ស្វែងយល់ពីការធ្វើចំណែកថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស

1827

នៅមុនឆ្នាំ ២០១៦ ការប្រមូលពន្ធនៅក្នុងប្រទេសកម្ពុជាប្រព្រឹត្តទៅដោយវិធីពីយ៉ាង ទីមួយ គឺ ការប្រមូលពន្ធតាមរបបម៉ៅការ ដែលភ្នាក់ងារពន្ធដារចុះទៅប្រមូលពន្ធដោយប្រើការប៉ានស្មាន និងប្រៀបធៀបនូវអត្រាពន្ធដែលអ្នកជាប់ពន្ធត្រូវបង់។ វិធីទីពីរ ការប្រមូលពន្ធតាមរបបស្វ័យប្រកាស ឬរបបពិត ដែលតម្រូវឲ្យអ្នកជាប់ពន្ធធ្វើការប្រកាសពន្ធ រៀបចំបញ្ជីគណនេយ្យ ដោយខ្លួនឯង។ ប៉ុន្តែដោយសារតែការប្រមូលពន្ធតាមរបបមៅការ វាហាក់បីដូចជាមិនមានប្រសិទ្ធភាពខ្ពស់ ហេតុនេះហើយនៅក្នុងឆ្នាំ ២០១៦ រដ្ឋាភិបាលបានលុបបំបាត់នូវការប្រមូលពន្ធតាមរបបមៅការ និងចាប់ផ្តើមធ្វើការប្រមូលពន្ធតាមរបបពិត ឬរបបស្វ័យប្រកាសវិញ។ ដោយនៅក្នុងរបបពិត ឬរបបស្វ័យប្រកាស អ្នកជាប់ពន្ធត្រូវបែងចែកជា បី ប្រភេទ៖

១  អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិ ដែល៖

ក  មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀលដល់ ៧០០ លានរៀល ឬ

ខ  មានផលរបរក្នុងរយៈពេល បី ខែ ជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្ត ចាប់ពី ៦០ លានរៀលឡើងទៅ ឬ

គ  រំពឹងថាមានផលរបរក្នុងរយៈពេល បី ខែ ជាប់គ្នាខាមុខ ចាប់ពី ៦០ លានរៀលឡើងទៅ ឬ

ឃ ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញឬសេវា រួមទាំងភាស៊ី។

២  អ្នកជាប់ពន្ធមធ្យម គឺជា៖

ក  សហគ្រាសដែឡមានផលរបរប្រចាំឆ្នាំលើសពី ៧០០ លានរៀល ដល់ ៤ ០០០ លានរៀល ឬ

ខ  សហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬ

គ  ស្ថាប័នរដ្ឋថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការឬសមាគមគ្រប់ប្រភេទរួមទាំងអង្គការមិនមែនរដ្ឋាភិបាល ឬ

ឃ បេសកកម្មទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាននានា។

៣ អ្នកជាប់ពន្ធធំ គឺជា៖

ក  សហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល ឬ

ខ  បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ

គ  សហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ពាក្យ ផលរបរ សំដៅដល់ តម្លៃនៃការផ្គត់ផ្គង់ទំនិញឬសេវាដែលជាសកម្មភាពអាជីវកម្មរបស់អ្នកជាប់ពន្ធ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។