វិធីសាស្រ្តបំបាត់ភាពភ័យខ្លាចមុនពេលបើកអាជីវកម្ម

1933

បង្កើតគំនិតបើកមុខរបររកស៊ីថ្មីអាចថាជារឿងដ៏ពិបាក ព្រោះបើសិនជាគ្រប់គ្នាសុទ្ធតែអាចគិតឃើញពីគំនិតរកស៊ីថ្មីៗបានភ្លាមៗ និងងាយស្រួល ម៉្លេះគ្មានអ្នកណានៅធ្វើការឱ្យគេរហូតមកដល់សព្វថ្ងៃនេះទេ ប៉ុន្តែក៏មិនមែនមានន័យថា មនុស្សគ្រប់រូបសុទ្ធតែចង់បើកមុខរបរដោយខ្លួនឯងនោះដែរ។

គំនិតក្នុងការបើកអាជីវកម្ម ពេលខ្លះត្រូវការការត្រិះរិះយូរ និងការស្រាវជ្រាវពត៌មានពាក់ព័ន្ធជាច្រើន។ ជួនកាលគំនិតក្នុងការបើកររបររកស៊ីហាក់ផុសចេញមកភ្លាមៗរហូតសឹងតែត្រៀមខ្លួនមិនទាន់។ ទោះជាយ៉ាងណា ការគិតរករបររកស៊ីថ្មីមួយ គឺមិនមែនជារឿងងាយស្រួលឡើយ។ វាអាស្រ័យទៅលើចំណង់ ការស្រមើស្រមៃ ឬ ក្តីសុបិន្ត ឆន្ទៈ បូករួមទាំងចំណេះដឹង សមត្ថភាព និងគំនិតច្នៃប្រឌិតដែលមនុស្សម្នាក់ៗមាន។

បើសិនជាអ្នកមានគំនិតចង់បើកអាជីវកម្មមួយដោយខ្លួនឯង ចំណុច ៣ សំខាន់នេះនិងជួយឱ្យជ្រះស្រឡះ៖

កុំគិតពីការប្រកួតប្រជែង

ការគិតអំពីការប្រកួតប្រជែង ឬ មានគូរប្រជែងប៉ុន្មាននាក់កំពុងរកស៊ីរបរដែលអ្នកចង់បើក គឺជាផ្នែកមួយដ៏ចាំបាច់ក្នុងការចាប់ផ្តើមអាជីពជំនួញ។ ប៉ុន្តែ អ្នកមិនត្រូវយកចិត្តទុកដាក់ពីការប្រជែងខ្លាំងពេក រហូតធ្វើឱ្យបាត់បង់គំនិតដ៏អស្ចារ្យរបស់អ្នកនោះទេ។ ផ្ទុយទៅវិញ អ្នកអាចឆ្លៀតឱកាសស៊ើបរកចំណុចខ្សោយរបស់គូរប្រជែង  និងព្យាយាមស្វែងរកអ្វីដែលពួកគេមិនមានក្នុងអាជីវកម្មប្រភេទដូចគ្នា។ អ្នកត្រូវជម្រុញខ្លួនឯងកុំឱ្យរារែកនិងការប្រកួតប្រជែងជាមួយអ្នកដទៃ ដើម្បីសម្រេចនូវអ្វីដែលជាក្តីប្រាថ្នារបស់អ្នក។ ភាពច្នៃប្រឌិត គឺជាគន្លឹះចម្បងសម្រាប់អ្នកដែលចង់បើករកស៊ីដែលមានគូរប្រជែងច្រើន។ បើទោះបីជាត្រូវធ្វើជំនួញមួយដូចគ្នានិងអ្នកដទៃក៏ដោយ អ្នកត្រូវធ្វើឱ្យខ្លួនឯងឱ្យមុតមាំថា អ្នកនឹងនាំមកនូវគំនិតច្នៃថ្មីសម្រាប់អតិថិជនរបស់អ្នក។ ចូរកុំសង្ស័យខ្លួនឯងនៅពេលចង់ចេញរកស៊ី តែអ្នកត្រូវតែធ្វើឱ្យខ្លួនឯងច្បាស់ថាអ្នកចង់ធ្វើវាប៉ុណ្ណា។

ខ្វះចំណេះដឹង

បន្ទាប់ពីមានគំនិតបើកអាជីវកម្ម ម្ចាស់អាជីវកម្មជាច្រើនចាប់ផ្តើមសង្ស័យពីចំណេះដឹង និងជំនាញរបស់ខ្លួន នៅមុនពេលចេញរកស៊ី។ ពួកគេបារម្ភថា តើពួកគេនឹងត្រូវការជំនាញអ្វីខ្លះ និងចំណេះដឹងកម្រិតណា ទើបអាចដំណើរការអាជីវកម្មនោះរួច? តើមុខរបររបស់ពួកគេអាចនឹងដួលរលំទេ? អ្វីខ្លះដែលជាហានិភ័យធ្វើឱ្យមុខជំនួញរបស់ពួកគេបរាជ័យ? ជាការពិតណាស់ ទាំងនេះមិនមែនជារឿងអាក្រក់ទេសម្រាប់អ្នកចង់បើកអាជីវកម្ម ដែលត្រូវដឹងពីកត្តាដែលនាំឱ្យខ្លួនឯងបរាជ័យ។

ផ្ទុយពីនេះ អ្នកត្រូវគិតបញ្ជ្រាស់មកវិញថា អ្នកមានជំនាញស្នូលមួយពិតប្រាកដ និងកម្រិតចំណេះដឹងសមល្មមនិងធ្វើវាបាន។ ដោយសារតែខ្វះលទ្ធភាព និងសមត្ថភាពរបស់អ្នកមានកំណត់ អ្នកប្រាកដជាត្រូវការមនុស្សមកជួយ។ ចំណុចនេះហើយដែលធ្វើឱ្យអ្នកអាចកាត់បន្ថយក្តីកង្វល់ចំពោះហានិភ័យដែលអាចនិងកើតមាន។ លើសពីនេះទៅទៀត អ្នកត្រូវផ្តោតលើគំនិតថា តើធ្វើយ៉ាងណាដើម្បីឱ្យអាជីវកម្មរបស់អ្នកទទួលជោគជ័យ? តើគួរចាប់ផ្តើមវាពីចំណុចណា កន្លែងណា និងពេលណា? តើអ្នកត្រូវការមនុស្សមានសក្តានុពលប៉ុន្មាននាក់ ដើម្បីរួមដំណើរជាមួយ? តើអ្វីដែលអាចឱ្យអ្នកផ្តួលគូរប្រជែងទាំងនោះបាន? ជាក់ស្តែង នៅមានសំណួរជាច្រើនទៀតដែលអ្នកត្រូវពិចារណា ប៉ុន្តែ សំណួរទាំងនេះនឹងបើកនូវលំហូរគំនិតរបស់អ្នក និងបន្ថែមកម្លាំងចិត្តដល់អ្នកក្នុងការរុករកយុទ្ធសាស្រ្តធ្វើអាជីវកម្មឱ្យសម្រេចជោគជ័យ។ សូមចងចាំថា បើអ្នកមិនចេះ ក៏យ៉ាងហោចណាស់ អ្នកក៏ចេះប្រើមនុស្សដទៃដែលគេចេះ។

មិនដឹងពីចំណុចចាប់ផ្តើម

មនុស្សជាច្រើនមានគំនិតធ្វើអាជីវកម្មល្អៗ ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមវាដោយរបៀបណា។ ដំណោះស្រាយគឺ៖

  1. ពិនិត្យមើលផលិតផល ឬ សេវាកម្មដែលអ្នកចង់ផ្តល់ឱ្យអតិថិជន
  2. ធ្វើការស្រាវជ្រាវទីផ្សារ
  3. វិភាគពីខ្លួនឯង និងគូរប្រជែង ឬ ធ្វើ SWOT Analysis (Strength ភាពខ្លាំង, Weakness ភាពខ្សោយ, Opportunity ឱកាស, Threat កត្តាគំរាមកំហែងដល់អាជីវកម្ម)
  4. កំណត់ពីអតិថិជនគោលដៅ
  5. សាកល្បងជ្រើសរើសទីតាំងដែលអ្នកចង់ចាប់ផ្តើម
  6. កំណត់ពេលវេលាដែលអ្នកចង់ចាប់ផ្តើម

បើសិនជាអ្នកនៅតែទាល់គំនិត អ្នកគួរតែរកដៃគូពិភាក្សា ឬ ទៅសុំការប្រឹក្សាយោបល់ជាមួយមនុស្សដែលមានបទពិសោធន៍និងអាចទុកចិត្តបាន។

ភាពភ័យខ្លាចក្នុងការចាប់ផ្តើមអាជីវកម្ម កើតមានស្ទើរគ្រប់ពេលដែលអ្នកផ្តោតទៅលើគូរប្រជែង។ បើអ្នកឃើញគូរប្រជែងកាន់តែធំ អ្នកគឺតែកាន់ប្រៀបធៀបមកខ្លួនឯង ហើយធ្វើឱ្យខ្លួនឯងមានអារម្មណ៍ស្ទាក់ស្ទើរ។ ជាការលើកទឹកចិត្ត សូមកុំគិតពីគូប្រកួតពេក ផ្តោតលើខ្លួនឯង ហើយជឿទៅថា បើអ្នកធ្វើបានល្អបំផុតហើយ អតិថិជននិងមករកអ្នក។ គ្មានអាជីវកម្មណាមិនចេះបរាជ័យនោះទេ។ ប៉ុន្តែ អ្នកត្រូវតែជឿជាក់លើទស្សនៈរបស់អ្នក និងអ្វីៗដែលអ្នកមាន។ គ្មានគំនិតណានឹងកើតចេញជារូបរាងឡើយ រហូតដល់មានមនុស្សធ្វើវា៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕