ជំនាញស្នូល ៧ យ៉ាងនៃភាពជោគជ័យ ដែលយើងត្រូវតែមាន

1304

ជាមួយនឹងមូលដ្ឋានគ្រឹះនៃភាពជាសហគ្រិន គឺយើងម្នាក់ៗតំរូវអោយរៀនជំនាញ ខ្លះៗដំបូងសិន ដើម្បីអាចបោះជំហានបង្កើតគ្រឹះ នឹង កសាងអាជីវកម្មមួយ។ ហើយភាពរីកលូតលាស់របស់អាជីវកម្មរបស់យើង អាចកើតឡើងបន្តទៀតបាន គឺនៅពេលដែលយើងចាប់ផ្ដើមផ្តោតខ្លាំងលើការអភិវឌ្ឍន៍សមត្ថភាព និង ជំនាញចាំបាច់ ក្នុងខ្លួនរបស់យើងបន្ថែម។ ប៉ុន្ដែជំនាញខ្លះទៀត គឺតំរូវអោយយើងអភិវឌ្ឍន៍ជាប្រចាំរហូតដុះជាប់ក្នុងដួងប្រលឹងយើងតែម្ដង ជាពិសេសអាចហៅបានថាជាជំនាញស្នូលនៃភាពជោគជ័យ។ ខាងក្រោយនេះគឺជាជំនាញទាំង ៧ យ៉ាង ដែលយើងត្រូវអភិវឌ្ឍន៏ដើម្បីទទួលបានភាពជោគជ័យ៖

១. រៀនបង្កើនជំនឿក្នុងខ្លួន ៖ តើយើងពិតជាអាចសំរេចក្តីសុបិន្តរបស់បានមែន? តើយើងជឿថាយើងមានសមត្ថភាពទេ? តើជំនឿរបស់យើងពិតជាខ្លាំងក្លាគ្រប់គ្រាន់ដើម្បីវាយកំទេចឧបសគ្គដែលយើងនឹងប្រឈមនៅខាងមុខដោយចៀសមិនផុត ខណៈពេលដែលកំពុងតែដេញតាមគោលដៅរបស់យើងឬទេ? តើយើងជឿជាក់លើខ្លួនឯងទេ? បើជឿជាក់ដូច្នោះមែន យើងនឹងក្លាយជាអ្នកឈ្នះ ព្រោះអ្នកឈ្នះជាអ្នកដែលបង្កើតសមត្ថភាពក្នុងការវាយកំទេចឧបសគ្គដែលនឹងមករំខាន។ បន្ទាប់មក គឺ មហិច្ឆតា ដែលចាំបាច់ ដែលនឹងមកជំរុញជំនឿ និង សមត្ថភាពអោយរឹងមាំក្នុងខ្លួនរបស់យើង។

២. រៀនទំនាក់ទំនង ៖ ការប្រាស្រ័យទាក់ទង គឺចាំបាច់ត្រូវយល់ពីអ្វីដែលយើងចង់និយាយ ហើយនិយាយជាមួយនរណា។ យើងត្រូវតែកំណត់គោលបំណងដែលយើងពិតជាត្រូវការ ក្រោយពីទំនាក់ទំនងនោះ។ យើងត្រូវបែងចែកអោយច្បាស់ពីអ្វីដែលត្រូវនិយាយ ហើយអ្វីដែលមិនត្រូវនិយាយ? ហើយអ្នកណាដែលយើងទុកចិត្ត អាចចែករំលែក ព័ត៌មានជាមួយបាន? យើងក៏ត្រូវតែចេះពីវិធីសាស្រ្តទំនាក់ទំនងយ៉ាងម៉េច ដើម្បីអាចបញ្ជូនព័ត៌មាន អោយដៃគូសន្ទនា ឆាប់ទទួលបាន និង យល់ពីកម្មវត្ថុច្បាស់លាស់ពីអ្វីដែលយើងចង់និយាយ។

៣. រៀនបញ្ចេញភាពក្លាហាន ៖ ភាពភ័យខ្លាច វាមានឥទ្ធិពលខ្លាំងណាស់ ហើយវាអាចបញ្ឈប់យើងបានគ្រប់ពេល។ ភាពភ័យខ្លាច នឹងធ្វើឱ្យយើងគិតថា យើងត្រូវតែថយក្រោយ យើងគួរសំរាក ព្រោះវាពិបាកខ្លាំង។ វាជាអ្នកដែលប្លន់យកក្តីសុបិន្តរបស់យើង។ មធ្យោបាយដ៏ល្អបំផុតក្នុងការប្រឆាំងនិងភាពភ័យខ្លាច គឺដោយការហ៊ានបញ្ចេញភាពក្លាហាន ដើម្បីដើរឆ្លងកាត់វាតែម្ដង។

៤. ចេះបត់បែន ៖ ភាពចេះបត់បែន ក៏ជាជំនាញសំខាន់បំផុតមួយដែរ ដែលយើងត្រូវមាន បើទោះបីជាយើងជាម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រង ឬ បុគ្គលិកក៏ដោយ។ ព្រោះប្រសិនបើយើងព្យាយាមធ្វើឱ្យខ្លួនយើងកាន់តែមានភាពចេះបត់បែនច្រើន ការបំពេញភារៈកិច្ច ធ្វើកិច្ចការងារ ច្រើនតែមានដំណោះស្រាយល្អចំពោះបញ្ហា ទោះបីវាលំបាកយ៉ាងណាក៍ដោយ មិនថាក្នុងជំនួញធំ តូច ឬ ក្នុងជីវិតផ្ទាល់។

៥. ភាពសុចរិត ៖ សុចរិត គឺការស្មោះត្រង់។ ភាពសុចរិតវាអាចជួយយើងអោយបានស្គាល់ពីខ្លួនឯងបានមួយផ្នែកដែរ ជាពិសេសចង់ចំណុច អត្តចរិត ថាខ្លួនជាមនុស្សបែបណា គិតរួម គិតធំ លះបង់ ឬ គិតតូច គិតប្រយោជន៍ផ្ទាល់។ យើងត្រូវមានភាពសុចរិត ព្រោះវានឹងស្រូបទាញមនុស្សល្អៗជាច្រើនចូលមកក្នុងជីវិតយើងដូចគ្នា បើចំពោះជំនួញច្បាស់ជាបានទទួលការស្រលាញ់ និង គាំទ្រពីអតិថិជន។ ភាពសុចរិតនឹងធ្វើឱ្យមនុស្សល្អៗ ជួបតែមនុស្សល្អដូចគ្នា។

៦. ចេះទទួលការណែនាំពីអ្នកដ៏ទៃ ៖ នៅពេលដែលយើងព្រមបើកចិត្តអនុញ្ញាតឱ្យអ្នកដ៏ទៃធ្វើជាអ្នកណែនាំយើង ប្រៀបបានដូចជាយើងកំពុងជួបនឹងឃ្លាំងគំនិតមួយចឹង ដែលសំបូរទៅដោយមានគំនិតប្លែក អប់រំ ដំបូន្មាន ល្អៗជាច្រើន។

៧. បណ្ដុះឆន្ទៈអោយខ្ពស់ ៖ តើយើងពិតជាមានឆន្ទៈចំពោះក្ដីស្រមៃយើងទេ? តើយើងសុខចិត្តលះបង់នូវការសប្បាយផ្ទាល់ខ្លួន ដើម្បីកសាងក្ដីសុបិន្តរបស់យើងអោយបានសំរេចដែរឬទេ? តើយើងហ៊ានទទួលមតិការរិះគន់ស្ថាបនារបស់អ្នកដ៏ទៃដែរឬទេ? ទាំងអស់នេះគឺជាប់ទងនឹងខ្លួនយើងតែម្ដង ព្រោះភាពរីកចំរើនលូតលាស់ទាមទារអោយខ្លួនយើងផ្ទាល់មានឆន្ទៈខ្ពស់ ចិត្តមុះមុត និង ការយកចិត្តទុកដាក់ចំពោះភារកិច្ច។ យើងត្រូវតែមានឆន្ទៈដើម្បីហ៊ានដើរឆ្លងកាត់ការពិបាក និង យល់ពីតំលៃនៃភាពជោគជ័យ មុនពេលវាក្លាយជាពិត៕

អត្ថបទដោយ ៖ សីហា

ផ្ទាំងឃោសនាពាណិជ្ជកម្ម