អ្វីទៅជាពន្ធប៉ាតង់? តើវាមានកម្រិតដែលត្រូវបង់ប៉ុន្មាន?

4740

ពន្ធប៉ាតង់គឺជាពន្ធប្រចាំឆ្នាំ ដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្ម ដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធនិងកម្រិតផលរបរ។

បែបបទនៃការបង់ពន្ធប៉ាតង់៖

១.  អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មច្រើន ត្រូវបង់ពន្ធប៉ាតង់ផ្សេងគ្នាទៅតាមសកម្មភាពអាជីវកម្មនីមួយៗ។

ឧទាហរណ៍៖ អ្នកជាប់ពន្ធម្នាក់ដែលមានសកម្មភាពអាជីវកម្មនីហរ័ណ-អាហរ័ណ ដឹកជញ្ជូន និងសណ្ឋាគារ ត្រូវបង់ពន្ធប៉ាតង់សម្រាប់ ៣ សកម្មភាពផ្សេងគ្នា។

២.​  សកម្មភាពជាឧបសម្ព័ន្ធនៃសកម្មភាពអាជីវកម្មត្រូវបានចាត់ទុកថាជាសកម្មភាពអាជីវកម្មតែមួយ។

ឧទាហរណ៍៖​ សណ្ឋាគារមួយដែលមានក្លឹបកំសាន្ត ភោជនីយដ្ឋាន កន្លែងម៉ាស្សា ក្លឹបហាត់ប្រាណឬសកម្មភាពដទៃដែលជាឧបសម្ព័ន្ធនៃសកម្មភាពសណ្ឋាគារដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់អ្នកជាប់ពន្ធតែមួយនិងស្ថិតក្នុងទីតាំងរួមជាមួយសណ្ឋាគារ ត្រូវបង់ពន្ធប៉ាតង់តែមួយ។

៣.  អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយនៅក្នុងរាជធានី-ខេត្តតែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយ។

៤.​  អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមរាជធានី ខេត្តដែលអាជីវកម្មនោះស្ថិតនៅ។

កម្រិតប្រាប់ពន្ធប៉ាតង់ត្រូវបង់៖

ប្រាក់ពន្ធប៉ាតង់ត្រូវបានកំណត់ដូចខាក្រោម​៖

១.  អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល។

២.  អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០​ ០០០រៀល។

៣.  អ្នកជាប់ពន្ធធំដែលមានផលរបរ៖

ក  លើសពី ២ ០០០ លានរៀល ដល់ ១០ ០០០លានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០រៀល។

ខ  លើសពី ១០ ០០០លានរៀល ត្រូវបង់ប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០រៀល។

អ្នកជាប់ពន្ធធំដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយដែលស្ថិតនៅតាមរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល នៅតាមរាជធានី ខេត្តដែលអាជីវកម្មនោះស្ថិតនៅ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។