Super Star របស់ក្លិបបាល់ទាត់យក្សអេស្ប៉ាញ Real Madrid ត្រូវបានគេវាយតម្លៃថាមានទ្រព្យសម្បត្តិសរុប ៤៥០ លានដុល្លារអាមេរិក និងជាអត្តពលិកដែលមានជាងគេនៅលើពិភពលោក។ តាមការចុះរបស់ទស្សនាវដ្តី Forbes កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨ Ronaldo ត្រូវបានគេប៉ានស្មានថារកចំណូលបាន ១០៨ លានដុល្លារអាមេរិក ដែលចំណូលទាំងនេះមួយចំណែកបានមកពីប្រាក់ខែនិងប្រាក់លើកទឹកចិត្ត ៦១ លានដុល្លារ ហើយមួយចំណែកទៀត ៤៧ លានដុល្លារ បានមកពីការផ្សាយពាណិជ្ជកម្ម។
បើទោះបីជា Cristiano Ronaldo បច្ចុប្បន្នមិនមែនជាកីឡាករដែលថ្លៃឈ្មួលខ្ពស់ជាងគេក្នុងចំណោមតារាបាល់ទាត់ល្បីៗដទៃក៏ដោយ ប៉ុន្តែ វិរៈបុរសបាល់ទាត់របស់ប្រទេសព័រទុយហ្គាល់រូបនេះទទួលបានអ្នកគាំទ្រវ៉ាដាច់ទាំង Messi និង Neymar រហូតដល់ ១០ លាននាក់ នៅលើបណ្ដាញសង្គម Instagram, Twitte និង Facebook។
យោងតាមក្រុមហ៊ុនវាយតម្លៃនិងវិភាគ sponsors សម្រាប់អត្តពលិក Hookit បានវាយតម្លៃថា រាល់ពេលផុសរូបនៅលើបណ្ដាញសង្គមម្តងៗ Ronaldo ទទួលបានសកម្មភាពនៃការចុចឡាយពីអ្នកគាំទ្រ ២.៣ លាននាក់ ហើយចំនួននេះធ្វើឱ្យរូបគេរកចំណូលបាន ១.៨ លានដុល្លារពីការផ្សាយពាណិជ្ជកម្មពីក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុនកីឡា Nike និង ៤០០,០០០ ដុល្លារ ពី sponsors នៅលើការផុសនៅក្នុង Instagram។
មិនត្រឹមតែប៉ុណ្ណោះ Ronaldo ក៏មានរឿងមួយដែលកីឡាដទៃទៀតមិនមានគឺ កុងត្រាផ្សាយពាណិជ្ជកម្មរយៈពេលមួយជីវិតជាមួយក្រុមហ៊ុនផលិតសម្ភារៈកីឡា Nike ដែលធ្វើឡើងតាំង ២០១៦ ក្នុងតម្លៃ ១ ពាន់លានដុល្លារ។
ជាងនេះទៅទៀត កីឡាកររូបសង្ហា Cristiano Ronaldo គឺជាម្ចាស់ក្រុមហ៊ុនផលិតខោក្នុង រោងចក្រផលិតស្បែកជើង ភួយ គ្រឿងក្រអូប កម្មវិធីលើទូរស័ព្ទ ភោជនីយដ្ឋាន និងជាម្ចាស់សណ្ឋាគារផងដែរ ហើយកាលពីឆ្នាំ ២០១៥ គេបានវិនិយោគ ៤០ លានដុល្លារនៅក្នុងក្រុមហ៊ុន Pestana Hotel Group៕
ប្រភព៖ cnbc
អត្ថបទដោយ៖ Ciel
