គន្លឹះក្នុងការរៀបចំពេលវេលាអោយមានប្រសិទ្ធភាពដើម្បីបញ្ឈប់ភាពខ្ចិលច្រអូស

2072

ការក្លាយជាម្ចាស់នៃពេលវេលាអាចធ្វើអោយយើងអាចមានពេលវេលាបន្ថែមសម្រាប់ខ្លួនឯងក្នុងការរៀបចំផែនការជីវិតទៅមុខ ឬក៏ដកឃ្លាបន្តិចដើម្បីមើលពីស្ថានភាពយើងបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក៏ដោយ ការរៀបចំពេលវេលាអោយបានត្រឹមត្រូវគឺជារឿងដែលងាយស្រួលនិយាយ ប៉ុន្តែមិនងាយស្រួលធ្វើនោះទេ។ មានពេលខ្លះ យើងក៏បានតាំងចិត្តចង់ធ្វើអោយរាល់ម៉ោងនិងវិនាទីរបស់អ្នកមានតម្លៃដែរ ប៉ុន្តែស្រាប់តែភ្លេចខ្លួន ពេលវេលាក៏ចេះតែទៅមុខដោយគ្មានបានសម្រេចនូវគោលដៅដែលបានកំណត់ទាល់តែសោះ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនក្នុងការរៀបចំពេលវេលាអោយមានប្រសិទ្ធភាព។

១. សរសេរគោលដៅដាក់នៅលើក្រដាស

ពេលខ្លះ នៅពេលអ្នកឃើញអ្នកដទៃជោគជ័យ ហើយអ្នកក៏ស្រមៃចង់បានបែបនោះដែរ។ អ្នកស្រមៃថា អ្នកចង់ក្លាយជាអ្នកមាន ជាមនុស្សល្បី ឬជាបុគ្គលដែលជោគជ័យមួយរូប ប៉ុន្តែអ្នកបែរជាមិនដែលចាប់អារម្មណ៍យកគោលដៅដែលអ្នកចង់សម្រេចនោះមកសរសេរវាលើក្រដាសសោះ។ ពេលខ្លះអ្នកអាចគិតថា វាជាវិធីចាស់គំរិល ប៉ុន្តែតាមពិត វាអាចជួយយើងបានច្រើនណាស់។ ការសរសេររាល់គោលដៅរបស់អ្នកលើក្រដាសជួយអោយយើងមានអារម្មណ៍ថាគោលដៅរបស់យើងមិននៅទ្រឹងមួយកន្លែងទេ គឺវាចាប់ផ្តើមមានសកម្មភាពហើយ ម្យ៉ាងវិញទៀតវាជួយអោយយើងព្យាយាមសួរសំណួរខ្លួនឯងត្រលប់មកវិញថា តើមានវិធីណាដើម្បីសម្រេចក្តីស្រមៃទាំងនោះ?

២. កុំមើលងាយការងារងាយៗ

ចំពោះរឿងមួយចំនួន យើងបែរជាទុកវាចោល មិនព្រមបញ្ចប់វាអោយហើយៗទេ ដោយសារតែគិតថាវាជារឿងងាយស្រួលដោះស្រាយ ហើយធ្វើតែមួយភ្លែតហើយៗ។ ប៉ុន្តែយើងភ្លេចគិតថា រឿងតូចៗទាំងអស់នោះផ្តុំគ្នាបន្តិចម្តងៗក្លាយជាបញ្ហាដ៏ធំសម្រាប់យើងនៅថ្ងៃក្រោយបាន។ ប្រសិនបើអ្នកគិតថា វាងាយហើយស្រួលធ្វើ ចុះហេតុអ្វីក៏មិនធ្វើវាអោយហើយៗទៅ? ការព្រងើយកន្តើយចំពោះរឿងតូចតាចទាំងអស់នេះហើយ ដែលធ្វើអោយអ្នកជាប់ខ្លួនរវល់នៅពេលក្រោយដោយសារតែត្រូវត្រលប់មកធ្វើវាវិញ។

៣. រៀនកំណត់ថ្ងៃផុតកំណត់លើគោលដៅ

នៅពេលដែលយើងនៅរៀននៅសាលា លោកគ្រូឬអ្នកគ្រូតែងតែកំណត់ថ្ងៃផុតកំណត់ណាមួយដើម្បីអោយយើងប្រគល់ការងារទាន់ពេលវេលា។ ការដឹងពីថ្ងៃផុតកំណត់ជម្រុញអោយយើងខិតខំធ្វើការងារ ពីព្រោះថ្ងៃកំណត់គឺជារឿងដែលចាំបាច់ណាស់ដោយយឺតមិនបាន។ នៅក្នុងការដាក់គោលដៅក្នុងជីវិតយើងក៏ដូចគ្នា។ យើងត្រូវកំណត់ថ្ងៃផុតកំណត់អោយបានច្បាស់លាស់ ព្រោះវាក៏អាចក្លាយជាអ្នកជម្រុញអ្នកអោយសម្រេចក្តីស្រមៃបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

យើងម្នាក់ៗគឺសុទ្ធតែមានពេលវេលា ២៤ម៉ោងដូចគ្នា។ ប៉ុន្តែអ្នកខ្លះអាចប្រើពេលវេលាដែលផ្តល់អោយនេះទៅធ្វើរឿងល្អៗសម្រាប់ខ្លួនឯង និងសង្គមជាច្រើន ខណៈពេលដែលអ្នកខ្លះទៀតបណ្តោយអោយពេលវេលាដ៏មានតម្លៃរបូតពីដៃដោយគ្មានន័យ។ អ្នកត្រូវធ្វើជាអ្នកគ្រប់គ្រងពេលវេលា ព្រោះបើមិនដូច្នេះទេ ពេលវេលានឹងគ្រប់គ្រងអ្នកវិញ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.