករាយ ដើរកម្សាន្ត មើលកុនដែលអ្នកចូលចិត្ត និងព្យាយាមនៅជិតមនុស្សដែលគិតវិជ្ជមានឱ្យបានច្រើន។

ភាពភ័យខ្លាច ក្តីបារម្ភ នៅតែជាបញ្ហា អ្នកមិនអាចគេពីវាបានទេ ដរាណាអ្នកមិនរកដំណោះស្រាយចំពោះវា។ អ្នកអាចគិត និងព្យាករណ៍ទុកពីលទ្ធផលដែលនឹងកើតឡើងនៅពេលអនាគត ប៉ុន្តែ សូមកុំភ័យខ្លាច ឬ បារម្ភជ្រុលពេក ព្រោះក្រៅពីពេលវេលា អ្នកគ្មានអ្វីត្រូវបាត់បង់ទេក្នុងជីវិតនេះ៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕